(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តត្បូងឃ្មុំ បានទទូចឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាគោរពច្បាប់ចរាចរណ៍ ពិសេសលោកបានដាក់ផែនការអនុវត្ត ដល់សមត្ថកិច្ចតាមដងផ្លូវ ត្រូវឃាត់រាល់អ្នកដំណើរទាំងអស់ ដែលមិនពាក់មួកសុវត្ថិភាព ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។

លោកអភិបាលរងខេត្ត ថ្លែងថា នេះបើយោងតាមអនុសាសន៍សម្តេចក្រឡាហោម ស ខេង ដែលបានដាក់ទិសដៅផែនការគ្រប់រាជធានីខេត្តទាំង២៥ អនុវត្តន៍ឲ្យបាន ព្រោះថាមួកសុវត្ថិភាពមួយជីវិតមួយ។ ប៉ុន្តែមុននឹងចុះអនុវត្តន៍ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋបានដឹងជាមុន ព្រោះថាការចុះឃាត់តម្រូវឲ្យពាក់មួកសុវត្ថិភាពនេះ ក្នុងគោលដៅដាស់តឿនពួកគាត់ រាល់ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព ដើម្បីរក្សាអាយុជីវិតគាត់ និងអ្នកដំណើរទាំងអស់តែប៉ុណ្ណោះ។

លោក ហាក់ សុខមករា ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប ត្រួតពិនិត្យការងារសម្រេចបានកន្លងមក ក្នុងឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត របស់គណ:កម្មាធិការសុវត្ថិភាពចរាចរណ៍ខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីកងកម្លាំងទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនោះលោក ហាក់ សុខមករា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តឲ្យមានប្រសិទ្ធភាពរួមមាន៖

១៖ កំណត់គោលដៅ អនុវត្តត្រួតពិនិត្យអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព និងដាច់ខាតត្រូវតែមានមួកសុវត្ថិភាព រាល់ពេលបើកបរ
២៖ បន្តចុះផ្សព្វផ្សាយ បញ្ជ្រាបដល់ពលរដ្ឋតាមមូលដ្ឋាន ទាំង៧ក្រុងស្រុក ឲ្យបានយល់ដឹងពីច្បាប់ចរាចរ និងគ្រោះថ្នាក់នៃការបើកបរល្មើសច្បាប់ចរាចរ
៣៖ ចាប់ឃាត់ទាំងអស់ រាល់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលបើកបរលើដងផ្លូវ
៤៖ បន្តពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអ្នកបើកបរត្រូវអនុវត្តទៅតាមបច្ចេកទេស ពិសេសបើកបរប្រកបដោយក្រមសីលធម៌ ការយោគយល់អធ្យាស្រ័យគ្នា និងស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។

ក្នុងនាមជាអាណាព្យាបាលពលរដ្ឋ និងក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោក ហាក់ សុខមករា ក៏បានសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកដំណើរតាមផ្លូវថ្នល់ ត្រូវចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍»៕