(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុថ្មី។

ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រី នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ យ៉ាងច្រើនកុះករ។

តាមប្រកាសស្ដីពី ការផ្ទេរសម្រួលភារកិច្ច មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លេខ២២៥ សក.បល.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ សម្រេចផ្ទេរសម្រួលភារកិច្ចលោក ណុប ហេង ក្របខណ្ឌក១.៥ ពី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រះសីហនុ ឲ្យមកបម្រើការងារ នៅទីស្ដីការក្រសួង ដើម្បីទទួលភារកិច្ចថ្មី។ ផ្ទេរសម្រួលភារកិច្ចលោក បូរី វង្សសានិត ក្របខណ្ឌ ក៣.១ ពីអនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។

លោក គួច ចំរើន បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុចាស់ កន្លងមកបានខិតខំអនុវត្តការងារ សម្រេចបាននូវ ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានា មានផ្លូវថ្នល់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ និងទឹកកខ្វក់បានល្អ។

លោកក៏បានស្នើប្រធានមន្ទីរសាធារណការខេត្តថ្មី ប្រកាន់ភ្ជាប់នូវសាមគ្គីជាធ្លុងមួយ សម្រេចបាននូវស្នាដៃធំៗបន្តទៀត និងអនុវត្តនូវអភិក្រមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរបន្ថែមទៀត គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ។

លោក គួច ចំរើន បានបន្តថា ប៉ុន្មានឆ្នាំចុង ក្រោយខេត្តព្រះសីហនុ ទទួលបានការអភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ជាហេតុធ្វើឲ្យខេត្តមានការរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ភាពរីកចម្រើន បានជំរុញឲ្យមានកំណើតប្រជាពលរដ្ឋ មកពីតាមបណ្ដាខេត្ត ក្រុងផ្សេងៗមកធ្វើការ និងប្រកបរបររកស៊ីទៅ តាមជំនាញ និងសមត្ថភាពដែលខ្លួនមាន។

បើតាមលោកខេត្តព្រះសីហនុ, ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ ក្នុងនោះ៥ កំពុងតែដំណើរការ ដែលមានរោងចក្រ សហគ្រាសតូច ធំសរុបចំនួន ២១០កន្លែង សិប្បកម្មចំនួន១,០៣៧កន្លែង និងអាជីវកម្មផ្សេងៗជាច្រើនទៀត បានស្រូបយកកម្លាំងពលកម្មប្រមាណជា៨១,៤៧៥នាក់ ក្នុងនោះ ស្រីមានប្រមាណជា៥០ភាគរយ។

លោកបានបន្តថា បច្ចុប្បន្នអ្នកវិនិយោគចិន ស្ថិតក្នុងលំដាប់លេខ១ ដែលមកធ្វើការវិនិយោគ រកស៊ីក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូនសំណង់ និងទេសចរណ៍។ ទន្ទឹមនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការរីក ចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ និងកំពុងដើរតួក្នុងការស្តុកផ្ទេរ និងដឹកជញ្ជូនទំនិញជាកុងតឺន័រចេញ ចូលក្នុងប្រទេសប្រមាណជា៧៣ភាគរយ ។

លោកបន្ដទៀតថា ខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ នាពេលបច្ចុប្បន្នកំពុងប្រតិបត្តិការ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១៤ ក្រុមហ៊ុនក្នុងស្រុក៥ក្រុមហ៊ុន (មានជើងហោះហើរ ៥ជើងក្នុងមួយថ្ងៃ) និងក្រុមហ៊ុនហោះហើរអន្តរជាតិ មាន៩ក្រុមហ៊ុន (ហោះហើរ២៥ជើង ក្នុងមួយថ្ងៃ) មានការហោះហើរជាអន្តរជាតិ ទៅកាន់ប្រទេសវៀតណាម, ម៉ាឡេស៊ី, ថៃ, ពិសេសប្រទេសចិន មានរហូត២៥ទីក្រុង។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានណែនាំដល់ប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី ត្រូវខិតខំបំពេញការងារ សហការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត អនុវត្តនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ និងគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើហេដ្ឋារចនា សម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិខិតបទដ្ឋាននានា តាមគោលការណ៍ក្រសួង និងតាមគណបញ្ជាការឯកភាពខេត្ត ឲ្យមានប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕