(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា ភីអ៊ិលស៊ី បានសហការជាមួយ ធនាគារ យូញៀនផេ អ៊ិនធើណាស់ណល (UnionPay International) ដើម្បីបោះផ្សាយប័ណ្ណឥណពន្ធ «អេស៊ីលីដាយូញៀនផេ» ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ជូនដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការទូទាត់ ទូទាំងពិភពលោក។

ជាក់ស្ដែង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ធនាគារអេស៊ីលីដា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ភាពជាដៃគូសហប្រតិបត្តិការអាជីវកម្ម ដែលមានការចូលរួមពី លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា និងលោក Yang Wenhui នាយកគ្រប់គ្រង UPI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំធ្វើឡើង នៅការិយាល័យកណ្ដាលរបស់ខ្លួន។

លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា តាមរយៈកិច្ចសហការនេះ អេស៊ីលីដា នឹងពង្រីកផលិតផល និងសេវាកម្មទូទាត់កាតដែលមានស្រាប់ ដើម្បីផ្តល់ជូនអតិថិជន នូវជម្រើសកាន់តែច្រើនថែមទៀត សម្រាប់វិធីទូទាត់ ងាយស្រួល និងសុវត្ថិភាព និងផ្តល់ជូននូវសេវាទូទាត់ ដែលមានអត្ថប្រយោជន៍ និងការផ្តល់ជូនផ្តាច់មុខជាច្រើន សម្រាប់ប្រចាំថ្ងៃលើការទិញទំនិញ និងការធ្វើដំណើរអន្តរជាតិ កាន់តែរហ័សបំផុត។

នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា រូបនេះ បានបន្ថែមទៀតថា កម្មវិធីទេសចរណ៍អាស៊ីអាគ្នេយ៍ អេស៊ីលីដា ដែលជាធនាគារមួយ ក្នុងចំណោមធនាគារចំនួន៧ ដែលចេញប័ណ្ណយូញៀនផេ នឹងជួយបន្ថែមការ ធ្វើមូលដ្ឋានីយកម្មរបស់ យូញៀនផេ នៅកម្ពុជា និងបង្កើនស្តង់ដារ នៃជម្រើសទូទាត់កាត ដែលមាននៅលើទីផ្សារ។

បើតាមលោក Yang Wennhui បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា កាត យូញៀនផេ ត្រូវបានគេប្រើប្រាស់ជាង៨០ភាគរយ នៃម៉ាស៊ីនអេធីអឹម និង៩០ភាគរយ នៃម៉ាស៊ីនឆូតកាត នៅទូទាំងប្រទេស។ ការចូលទីផ្សារ បានបន្តពង្រីកហើយ អតិថិជនកាន់តែច្រើនកំពុងប្រើប្រាស់ ដែលជាកាតជម្រើសដែលបង្ហាញថា យូញៀនផេ គឺជាវិធីទូទាត់ដ៏សំខាន់ សម្រាប់ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ទៀតថា ក្នុងភាពជាដៃគូ ជាមួយស្ថាប័នចំនួន២,០០០ នៅទូទាំងពិភពលោក យូញៀនផេ បានអនុញ្ញាតឲ្យមានការទទួលយកកាត នៅក្នុង១៧៤ប្រទេស និងតំបន់ដោយប័ណ្ណកាត សកលមានចំនួន៧,៥ពាន់លានប័ណ្ណ។

នាយកគ្រប់គ្រង UPI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ថា កិច្ចសហការប្រតិបត្តិការ រវាងធនាគារអេស៊ីលីដា និងធនាគារ យូញៀនផេ បានចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ក្នុងការផ្តល់សេវាកម្ម ទូទាត់លំដាប់ពិភពលោក សម្រាប់អតិថិជនទាំងពីរ នៃធនាគារ។

លោកថា បច្ចុប្បន្នស្ថាប័នទាំងពី ពង្រីកភាពជាដៃគូយូរអង្វែង និងបង្កើតកាតឥណពន្ធ ដើម្បីពង្រីកផលិតផលទូលំទូលាយ ដើម្បីផ្តល់ជូននូវជម្រើសកាន់តែច្រើនទៀត ជូនដល់អតិថិជនទាំងអស់ នៅទូទាំងប្រទេស៕