(ភ្នំពេញ)៖ បញ្ហាប្រឈាមចំនួន៥ ត្រូវបានក្រុមការងារទី ១៣ «ផ្នែកសំណង់ និងអចលនទ្រព្យ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកយកមកដាក់ជូនឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយ ដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងលឿនរបស់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

បញ្ហាប្រឈមចំនួន៥នោះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំផ្នែកឯកជនលើកទី០១ នៃក្រុមការងារទី ១៣ «ផ្នែកសំណង់ និងអចលនទ្រព្យ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧកញ៉ា លី ហួរ សហប្រធានក្រុមការងារតំណាងវិស័យឯកជន និងជាប្រធានសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងបណ្ឌិត តាន់ មុន្នីវណ្ណ អនុសហប្រធានក្រុមការងារ និងលោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវត្តមានសមាជិកសមាជិកា របស់ក្រុមការងារ ព្រមទាំងមានវត្តមានប្រធាន ឬតំណាងមកពីបុរីលំនៅដ្ឋាន និងក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយសំភារៈសំណង់ ដែលកំពុងធ្វើអាជីវកម្ម និងកំពុងធ្វើការវិនិយោគពាក់ព័ន្ធលើវិស័យនេះសំខាន់ៗជាច្រើន។

បញ្ហាប្រឈមទាំង៥នោះរួមមាន៖ ១៖ បញ្ហាភាពយឺតយ៉ាវដោយសារកង្វះមន្រ្តីធ្វើការ, ២.បញ្ហាស្នើសុំច្រកចេញចូលតែមួយ, ៣. បញ្ហាបាត់បង់កន្លែងរំដោះប្រព័ន្ធទឹក និងប្រព័ន្ធអគ្គីសនី តាមបណ្តាដងផ្លូវជាតិមួយចំនួន, ៤. បញ្ហាការស្នើសុំច្បាប់សាងសង់ ៥. បញ្ហាការសុំអាជ្ងាប័ណ្ណលក់ និងបញ្ហាផ្សេងៗមួយចំនួន៕