(កំពង់ស្ពឺ)៖ នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារី សោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឱរ៉ាល់ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដើម្បីជួយសម្រាលការ លំបាកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២៩១គ្រួសារ ដែលកំពុងរស់នៅលេីដី សម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ ហើយសម្ដេចតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតពិតប្រាកដ ដែលត្រូវការឱ្យជួយជាចាំបាច់។
ជាមួយនឹងការគិតគូរជួយសម្រាលការលំបាកក្នុងជីវភាព និងការលេីកទឹកចិត្តឱ្យខិតខំបង្កបង្កេីនផលលេីកកម្ពស់ជីវភាពគ្រួសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថែមទាំងបានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ គិតគូរពីបញ្ហាសុខភាព អនាម័យ ពិសា ទឹកដាំឆ្អិន បរិភោគស្អាត និងបង្ការ-ទប់ស្កាត់ជំងឺគ្រុនឈាម -គ្រុនចាញ់។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងទៅសម្រាលកូន នៅមណ្ឌលសុខភាព ដែលនៅជិតបំផុត។ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពី សុវត្ថិភាពរាល់ពេលធ្វេីដំណេីរ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាអាទិភាពកេីតមានរាល់ថ្ងៃនេះ និងចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព ដោយជៀសវាងការប្រេីប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ។
បន្ទាប់ពីបញ្ចប់បកម្មវិធីខាងលេីរួចមក ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខដល់គេហដ្ឋាន និងផ្តល់អំណោយជូនដល់ចាស់ឥតទីពឹង និងពិការចំនួន ៣គ្រួសារ ដែលរស់នៅក្នុងឃុំរស្មីសាមគ្គីនោះផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត ) និងថវិកា ចំនួន២ម៉ឺនរៀល។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភក្នុងម្នាក់ៗ នំប៉័ង១ដេីម និងទឹកសុទ្ធ១ដប។ ជាមួយគ្នានោះ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា ក៏បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តធម្មត្រ័យផងដែរ៕