(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញទៅចូលរួមរំលែកទុក្ខដោយផ្ទាល់នៅ គេហដ្ឋាននៃសពឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ មេបញ្ជាការ បញ្ជាការដ្ឋាន ការពារអាកាសអគ្គបញ្ជាការ បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយជម្ងឺគាំង បេះដូង។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានថ្លែងថា មរណភាពរបស់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី ជាការបាត់បង់មេបញ្ជាការទ័ពជំនាញដ៏ឆ្នើមមួយរូបរបស់កងយោធពលខេមរភូមិន្ទដែលមាន ជំនាញការពារអាកាសច្បាស់លាស់ ចូលរួមគ្រប់សកម្មភាពប្រយុទ្ធធំទប់ស្កាត់ការវិលត្រឡប់ របស់របបប្រល័យពូជសាសន៍ប៉ុលពត ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុង ក្រោយនេះ បានចូលរួមជាមួយ គណៈបញ្ជាការសមរភូមិមុខទិសប្រាសាទព្រះវិហារ អនុវត្តបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយជោគជ័យ ក្នុងព្រឹត្តការណ៍ការពារតំបន់ប្រាសាទព្រះវិហារ ពីការឈ្លានពានរបស់ទ័ពបរទេស។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ក្នុងនាមអតីតៈប្រធានគណៈបញ្ជាការសមរភូមិ ក្នុងនាមសាកលវិទ្យាធិការរង នាយកស្ថាប័ន និស្សិតនិងសិក្ខាកាម សាកលវិទ្យាល័យការពារជាតិ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ រឿង សុផានី និងក្រុមគ្រួសារនៃសព ឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស និងសូមដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានទទួលមរណភាពនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយសារជំងឺគាំងបេះដូង។ សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហឋាន ស្ថិតក្នុងបុរីពិភពថ្មី វត្តសំរោងអណ្ដែត ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី គឺជាកងទ័ពមួយរូបដែលបានពលិកម្មកម្លាំងកាយចិត្តយ៉ាងច្រើនក្នុងបុព្វហេតុជាតិមាតុភូមិតាំងពីប្រទេសកម្ពុជាស្ថិតនៅកលិយុគនៃភ្លើងសង្គ្រាម ហើយបើទោះបីជាតិកម្ពុជាទទួលបានសុខសន្តិភាពលោកនៅតែបន្តរួមចំណែកយ៉ាងសកម្មជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី។ ជាពិសេសក្នុងពេលកម្ពុជារងការឈ្លានពានទឹកដីពីប្រទេសថៃកាលឆ្នាំ២០០៨ លោកជាកងទ័ពមួយដ៏អង់អាចក្លាហានមួយរូបឈរជើងការពារទឹកដីនៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ៕