(ភ្នំពេញ)៖ យោងតាមការអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក» ដែលបានសិក្សាស្រាវជ្រាវ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងឆ្នាំ២០១៧ បានបង្ហាញថា និយោជកបានលើកឡើងអំពីកង្វះខាតជំនាញទន់ របស់សិស្សនិស្សិត និងអ្នកស្វែងរកការងារនៅពេលដាក់ពាក្យធ្វើការ និងអំឡុងពេលបំពេញការងារ។

ជំនាញទន់ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបំពេញបន្ថែមទៅនឹងជំនាញបច្ចេកទេស និងជំរុញលទ្ធភាពរបស់សិស្សនិស្សិត អ្នកស្វែងរកការងារ និងបុគ្កលិកក្រុមហ៊ុន ក្នុងការបំពេញការងារ កាន់តែមានប្រសិទ្ធភាព និងអាចរក្សា ការងារបានយូរអង្វែង។

យោងលើការស្រាវជ្រាវខាងលើ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) សម្រាប់សិស្ស/និស្សិត អ្នកកំពុងស្វែងការងារ និងបុគ្កលិកក្រុមហ៊ុន នៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ ចាប់ពីម៉ោង ០៨៖០០ - ១៧៖០០ល្ងាច នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សិស្ស/និស្សិត អ្នកស្វែងរកការងារ និងបុគ្កលិកក្រុមហ៊ុន អាចចុះឈ្មោះចូលរៀន ដោយមិនគិតថ្លៃនិងសួរព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕