(សៀមរាប)៖ ដោយមានការចង្អុលបង្ហាញរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ សំបូរ តុលា តំណាងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានបើកវគ្គបំប៉ន ជំនាញអន្តរាគមន៍ និងនីតិវិធីមន្រ្តីនគរបាលយុតិ្តធម៌ លើកទី២ ដល់នគរបាលទេសចរណ៍ចំនួន៧០នាក់។

មន្ដ្រីនគរបាលទេសចរណ៍ទាំងអស់នេះ មកពីខេត្តបន្ទាយមានជ័យ, ព្រះវិហារ, កំពង់ធំ, សៀមរាប និងខេត្តឧត្តរមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សំបូរ តុលា អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានលើកឡើងថា ការងារបំប៉ននេះ គឺជាការវិនិយោគមួយដើម្បីជៀសវាង ការមានកំហុសឆ្គង ដើម្បីដើរឲ្យទាន់របថនៃសង្គមនាពេលបច្ចុប្បន្ន។

លើសពីនេះ ក៏ត្រៀមបម្រុងសម្រាប់អនាគតផងដែរ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឲ្យមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការសង្គមក៏ដូចជា ការប្រើប្រាស់កម្លាំងឲ្យមានប្រសិទ្ធភាព មានវជ្ជាជីវៈ និងជំនាញច្បាស់លាស់ ដែលជាចក្ខុវិស័យរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ជាមួយគ្នានេះ លោកបានបន្ថែមថា សម្រាប់វគ្គបំប៉ននេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានធ្វើការផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីលើកកម្ពស់ សមត្ថភាពចំនេះដឹងជំនាញ និងសិក្សាអំពីច្បាប់ លិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ យកចិត្តទុកដាក់គោរពវិន័យ មានសាមគ្គីភាព ផ្តល់បទពិសោទឲ្យគ្នាទៅវិញទៅមក និងស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ស្អាតបាត តាមសេចក្តីណែនាំលេខ០១៩ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ៕