(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់យ៉ាងច្បាស់ថា អាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល ក្នុងចំណោមបណ្តាអាទិភាពសំខាន់ៗ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម គឺការបន្តផ្តោតការយកចិត្តទុកដាក់ ដល់ការលើកកម្ពស់ជីវភាព របស់មន្ត្រីរាជការគ្រប់ប្រភេទ ឲ្យកាន់តែប្រសើរឡើងជាលំដាប់ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា សម្រាប់ឆ្នាំ២០២០ និងរយៈពេលមធ្យមខាងមុខ បៀវត្សអប្បបរមា (ទាបបំផុត) សរុបប្រចាំខែររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធម្នាក់ៗ នឹងត្រូវបានគ្រោងឲ្យមានកំណើនជាមធ្យម ក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ ព្រមជាមួយនឹងការបន្តផ្តល់អាទិភាព លើការអនុវត្តគោលនយោបាយគាំពារសង្គម ទាំងផ្នែកប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម។

ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលលោកថ្លែងក្នុងសិក្ខាសាលាស្តីពីការឈ្វេងយល់អំពី ការកសាងក្របខ័ណ្ឌគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅវិមានរដ្ឋសភា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបន្តថា សភាពការណ៍រួមនាបច្ចុប្បន្ន និងទស្សនវិស័យសម្រាប់រយៈពេលមធ្យមទៅមុខតម្រូវឱ្យរាជរដ្ឋាភិបាល បន្តផ្តោតអាទិភាពនៃគោលនយោបាយសង្គម-សេដ្ឋកិច្ចរបស់ខ្លួនលើ៖

ទី១៖ការពង្រឹងភាពរឹងមាំ, ភាពធន់នឹងវិបត្តិ និង បរិយាប័ន្ននៃកំណើនសេដ្ឋកិច្ចពិសេស ការបង្កើនការងារសមរម្យជូនដល់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងប្រភពមូលដ្ឋានកំណើនដែលមានស្រាប់ផង និងការបង្កើតប្រភពកំណើនថ្មីបន្ថែមទៀតផង។

ទី២៖ ការពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ទ្ធរូបវ័ន្ត ដើម្បីបន្តលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន និង គាំទ្រដល់កំណើនសេដ្ឋកិច្ច។ ដើម្បីសម្រេចគោលដៅនេះ គ្រប់ស្ថាប័នរដ្ឋត្រូវប្រឹងប្រែងកាន់តែសកម្មឡើងថែមទៀត
តាមរយៈការសហការគ្នាជាធ្លុងមួយ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវបណ្ណាវិធានការកែទម្រង់មុតស្រួច និងស៊ីជម្រៅទងឡាយជាមួយនឹងឆន្ទៈនយោបាយប្តូរផ្តាច់ និងការទទួលខុសត្រូវខ្ពស់ សំដៅពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងពន្លឿនកិច្ចការកែទម្រង់ និងពង្រឹងសមត្ថភាពស្ថាប័នសាធារណៈ ឱ្យក្លាយជាប្រព័ន្ធរដ្ឋបាលសាធារណៈមួយ កាន់តែស្អាតស្អំ, កាន់តែឆ្លាតវៃ និងកាន់តែមានសមត្ថភាពខ្លាំងពូកែ ដើម្បីអាចដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច ដោយជោគជ័យ សម្រាប់ទ្រទ្រង់ដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងរយៈពេលវែងទៅមុខ។

អគ្គបណ្ឌិតសភាចារ្យបន្តថា រាជរដ្ឋាភិបាលបានត្រៀមនូវវិធានការ និងកញ្ចប់ថវិកាអន្តរាគម៍សម្រាប់ដោះស្រាយ និងទប់ទល់គ្រប់សភាពការណ៍ និងហានិភ័យនានាជាយថាហេតុ ដែលមិនត្រឹមតែសំដៅធានាឱ្យបាននូវ
សុខសន្តិភាព និងស្ថិរភាព ជារួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាចីរភាពកំណើនសេដ្ឋកិច្ចជាតិ ផងដែរ។

លោកបន្តថា ទាំងនេះ គឺជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ការបង្កើតការងារប្រកបដោយគុណភាព ជូនដល់ពលករកម្ពុជា ពិសេសជូនដល់ស្រទាប់យុវវ័យ, សម្រាប់ការបង្កើនចំណូល និងការលើកស្ទួយកម្រិតជីវភាព របស់ប្រជាជនទូទាំងប្រទេស ព្រមទាំងសម្រាប់ធានាឱ្យកម្ពុជា អាចឈានទៅសម្រេចបាននូវចក្ខុវិស័យ នៃការអភិវឌ្ឍវែងឆ្ងាយរបស់ខ្លួន ពោលគឺការសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២៣0 និងឋានៈជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២៥០៕