(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង និងជាប្រធានគណៈកម្មាធិការ សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានថ្លែងថា ផ្អែកតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្ត កម្មវិធីសង្គមកិច្ច គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបែងចែកដីជូនគ្រួសារសរុប ៤៧៩ ១១៤ គ្រួសារ លើផ្ទៃដីសរុបទំហំ ១ ៣៤០ ៧៦៥,៤៧ ហិកតា។

លោកថ្លែងបែបនេះ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសលោកបានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មការ សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដោយមានការអញ្ជើញចូលរួមពី លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការ សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងសមាជិក សមាជិកា គណៈកម្មាធិការសម្បទានដី សង្គមកិច្ចថ្នាក់ជាតិ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានី ខេត្ត។

ក្នុងកិច្ចប្រជុំនេះ លោក ជា សុផារ៉ា បានឱ្យដឹងថា នេះគឺជាកិច្ចប្រជុំលើកទី១ បន្ទាប់ពីមានការផ្លាស់ប្តូរសមាភាពមួយចំនួន ក្នុងគណៈកម្មាធិការ។ ផ្អែកតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្ត កម្មវិធីសង្គមកិច្ច គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបែងចែកដីជូនគ្រួសារសរុប ៤៧៩ ១១៤ គ្រួសារ លើផ្ទៃដីសរុបទំហំ ១ ៣៤០ ៧៦៥,៤៧ ហិកតា និងបានសាងសង់ផ្ទះសរុបចំនួន ៦ ៦៩៩ខ្នង ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារកងទ័ព និងនគរបាលជាតិ តាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៉ីវិលទូទៅ។

អង្គប្រជុំបានដំណើរការទៅតាមរបៀបវារៈ ដែលបានគ្រោង និងបានឯកភាពលើគំនូរប្លង់ ស្ថាបត្យកម្មសម្រាប់សាងសង់ផ្ទះ ជូនគ្រួសារកងទ័ព នគរបាលជាតិនៅតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន ដែលជាប្រភេទផ្ទះប៉ិតម៉ូតខ្មែរទំហំ ៦,៥ ម X ៧,៣ ម សសរបេតុងអាម៉េនិង គ្រោងដែក ក្រាលស្មាតបត ជញ្ជាំងស្មាតបត ប្រក់ក្បឿងស៊ីម៉ង់ត៍) ដែលមិនជ្រាបទឹក និងធននឹងអគ្គិភ័យ។

អង្គប្រជុំក៏បានដាក់ចេញនូវទិសដៅចំនួន៤ ដើម្បីអនុវត្តសម្រាប់ឆ្នាំ ២០១៩ ដូចតទៅ៖

១៖ ពង្រឹងការគ្រប់គ្រងដីរក្សាទុកសម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ដោយប្រគល់ភារកិច្ចជូន គណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើការបោះបង្គោល កំណត់និយាមកា ចុះបញ្ជីដីរដ្ឋ និងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ ជូនអ្នករំលោភកាន់កាប់ដីដែលរក្សាទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ច។
២៖ បន្តធ្វើការសាងសង់ផ្ទះជូនគ្រួសារកងទ័ពនិងនគរបាលជាតិតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន។
៣៖ ជំរុញការផ្តល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិក ដែលបានរស់នៅ និងប្រើប្រាស់គ្រប់លក្ខខណ្ឌនៃសម្បទានដីសង្គមកិច្ច។
៤៖ បង្កើតក្រុមការងារដើម្បីចុះធ្វើបច្ចុប្បន្នភាពទីតាំងសម្បទានដីសង្គមកិច្ច និងត្រួតពិនិត្យការប្រើប្រាស់ដី។ និងផ្ទះដែលបានប្រគល់ដល់សម្បទានិកនៅតាមខេត្តគោលដៅ។ គណៈបញ្ជាការឯកភាពខេត្ត ត្រូវចេញបណ្ណកម្មសិទ្ធិ ជូនសម្បទានិកដែលបានរស់នៅ និងប្រើប្រាស់គ្របលក្ខណ្ឌ និងដកហូតដី និងផ្ទះត្រឡប់មកវិញ ក្នុងករណីការរស់នៅ និងប្រើប្រាស់មិនស្របតាមលក្ខខណ្ឌ នៃសម្បទានដីសង្គមកិច្ច ដើម្បីទុកប្រគល់ជូនមុខសញ្ញា សម្បទានិកថ្មី ដែលកំពុងត្រូវការពិតប្រាកដ។
៥៖ ជំរុញអនុវត្តបញ្ចប់ឱ្យបានជោគជ័យគម្រោង LASED II ក្រោមហិរញ្ញប្បទាន ធនាគារពិភពលោក និងរៀបចំឱ្យមានប្រសិទ្ធភាពនូវគម្រោង LASED III ដែលគ្រោងចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ លើផ្ទៃដីទំហំប្រមាណ ២៧ ០០០ហិកតា មាន ៣០ ទីតាំង សម្រាប់សម្បទានិកចំនួន ១៥ ០០០ គ្រួសារ ទៅ ១៦ ០០០ គ្រួសារ ស្ថិតនៅខេត្តគោលដៅចំនួន ៥ គឺ៖ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ធំ ក្នុងនោះ មានសហគមន៍ជនជាតិដើមភាគតិចចំនួន ១៨ ទីតាំង
៦៖ ដីដែលមិនមានជីវជាតិត្រូវរក្សាទុកសម្រាប់សង់លំនៅឋាន និងដីមានជីវជាតិទុកសម្រាប់ផ្តល់ជាដីធ្វើកសិកម្ម។

ឆ្លៀតក្នុងឱការនេះ លោក ជា សុផារ៉ា ក៏បានសំណូមពរក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តលើកផែនការផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ អគារសិក្សា មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈជាមូលដ្ឋានដទៃទៀត ក្នុងទីតាំងសម្បទានដីសង្គមកិច្ច ជួយជំរុញទាំងការងារយេនឌ័រ ការងារថែទាំសុខភាព និងចលនាសប្បុរសជន ឱ្យចូលរួមគាំទ្រការងារសាងសង់ផ្ទះ ជូនគ្រួសារកងទ័ព នគរបាលជាតិ នៅតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល៕