(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខ រួមទាំងសមត្ថកិច្ច១៣ខណ្ឌទៀត សហការជាមួយការិយាល័យពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការដាក់គោលដៅសំខាន់ៗ ក្នុងមូលដ្ឋានខណ្ឌ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាពយ៉ាងតឹងរឹង។ វិធានរិតបន្តឹងនេះ ធ្វើឡើងបន្ទាប់ពីទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នាពេលថ្មីៗនេះ ។

ជាក់ស្ដែង នៅរសៀកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក វរៈសេនីយ៍ឯក ហូ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព ណែនាំឲ្យបើពាក់មួកសុវត្ថិភាពឲ្យបានទាំងអស់គ្នា តែបើមិនពាក់មួកសុវត្ថិភាពទេ សមត្ថកិច្ចនឹងឃាត់ទុកមិនឲ្យបន្តដំណើរទៅមុខ ទៀតឡើយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ទើបឲ្យបន្តដំណើរទៅមុនបន្ត។ យុទ្ធនាការនេះ មានរយៈពេលមួយខែ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ គឺមិនមានការផាកពិន័យជាទឹកប្រាក់ទេ ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ អធិការខណ្ឌទាំង១៤ រួមទាំងការិយាល័យដែលពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងណែនាំទាក់ទងទៅនិង២ករណីផ្សេងគ្នា ដូចខាងក្រោម៖

១៖ អ្នកបើក និងអ្នកជិះម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពជាប្រចាំ ទាំងពេលយប់ និងពេលថ្ងៃ បើមិនពាក់មួកសុវត្ថិភាពទេ សមត្ថកិច្ចនឹងឃាត់ទុកមិនឲ្យបន្តដំណើរទៅមុខ ទៀតឡើយ រហូតដល់ពេលគាត់ ទៅយកមួកសុវត្ថិភាពមកពាក់ ប៉ុន្តែរយៈពេលមួយខែ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ គឺមិនមានការផាកពិន័យឡើយ។

២៖ ចាប់ពីថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ តទៅ កម្លាំងចំរុះរបស់ការិយាល័យចរាចរណ៍ផ្លូវគោក សហការ ជាមួយកម្លាំងតាមបណ្តាខណ្ឌនានា និងធ្វើការត្រួតពិនិត្យជាប្រចាំ នៅគ្រប់ផ្លូវចេញចូលក្រុង ទៅលើអ្នកបើកបរ និងព្រូរថយន្តធំ ដើម្បីត្រួតពិនិត្យរកសារធាតុញៀន និងជាតិស្រវឹង បើរកឃើញកម្លាំង និងឃាត់រថយន្តទុក និងនាំខ្លួនអ្នកបើកបរ និងព្រូ យកទៅមជ្ឈមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀនសូមក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាសមាគមន៍អ្នកដឹកជញ្ជូនទាំងអស់ ចូលរួមសហការ ជាមួយសមត្ថកិច្ច ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាពខ្ពស់។

គួររំលឹកផងដែរ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បានថ្លែងថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលបើកបរ នឹងត្រូវឃាត់ មិនឲ្យធ្វើដំណើរទៅមុខ ទាល់តែទាក់ទងរកមួក សុវត្ថិភាពមកពាក់សិន ទើបអនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្ត៕