(ព្រះវិហារ)៖ ថវិកាចំនួន២០,០០០ម៉ឺនដុល្លាររបស់មហាឧបាសិកា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នាំយកទៅប្រគេនព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ទុកសម្រាប់កសាងសមិទ្ធិផលនានា ក្នុងវត្តព្រះពុទ្ធមានជ័យ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអភិបាលខេត្តព្រះវិហារ ដឹកនាំមន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន៥ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ប្រាក់ សុវណ្ណ បានថ្លែងថា ថ្ងៃនេះរដ្ឋបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត បាននាំទៀនចំណាំងព្រះវស្សា និងទេយ្យវត្ថុព្រមទាំងបច្ច័យមួយចំនួន យកទៅប្រគេនព្រះសង្ឃចំនួន៥វត្ត។ ដោយក្នុង១វត្តទទួលបានទៀនព្រះវស្សា១គូ អង្ករ២បេ មី២កេស ទឹកសុទ្ធ២កេស និងបច្ច័យមួយ១០ម៉ឺនរៀល យាយជីតាជី៦០នាក់ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀលផងដេរ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះវិហារ បានជម្រាបជូនលោកយាយ លោកតា ប្រជាពលរដ្ឋថា មហាឧបាសិកាប៊ុន ស៊ាងលី ដែលជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហុ៊នសែន លោកមានសទ្ធាជ្រះថ្លា ក្នុងវិសយ័ព្រះពុទ្ធសាសនា លោកបានចូលរួមជាថវិកា សម្រាប់កសាងវត្តព្រះពុទ្ធមានជ័យ ក្នុងសង្កាត់ប៉ាលហាលចំនួន ២ម៉ឺនដុល្លារ។ ដោយឡែករដ្ឋបាលខេត្តព្រះវិហារ បានប្រមូលបច្ច័យពីសប្បុរសជន និងមន្ត្រីរាជការបានចំនួន ១,៤៥០ដុល្លារ និង១,២៤០,០០០រៀល៕