(ត្បូងឃ្មុំ)៖ កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តត្បូងឃ្មុំ ដែលសាងសង់ដោយក្រុមហ៊ុនចិន និងត្រួតពិនិត្យគុណភាពដោយក្រុមរបស់កូរ៉េខាងត្បូង បានរកឃើញមានបញ្ហាជាច្រើនលើការសាងសង់។ សាងសង់ដកដៃមិនទាន់បានប៉ុន្មានខែផង កន្លែងខ្លះបានរងការប្រេះកៅស៊ូ ឡើងស្រកានាគ ហើយត្រូវប៉ះ និងជួសជុលជាច្រើនកន្លែង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះពិនិត្យដោយផ្ទាល់លើការសាងសង់។ លោក ស៊ុន ចាន់ថុល បាននាំមន្ត្រីជិះកង់ជាច្រើនគីឡូម៉ែត្រពិនិត្យស្ថានភាពផ្លូវកំពុងរងការខូចខាត ដោយមានការចូលរួមពីខាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីមកពីធានាគារពិភពលោក ដែលជាអ្នកផ្តល់ប្រាក់កម្ចីសាងសង់កំណាត់ផ្លូវនេះផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ បានសម្តែងការមិនពេញចិត្ត និងមិនសប្បាយចិត្តនោះឡើយ នៅពេលរកឃើញថា ផ្លូវដែលសងសង់ក្នុងកម្រិត AC មួយនេះ រងការខូចខាតជាច្រើនកន្លែងទាំងការសាងសង់មិនទាន់រួចរាល់ផងនោះ។
លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា បញ្ហាផ្លូវដែលខូចនេះបណ្តាលមកពីបញ្ហាបច្ចេកទេសក្រុមហ៊ុនសាងសង់មិនបានត្រឹមត្រូវ ដូចជា ការចាក់កៅស៊ូកម្រិត AC មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ការប្រេះស្រកានាគមកពីការលាយបេតុងកៅស៊ូមិនបានត្រឹមត្រូវ ឬអាចមកពីពេលចាក់កៅស៊ូកម្តៅមិនគ្រប់គ្រាន់តាមបច្ចេកទេសជាដើម។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនពិនិត្យបច្ចេកទេសពិនិត្យកែលំអឡើងវិញនៅចំណុចដែលរងការខូចខាតនោះ។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ប្រាប់ទៅក្រុមហ៊ុនថា រូបលោកផ្ទាល់ និងប្រជាពលរដ្ឋមិនចង់បានអាវថ្មី តែបែរជាមានសុទ្ធតែបំណះនោះឡើយ។
លោក ស៊ុន ចាន់ថុល បានថ្លែងទៅកាន់ក្រុមហ៊ុនសាងសង់ផ្លូវថា ការធ្វើផ្លូវមិនបានល្អប្រសើរនេះ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់កិត្តិយសរបស់កម្ពុជា ក៏ដូចជារដ្ឋាភិបាលចិនផងដែរ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសថា ក្រសួងសាធារណការអាចនឹងមានវិធានការតឹងរឹងចំពោះក្រុមហ៊ុនទាំងឡាយ ដែលសាងសង់ផ្លូវមិនសូវមានគុណភាព ដោយស្នើទៅរដ្ឋាភិបាលចិនត និងម្ចាស់កម្ចីទទៃទៀត មិនអនុញ្ញាតឱ្យពួកេគចូលរួមដេញថ្លៃធ្វើផ្លូវទៀតនោះឡើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ និងមន្ត្រីរបស់ក្រសួងពិនិត្យឱ្យបានដិតដល់ទៅលើការសាង់ ដើម្បីទទួលបានគុណភាពមួយល្អប្រសើរ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧ មានប្រវែងជាង ៤៦០គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៦ (PK ៧៥+០០០) ភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឆ្លងកាត់ខេត្តត្បូងឃ្មុំ ក្រចេះ រហូតទៅដល់ត្រពាំងគ្រៀល (ព្រំដែនកម្ពុជា-ឡាវ) ក្នុងខេត្តស្ទឹងត្រែង។ ក្នុងនោះផ្លូវប្រវែងជាង ២៧៥គីឡូម៉ែត្រ ត្រូវបានជួសជុលធ្វើឲ្យប្រសើរឡើងវិញ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរជាតិប្រមាណ ៦៩.៨២លានដុល្លារអាមេរិក។
ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦-៣០០ ជាគម្រោងសាងសង់ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ក្នុងទឹកប្រាក់ជាង ៣៦លានដុល្លាររអាមេរិក និងចាប់ពីបង្គោលគីឡូម៉ែត្រលេខ ៣៣២,១២៥ -៤២៤,៦៩០ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ចំនួនជាង ៣៣លានដុល្លារអាមេរិក៕