(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ សហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានរៀបចំវេទិកាសាធារណៈមួយនៅឃុំស្ពឺ (ក) ដោយមានតំណាងប្រជាពលរដ្ឋស្ទើរគ្រប់ខ្នងផ្ទះក្នុងភូមិទាំង១០ ចូលរួមប្រមាណ១០០០នាក់។

ខ្លឹមសារចំបងនៃពិធីជួបជុំនេះ ផ្តោតលើបញ្ហាសំខាន់ពីរដែលទាក់ទងដល់សណ្តាប់ធ្នាប់សាធារណៈ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈបំរើជីវភាពប្រជាពលរដ្ឋ។

បន្ទាប់ពីបានរំលឹកនូវសារៈសំខាន់នៃវេទិកាសាធារណៈ ដែលមានគោលដៅជំរុញអនុវត្តន៍ប្រកបដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរួចមក លោក ព្រុំ សុខា ប្រធានក្រុមការងារបានគូសបញ្ជាក់ អំពីវឌ្ឍនភាពរីកចំរើនឥតឈប់ឈរ របស់សង្គមជាតិក្នុងសុខសន្តិភាព ស្ថេរភាព ប្រជាធិបតេយ្យនិងនីតិរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

បន្តមកទៀត តំណាងប្រជាពលរដ្ឋបានលើកឡើង នូវសំណូមពរដំណោះស្រាយបញ្ហាមួយចំនួន ដែលកំពុងកើតឡើងនៅមូលដ្ឋានរួមមាន៖

* ទាក់ទងនឹងបញ្ហាសណ្តាប់ធ្នាប់សាធារណៈ បងប្អូនប្រជាពលរដ្ឋមើលឃើញច្បាស់កត្តាកំណត់សន្តិសុខ សុវត្ថិភាពស្ថេរភាពនៅមូលដ្ឋាន គឺផ្តើមចេញពីការចូលរួមយ៉ាងសកម្មរបស់ពួកគាត់ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការគោរពអនុវត្តន៍ត្រឹមត្រូវ តាមច្បាប់ជាធរមាន។

* ទាក់ទងដល់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ សំណូមពរទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋប្រមូលផ្តុំជុំវិញបញ្ហាជាអាទិ៍៖

- ការស្តារប្រឡាយទឹកពោធិ៍លោកដើម្បីបំរើកសិកម្ម ការបន្តភ្ជាប់បណ្តាញអគ្គិសនីដល់ភូមិដែលនៅសេសសល់ពីរទៀត (ស្ពឺខាងកើតនិងកាឡីខាងត្បូង)

- ការបង្កើនល្បឿនសេវាផ្តល់ឯកសារសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណពលរដ្ឋ ការដោះស្រាយទំនាស់តូចតាច របស់ពលរដ្ឋរស់នៅជិតខាងគ្នា។ល។

- ការបកស្រាយបំភ្លឺរបស់ក្រុមការងារ និងតំណាងសមត្ថកិច្ចជំនាញពាក់ព័ន្ធនានា រួមទាំងតំណាងអាជីវករឯកជន បានឆ្លើយតបនិងដោះស្រាយបានស្ទើរទាំងស្រុងចំពោះសំណើទាំងអស់ របស់ប្រជាពលរដ្ឋ ហើយចំពោះបញ្ហាសេសសល់ ត្រូវបានកត់ត្រាដើម្បីចំណាត់ការបន្តតាមនីតិវិធីសមស្រប។

ជារួម វេទិកាសាធារណៈខាងលើនេះ រវាងពលរដ្ឋនិងក្រុមការងារថ្នាក់ជាតិ ទទួលលទ្ធផលល្អប្រសើរ បង្កបាននូវបរិយាកាសសាមគ្គីរួមគ្នាដោះស្រាយបញ្ហានៅមូលដ្ឋាន ចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិដើម្បីអនាគតរុងរឿងរបស់មនុស្សជំនាន់នេះនិងជំនាន់ក្រោយទៀត៕