(ភ្នំពេញ)៖ មុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំម្នាក់ ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ដេញតាមបង្ក្រាបរហូតបង្ខំឲ្យមុខសញ្ញា ផ្ទុះអាវុធចំនួន៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ ក្បែរស្ថានទូតចិន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់នេះ ត្រូវបានកម្លាំងរបស់លោកតាមដាន អស់រយៈពេលប្រមាណមួយសប្ដាហ៍មកហើយ មុនឈានទៅដល់ការបង្ក្រាបជាក់ស្ដែង នៅល្ងាចម្សិលមិញ (ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩) ជាប់របងស្ថានទូតចិន ក្នុងខណ្ឌចំការមន ដោយដកហូតកាំភ្លើង K59 មួយដើម ម៉ូតូមួយគ្រឿង និងថ្នាំញៀន៣កញ្ចប់។

លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ បានបញ្ជាក់ថា ពេលដែលបង្ក្រាបនោះជនសង្ស័យបានដកកាំភ្លើងបាញ់២គ្រាប់ មកដល់សមត្ថកិច្ចរបស់លោក ប៉ុន្ដែមិនត្រូវ រួចជននេះបានរត់ទៅភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់ រួចបាញ់សម្ដៅជើងមួយគ្រាប់។ ភ្លាមៗនោះដោយមានការកិច្ចសហការពីអ្នករត់ម៉ូតូឌុប ក៏បានជួយចាប់ជនល្មើសនេះបានជាក់ស្ដែងតែម្ដង។

យោងតាមកាមេរ៉ាសុវត្ថិភាព នៅនឹងកន្លែងកើតហេតុបានបង្ហាញថា ពេលដែលចុះបង្ក្រាបមុខសញ្ញានោះ ជនល្មើសបានបើកម៉ូតូទៅបុកនឹងម៉ូតូរបស់អ្នកដំណើរ រួចហើយដកកាំភ្លើងធ្វើឲ្យម្នាក់ៗភ័យស្លន់ស្លោរត់យកតែរួចខ្លួន។ តែសំណាងល្អ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

បច្ចុប្បន្នមុខសញ្ញាចែកចាយគ្រឿងញៀនរូបនេះ ស្ថិតក្រោមការសួរនាំរបស់មន្ទីរ មុនបញ្ជូនទៅកាន់តុលាការ៕