(ភ្នំពេញ)៖ SME Expo គឺជាការតាំងពិព័រណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ ដោយមានការចូលរួមពីសហគ្រាសធនតូច និងមធ្យមជាច្រើន ដែលនឹងបង្ហាញខ្លួនម្តងទៀត សម្រាប់រដូវកាលទី២ នៅក្នុងឆ្នាំ២០១៩នេះ ដោយធ្វើឡើងនៅផ្សារទំនើប អ៉ីអន សែនសុខ ជាន់ទី០៣ នៅថ្ងៃទី២០-២១ ខែកក្កដា ដោយទទួលស្វាគមន៍ភ្ញៀវទស្សនាប្រមាណជា ៤,០០០នាក់ និងដៃគូសហការតាំងពិព័រណ៍រាប់រយនាក់ផងដែរ។

គួររំឭកផងដែរថា កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ Korea Agro – Fisheries and Food Trade Corporation ក៏ត្រៀមខ្លួនរួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ប្រចាំឆ្នាំនេះ។ អ្វីដែលកាន់តែពិសេស ក៏មានការតាំងបង្ហាញផលិតផល ដែលមានគុណភាពល្អបំផុត ប្រចាំប្រទេសកូរ៉េ ដែលកំពុងតែមានវត្តមាន ក្នុងទីផ្សារដូចជា៖ Gingseng, Soymilk, Collagen and Chocostick អមដោយការដាក់សម្ពោធផ្លូវការ នូវផលិតផល Miracle K-foods ថ្មីផងដែរ ក្នុងនោះរួមមាន៖ Yuza, Sweet Potato Caramel, Baby snacks, Omija និងភេសជ្ជៈផ្សេងៗជាច្រើនទៀត។

លោកស្រី Chae Eun Kim ដែលជាអ្នកគ្រប់គ្រងទូទៅ AT (Korea Agro-Fisheries&Food Trade Corporation) ប្រចាំកម្ពុជា បានឲ្យដឹងថា លោកស្រីពិតជាមានមោទនភាព ក្នុងការចូលរួមព្រឹត្តិការណ៍ ដ៏សំខាន់នេះខ្លាំងណាស់។ លោកស្រីក៏បានបន្ថែមទៀតថា អាហារកូរ៉េ គឺពិតជាមានគុណប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាព ហើយយើងទាំងអស់គ្នាពិតជាចង់ណែនាំ អាហារដែលល្អបំផុតទាំងនោះ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែមានការរីកចម្រើន យ៉ាងខ្លាំងទាំងវិស័យឧស្សាហ៍កម្ម ចំណីអាហារ និងភេសជ្ជៈ។ ដូច្នេះប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវសុខភាពល្អ និងអាចសាកល្បងនូវអ្វីដែលថ្មីប្លែក។

លោកស្រី Chae Eun Kim បន្តថា ក្រៅពីកម្មវិធីសាកភ្លក់នូវផលិតផលដែលល្បី និងមានគុណភាពល្អរួចហើយ AT ក៏នឹងធ្វើការផ្តល់ជូនឱកាសថតរូបស្អាតៗ ដែលពុំធ្លាប់មានពីមុនមក នៅឯស្តង់ដោយផ្ទាល់ផងដែរ។ លើសពីនេះទៅទៀត ក្នុងព្រឹត្តិការណ៍ដ៏រំភើបភ្ញាក់ផ្អើលនេះ ក៏មានសំណួរចម្លើយសប្បាយៗជាច្រើន ជាមួយនឹងឱកាសឈ្នះនូវរង្វាន់ និងវត្ថុអនុស្សាវរីយ៍យ៉ាងច្រើនសម្បូរបែប។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ០៨យប់។ ដូច្នេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ និងកុំឱ្យរំលងព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះឱ្យសោះ៕