(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានសម្តែងនូវសេចក្តីរន្ធត់ចិត្ត និងសោកស្តាយជាទីបំផុត បន្ទាប់ពីបានទទួលដំណឹងមរណ:ភាពរបស់លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលជាយុទ្ធមិត្តប្រកៀកស្មាដ៏អង់អាចក្លាហានក្នុងការពារបូរណភាពទឹកដីពេលមានជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលកន្លងទៅ។

ក្នុងសារលិខិតចូលរួមរំលែកមរណភាពទុក្ខផ្ញើលោកស្រី រឿង សុផានី ជាភារិយា និងក្រុមគ្រួសារបស់លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា មរណភាពរបស់លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី ជាការបាត់បង់ស្វាមី លោកឪពុក និងជីតាដ៏ល្អម្នាក់។

ជាមួយក្តីក្តុកក្តួលរំជួលចិត្តនៃការចាកឆ្ងាយគ្មានថ្ងៃត្រឡប់របស់យុទ្ធមិត្តលើសមរភូមិការពារទឹកដីនេះ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា មរណភាពនេះ ជាការបាត់បង់នាយទាហានជាន់ខ្ពស់ ជាយុទ្ធមិត្តដ៏អង់អាចក្លាហានម្នាក់ របស់កងយោធពលខេមភូមិន្ទ ដែលមួយជីវិតរបស់គាត់ បានខិតខំពុះពាររាល់ឧបសគ្គនានា និងបានធ្វេីពលិកម្មគ្រប់បែបយ៉ាង ចូលរួមយ៉ាងសកម្ម និងអង់អាចក្លាហានដេីម្បីសម្រេចរាល់ភារកិច្ចក្នុងបុព្វហេតុជាតិមាតុភូមិ។ ជាពិសេសក្នុងសមរភូមិព្រំដែនកម្ពុជា-ថៃកន្លងមក និងត្រូវបានយុទ្ធមិត្តចាត់ទុកជានាយទាហានគំរូ ជាមេបញ្ជាការដ៏ឆ្នេីមម្នាក់ ក្នុងនាមជាសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ។

លោក គន់ គីម បានរំលឹកទៀតថា លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី បានយកចិត្តទុកដាក់លេីការងារពង្រឹងមូលដ្ឋានដោយបានលះបង់ធនធានផ្ទាល់ខ្លួនជាច្រេីន ដេីម្បីជួយដល់មូលដ្ឋាន ហើយវីរភាពរបស់លោកមានច្រេីនណាស់មិនអាចរៀបរាប់អស់ទេ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា មរណភាពរបស់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី បានបន្សល់ទុកនូវគំរូវីរភាពដ៏អង់អាចក្លាហានសម្រាប់កងយោធពលខេមរភូមិន្ទនិយាយជារួម និងសម្រាប់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិព្រំដែនកម្ពុុជា-ថៃ និយាយដោយឡែក។

លោក គន់ គីម បានលើកឡើងថា រូបលោកផ្ទាល់ ក៏ដូចជាកងទ័ពទាំងអស់នឹងចងចាំនូវគំរូវីរភាពរបស់លោក អ៊ុល ណាវី។ «យេីងខ្ញុំ និងចងចាំជានិច្ចនូវវីរភាពរបស់ឯកឧត្ដម។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ដែលជាអតីតអនុប្រធានទី១ គណ:បញ្ជាការព្រំដែនកម្ពុជា-ថៃ ជាថ្មីម្តងទៀតខ្ញុំ សូមចូលរួមរំលែកមរណ:ទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុល ណាវី បានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡេីង»។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានទទួលមរណភាពនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយសារជំងឺគាំងបេះដូង។ សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហឋាន ស្ថិតក្នុងបុរីពិភពថ្មី វត្តសំរោងអណ្ដែត ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី គឺជាកងទ័ពមួយរូបដែលបានពលិកម្មកម្លាំងកាយចិត្តយ៉ាងច្រើនក្នុងបុព្វហេតុជាតិមាតុភូមិតាំងពីប្រទេសកម្ពុជាស្ថិតនៅកលិយុគនៃភ្លើងសង្គ្រាម ហើយបើទោះបីជាតិកម្ពុជាទទួលបានសុខសន្តិភាពលោកនៅតែបន្តរួមចំណែកយ៉ាងសកម្មជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី។ ជាពិសេសក្នុងពេលកម្ពុជារងការឈ្លានពានទឹកដីពីប្រទេសថៃកាលឆ្នាំ២០០៨ លោកជាកងទ័ពមួយដ៏អង់អាចក្លាហានមួយរូបឈរជើងការពារទឹកដីនៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ៕