(ភ្នំពេញ)៖ ពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា បានបន្ដឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៣៤,៦៧០ដុល្លារកាណាដា ដើម្បីបន្ដជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ដោយមានការណែនាំពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា បាននាំយកថវិកា ដែលបានមកពីការរៃអង្គាស ប្រគល់ជូនមូលនិធិគន្ធបុប្ផានៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

ថវិកាទាំងនេះត្រូវបាននាំយកទៅប្រគល់ជូនមូលនិធិគន្ធបុប្ផា ដោយលោក រិន វីរៈ និងក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា និងតំណាងបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសកាណាដាផ្ទាល់ បានប្រគល់ជូន លោកតំណាងមូលនិធិគន្ធបុប្ផា និងលោកវេជ្ជបណ្ឌិត Denis Laurence ប្រធានមន្ទីរពេទ្យគន្ធបុប្ផា។

ថវិកាទាំងនេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា ដឹកនាំដោយ លោក រិន វីរៈ ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា ក្នុងដំណើរទស្សកិច្ចជួបជាមួយបងប្អូនខ្មែរនៅទីនោះ កាលពីថ្ងៃទី២០ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកនេះ ដោយមានការណែនាំពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស។

សូមជម្រាបផងដែរថា បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកាណាដា តាមរយៈក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា ចាប់តាំងពីឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ននេះ បានចូលរួមជាថវិកា សម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួន ៩១,០២០ ដុល្លារកាណាដា និង៥៥០ដុល្លារអាមេរិក ជីកស្រះទឹក អណ្តូងទឹក សរុបថវិកា ២៥,៦៩៥ដុល្លារកាណាដា និង ១,៦២៥ ដុល្លារអាមេរិក កាកបាទក្រហមកម្ពុជា សរុបថវិកា ១,៧០០ដុល្លារកាណាដា និងជួយជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តព្រះសីហនុ ៩,២៥០ដុល្លារកាណាដា សរុបថវិកាទាំងអស់ចំនួន ១២៧,៦៦៥ ដុល្លារកាណាដា និង២,១៧៥ដុល្លារអាមេរិក ។

ជាមួយគ្នានោះ តំណាងមូលនិធិគន្ធបុប្ផា និងលោកវេជ្ជបណ្ឌិត Denis Laurence ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណដល់ លោក រិន វីរៈ ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសកាណាដា ដែលបានបរិច្ឆេទថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕