(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានប្រកាសពីជ័យជម្នះនៃគណបក្ស ចម្រុះរបស់លោកនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនបានឈ្នះ សំឡេងភាគច្រើន ២ភាគ៣ ដើម្បីអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បែបសនិ្តនិយមបាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

សារព័ត៌មាន NHK បានបញ្ជាក់ទៀតថា គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់ លោក អាបេ នឹងគណបក្សជាដៃគូក្រុមចម្រុះ កូមេអ៊ីតុ (Komeito) ទទួលបានសំឡេងគាំទ្រ ១៤១ អាសនៈ ខណៈក្រុមគណបក្សប្រឆាំងទទួលបាន១០៤អសនៈ ក្នុងចំណោមអសនៈសរុប ២៤៥។

គួរជម្រាបថា សំឡេង ១៦៤អសនៈ ឬ ២ភាគ៣ គឺជាសំឡេងចាំបាច់នៅក្នុងសភាទាំងពីរ របស់ជប៉ុនក្នុងការដាក់ឱ្យសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្លាយទៅជាការធ្វើប្រជាមតិថ្នាក់ជាតិ។ តែទោះជាមិនបានទទួលបានសំឡេងភាគច្រើនដាច់ខាតនេះក៏ដោយ ក៏លោក អាបេ នៅតែអះអាងដដែលថា តាមរយៈជ័យជម្នះនេះបានបង្ហាញថា ប្រជាជនជប៉ុនចង់បានសេ្ថរភាពនយោបាយ ហើយវាក៏ផ្ដល់ឱ្យលោកផងដែរនូវអំណាចគាំទ្រនយោបាយ និងរបៀបវារៈការទូតរបស់លោក៕