(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការទាំងអស់របស់ព្រឹទ្ធសភា នៃកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខគ្រួសារសពឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលលោកបានទទួលមរណភាពដោយជរាពាធ នាវេលាម៉ោង១៥៖៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦២ឆ្នាំ។

ក្នុងសាររំលែកទុក្ខនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស គឺជាការបាត់បង់ឥស្សរជនរបស់ជាតិដ៏ឆ្នើមមួយរូប ដែលបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិតដើម្បីបម្រើជាតិ មាតុភូមិដោយឥតនឿយហត់ និងបានចូលរួមយ៉ាងសកម្មបំផុតក្នុងការរំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ ដណ្តើមបានម កវិញនូវសុខសន្តិភាព ការពារសន្តិភាព ការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋកម្ពុជាគ្រប់វិនាទី។

សម្តេចវិបុលសេនាភក្តី ក៏បានសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយឧត្តមសេនីយ៍ឯក អ៊ុល ណាវី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕