(ភ្នំពេញ)៖ ក្រសួងការបរទេសចិន លោក Geng Shuang អ្នកនាំពាក្យក្រសួងនេះ បានប្រាប់ទៅកាន់ សារព័ត៌មានសហរដ្ឋអាមេរិកថា កុំឱ្យបកស្រាយលើសពីការពិត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងចិន-កម្ពុជា។
តាមរយៈសំណួរ-ចម្លើយ នៅក្នុងសន្និសិទកាសែត ដែលបង្ហោះលើគេហទំព័រក្រសួងការបរទេសចិន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោក Geng Shuang ត្រូវបានចោទសួរថា៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីម្សិលមិញ បានចុះផ្សាយថាចិននឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា នៅក្រោមកិច្ចព្រមព្រៀងជាសំងាត់ មួយរបស់ប្រទេសទាំងពីរ? តើអ្នកយល់យ៉ាងណាដែរចំពោះរឿងនេះ?
អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបយ៉ាងដូច្នេះថា៖ «តាមខ្ញុំដឹងភាគីកម្ពុជាបានបដិសេធការចុះផ្សាយបែបនេះ។ ជាលក្ខណៈមិត្តជិតខាង ចិន និងកម្ពុជា បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៅទូទាំងប្រទេស។ កិច្ចសហប្រតិបត្តិការរបស់យើងគឺធ្វើឡើងដោយបើកចំហ តម្លាភាព ស្មើភាព និងផ្ដល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ យើងសង្ឃឹមថា រឿងបែបនេះនឹងមិនត្រូវបានបកស្រាយបំផ្លើសលើសពីការពិតនោះទេ»។
សូមបញ្ជាក់ថា សារព័ត៌មានបរទេសមួយចំនួនក្នុងនោះមានទាំង VOA ផងបានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យ ភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អះអាងច្បាស់ៗបន្តថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»៕