(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ មានចំនួន ៦,១០៦.១៧ប៊ីលានរៀល ស្មើនឹងប្រមាណ ១,៥២៦.៥៤លានដុល្លារអាមេរិក កើនឡើង២៨.៩៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
កិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងសមិទ្ធផលឆមាសទី១ ឆ្នាំ២០១៩ លោក គង់ វិបុល បានកត់សម្គាល់ថា តាមរយៈការដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយកដ្ឋានពន្ធដារ (E-VAT Refund) បានបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង ប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេចវេះកេងបន្លំប្រាក់ពន្ធ ដែលជាលទ្ធផលរយៈពេល ០៦ខែ ឆ្នាំ២០១៩ ចំណូលអាករលើតម្លៃបន្ថែមកើនឡើង ៣៦.៦២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងបានថ្លែងកោតសរសើរ និងផ្តល់មូលវាចារណ៍ថ្លៃថ្លា ចំពោះសមិទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមិថុនា និងឆមាសទី១ ឆ្នាំ២០១៩ នេះ។
សម្រាប់ឆ្នាំ២០១៩នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅការប្រមូលចំណូលពន្ធគ្រប់ តាមផែនការច្បាប់កំណត់ និងឈានទៅសម្រេចលើសផែនការ ឱ្យបានជាអតិបរិមានោះ អគ្គបណ្ឌិតសភាចារ្យ បានគាំទ្រអគ្គនាយកដ្ឋានពន្ធដារ បន្តបេសកកម្មរបស់ខ្លួន និងផ្តល់អនុសាសន៍ណែនាំ លើវិធានការ និងទិសដៅត្រូវអនុវត្តបន្តដូចខាងក្រោម៖
* បន្តតាមដានវឌ្ឍនភាព និងអនុវត្តវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដោយរៀបចំវិធាននិងនីតិវិធីលម្អិតដើម្បីអនុវត្ត, តាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្ត, និងរៀបចំស្នើនូវវិធានការបន្ថែម ក្នុងករណីចាំបាច់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងកែលម្អចន្លោះខ្វះខាតក្នុងការអនុវត្ត។
* រៀបចំធ្វើបច្ចុប្បន្នភាព និងសិក្សារៀបចំបន្ថែម នូវបទប្បញ្ញត្តិស្ដីពន្ធដារ សម្រាប់គំាទ្រដល់ការអនុវត្តអនុក្រឹត្យ នៃការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីធានានូវប្រសិទ្ធិភាព នៃការលើកទឹកចិត្តផ្នែកពន្ធដារ ជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពង្រឹងនិងជំរុញការកាន់បញ្ជិការគណនេយ្យ ព្រមទាំងបន្តផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបដល់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ។
* ពិនិត្យ និងសិក្សាលើការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងការជំរុញនិងទាក់ទាញការវិនិយោគនៅកម្ពុជា ដើម្បីជាធាតុចូលលើសេចក្តីព្រាងច្បាប់វិនិយោគថ្មី។
* សម្រាប់ទិដ្ឋភាពការងារ និងកិច្ចសហប្រតិបត្តិការនានា៖ (១) ជំរុញនិងបង្កើនប្រសិទ្ធិភាព នៃការផ្លាស់ប្តូរព័ត៌មាន ក្នុងចំណោមអង្គភាពឬស្ថាប័នរដ្ឋពាក់ព័ន្ធ, (២) បន្តយកចិត្តទុកដាក់ការចចារកិច្ចព្រមព្រៀង នៃការចៀសវាងការយកពន្ធត្រួតគ្នា, (៣) ពិនិត្យនិងពង្រឹងការគ្រប់គ្រង ប្រមូលពន្ធលើវិស័យអចលនទ្រព្យ, (៤) ពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដោយកាត់បន្ថយឱ្យបានជាអតិបរមា នូវបញ្ហាកកស្ទះ និងអសកម្មនានា, និង (៥) ជំរុញការប្រមូលចំណូលពន្ធ ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានពន្ធដារ លើរាល់សហគ្រាស និងអាជីវកម្មដែលជ្រកក្រោមស្លាកយីហោកាស៊ីណូ ដែលមិនបានមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងមិនបានបង់ពន្ធស្របតាមច្បាប់កំណត់។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើបន្ថែមដល់ ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់លំដាប់ត្រូវប្រកាន់ខ្ជាប់នូវបាវចនា-គោលការណ៍ រួមក្នុងការបំពេញការងារក្នុងនោះ (១) កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធ ចូលក្នុងប្រព័ន្ធរួមមួយ (២) ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួល ក្នុងការបង់ពន្ធ (៣) រៀបចំប្រព័ន្ធការងារឱ្យលំបាក សម្រាប់ការគេចវេះពន្ធ និង (៤) ធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព មានសមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម៕