(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានធ្វើការសន្និដ្ឋានថា ក្រោយបញ្ចប់ការសួរដេញដោលលើក្រុមជនត្រូវចោទ សាក្សី និងមន្ត្រីជំនាញ នគបាលយុត្តិធម៌រួចមក អយ្យការស្នើដល់ប្រធានក្រុមប្រឹក្សារជំនុំជម្រះ ទទួលពិចារណាលើបទចោទដែលអយ្យការបានចោទចំពោះឈ្មោះ ឡាយ វណ្ណៈ, ឈ្មោះ ឡាយ ណារិទ្ធ ពីបទឃាតកម្ម ចំណែកឈ្មោះ ម៉េន សាម៉ៃ និង ជឹម វុធ ចោទប្រកាន់ពីលាក់កំបាំងតម្រុយពោល គឺតំណាងអយ្យការនៅតែតម្កល់បទចោទដោយឥតកែប្រែ។

ក្រោយសវនការបានបញ្ចប់តុលាការ បានលើកយកសំណុំរឿងនេះទៅប្រកាសសាលក្រមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ខាងមុខ។

សូមបញ្ជាក់ថា ការសន្និដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សារជំនុំជម្រះ បានប្រកាសបន្តបើកអង្គសវនាការ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ លើសំណុំរឿងពិរុទ្ធជន ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវ, ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ និងគូកនពាក់ព័ន្ធសង្ស័យឃាតតកម្មលើរូ។ ការជំនុំជម្រះលើកនេះ ឈានដល់ដំណាក់ការសន្និដ្ឋានហើយ បន្ទាប់ពីតុលាការ ចំណាយពេលជាច្រើនក្នុងការ សួរដេញដោលលើក្រុមជនសង្ស័យ សាក្សី និងដើមបណ្តឹងរួចមក។

សវនាការនេះដែរដឹកនាំដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអង្គភាពព័ត៌មាន Fresh News បានដឹងនៅនេះ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ក្រុមឆ្មាំពន្ធនាគារបាននាំខ្លួនពិរុទ្ធជន ឡាយ វណ្ណ: ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ និងគូកន មកធ្វើការជំនុំជម្រះ សួរដេញដោលដោយផ្ទាល់បន្តទៀត។ បើតាមខ្លឹមសារបន្តនៃការជំនុំជម្រះនេះ គឺតុលាការត្រូវបន្តសួរដេញដោល ជាមួយក្រុមមន្ត្រីសមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យ របស់នគបាល នៃនាយកដ្ឋានព្រហ្មទណ្ឌ របស់ក្រសួងមហាផ្ទៃ ហើយនៅក្នុងសវនាការនេះផងដែរ គឺដឹកនាំដោយដោយ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារក្នុងអង្គជំនុំជម្រះ៕