(ភ្នំពេញ)៖ ស្របពេលដែលកំណើនសេដ្ឋកិច្ច នៅកម្ពុជាមានការកើនឡើងជាង៧ភាគរយជារៀងរាល់ឆ្នាំនោះ អ្នកជំនាញក្នុងវិស័យរថយន្តរយៈពេល១៥ឆ្នាំបានបញ្ជាក់ថា និន្នាការនៃការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា កំពុងមានកំណើនគួរឲ្យកត់សម្គាល់ ជាក់ស្តែងនៅឆមាសទី១ ឆ្នាំ២០១៩ ការប្រើប្រាស់រថយន្តថ្មីកើនឡើង២០ភាគរយ។

លោក ឈាវ សុខឃា ប្រធានចាត់ការទូទៅក្រុមហ៊ុន Isuzu K (Cambodia) បានថ្លែងក្នុងកិច្ចសម្ភាសភ្ញៀវពិសេសប្រចាំសប្តាហ៍ របស់ទូរទស្សន៍ Fresh News ឲ្យដឹងថា ទីផ្សាររថយន្តថ្មីនៅកម្ពុជា សម្រាប់រយៈពេល២-៣ឆ្នាំកន្លងមកនេះ មានកំណើតគួរឲ្យកត់សម្គាល់ ដោយឆ្នាំ២០១៨ កើនឡើងប្រមាណ១២ភាគរយ ដោយឡែកសម្រាប់ការប្រើប្រាស់រថយន្តថ្មីនៅឆមាសទី១ ឆ្នាំ២០១៩ កើនឡើងប្រមាណ២០ភាគរយផងដែរ។

លោក ឈាវ សុខឃា បានបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងទៅ សម្រាប់ទីផ្សាររថយន្តថ្មីនៅកម្ពុជា លក់បានជាង៩,០០០គ្រឿង [គ្រប់ក្រុមហ៊ុននាំចូល] ក្នុងនោះមានប្រភេទរថយន្ត Pick-up ចំនួន៣,៦០០គ្រឿង។

លោកបញ្ជាក់ទៀតថា ចំពោះការប្រើប្រាស់រថយន្តជជុះ ឬហៅថារថយន្តមួយទឹកនៅកម្ពុជា នាឆ្នាំ២០១៨ មានចំនួនអ្នកប្រើប្រាស់រហូតទៅដល់៨៨ភាគរយ។ ចំណែកឯអ្នកប្រើប្រាប់រថយន្តថ្មីវិញ មានប្រមាណត្រឹមតែ១២ភាគរយប៉ុណ្ណោះ។

លោកបានលើកឡើងថា ការប្រើប្រាស់រថយន្តជជុះនៅកម្ពុជា មានចំនួនច្រើននៅឡើយ ក៏ព្រោះចំណូលរបស់គាត់។ ប៉ុន្តែយ៉ាងអ្នកជំនាញរូបនេះយល់ឃើញថា ស្ថានភាពកំណើនសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ប្រជាពលរដ្ឋកម្ពុជា នឹងបង្វែរមកប្រើប្រាស់រថយន្តថ្មីកាន់តែច្រើនឡើង។

ជាមួយគ្នានេះ លោក ឈាវ សុខឃា ក៏បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់រថយន្តទាំងអស់ ឲ្យគិតគូរងាកមកប្រើប្រាស់រថយន្តថ្មី ដោយសារថយន្តថ្មីវាអាចធានានូវការប្រើប្រាស់ គ្រឿងបន្លាស់ គុណភាព សុវត្ថិភាព និងសន្សំសំចៃខ្ពស់ លើការចំណាយដោយមិនចាំបាច់ត្រូវជួសជុលញឹកញាប់៕