(ស្ទឹងត្រែង)៖ មន្ដ្រីយោធា២នាក់ ដែលធ្លាក់ចូលទឹកគួចខ្លាំងយកទៅបាត់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនោះ ត្រូវសមត្ថកិច្ចរកឃើញទាំងពីរនាក់ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលអណ្ដែតទៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ពោលនៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា សពមន្ដ្រីយោធាម្នាក់ ត្រូវបានប្រទះឃើញនៅវេលាម៉ោង០៧៖៤១នាទីព្រឹកនេះ ដែលមានឈ្មោះ សុខ សុវណ្ណឌី ជាអ្នកជិះពីក្រោយ និងមានជំងឺគ្រុនចាញ់ ហើយរហូតមកដល់ម៉ោងជាង៨ព្រឹកនេះ សពម្នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចរកឃើញដូចគ្នា ដែលមានចម្ងាយ៥០០ម៉ែត្រពីសពដែលរកឃើញដំបូង។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបន្ថែមថា សពជនរងគ្រោះដែលរកឃើញដំបូង ត្រូវបានយកឡើងលើគោកហើយ ដោយមានក្រុមគ្រួសារ និងសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ។ ដោយឡែក សពជនរងគ្រោះទី២ ដែលជាអ្នកឌុបនោះ មិនទាន់យកឡើងលើគោកបាននៅឡើយទេ ពោលតម្រូវឲ្យដាក់ទូកអូសសពចេញមកសិន ដោយសារស្ថានភាពទីតាំងមានការលំបាក។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ដូចគ្នាផងដែរថា សពមន្ដ្រីយោធាទាំងពីរនាក់ត្រូវបានរកឃើញ ហើយត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋសហការគ្នា ទាញឡើងយកមកលើគោក ដើម្បី ធ្វើការពិនិត្យ និងបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី។
សូមជម្រាបថា មន្រ្តីយោធាខ្មែរ២រូប ដែលឈរជើងការពារទឹកដីនៅតំបន់ព្រំដែនអូរអាឡៃ ក្នុងស្រុកសៀមបាង ខេត្តស្ទឹងត្រែង កន្លែងដែលទ័ពឡាវធ្លាប់ចូលកាន់កាប់ ត្រូវបានទឹកហូរកួចយកទៅបាត់ពេលពួកគេកំពុងធ្វើដំណើរ ទៅព្យាបាលជំងឺគ្រុនចាញ់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។
យុទ្ធជនទាំងពីររូបដែលជួបគ្រោះអកុសលនេះ មានឈ្មោះ សុខ សុវណ្ណឌី និងឈ្មោះ ភី នីដាលិ។ ពួកគេបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។ យុទ្ធជនទាំងពីររូបជាកងទ័ព ដែលទើបនឹងប្រឡងជាប់ចូលបម្រើកងទ័ព កាលពីឆ្នាំ២០១៨។
យោងតាមមន្ដ្រីយោធា នៃយោធភូមិភាគទី១ ជនរងគ្រោះឈ្មោះ ភីនី ដាលិ មានតួនាទីជា នាយក្រុមស៊ើបការណ៍ មានស្រុកកំណើតនៅផ្សារតានី ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត និងម្នាក់ទៀតឈ្មោះ សុខ សុវណ្ណឌី មានស្រុកកំណើតនៅភូមិកោះតាកូវ ឃុំឫស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។
គ្រាដែលព័ត៌មាន នៃគ្រោះអកុសលរបស់យុទ្ធជនខ្មែរទាំងពីររូបកំពុងទទួលបានការអានិតអាសូរខ្លាំងពីមហាជននោះ អង្គភាពព័ត៌មាន Fresh News និងសមាជិកគ្រុបតេឡេក្រាម «CPP Win 125» ក៏បានផ្តួចផ្តើមគំនិតគ្នារៃអង្គាសថវិកា ដើម្បីជួយដល់ក្រុមគ្រួសាររបស់យុទ្ធជនទាំងពីររូប។ ការរៃអង្គាសថវិកានេះ ក្នុងគោលបំណងចូលរួមរំលែកការលំបាករបស់គ្រួសាររបស់យុទ្ធជនទាំងពីររូប ហើយជាការគោរពដល់វីរភាពរបស់កងទ័ពវ័យក្មេងទាំងពីរ ដែលពួកគេបានស្ម័គ្រចិត្តចូលបម្រើកងទ័ពលះបង់សេចក្តីសុខរបស់ខ្លួនហ្វឹកហាត់ រស់នៅក្នុងព្រៃ ដើម្បីការពារទឹកដីរបស់ខ្មែរ។
លោក លឹម ជាវុត្ថា ស្ថាបនិក និងអគ្គនាយកអង្គភាពព័ត៌មាន Fresh News និងសមាជិកក្នុងគ្រុបតេឡេក្រាម «CPP Win 125» បានលើកឡើងថា ប្រសិនបើគ្រោះអកុសលនេះ ធ្វើឱ្យបាត់បង់ដល់ជីវិតរបស់យុទ្ធជនទាំងពីររូបនេះពិតមែននោះ ជាការបាត់បង់កងទ័ពកម្ពុជាពីររូបដ៏អង់អាចក្លាហាន បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពការពារជាតិ និងទឹកដី ដែលជាកាយវិការមួយដ៏គួរឱ្យគោរពស្ញប់ស្ញែង។
សម្បុរជនដែលមានសណ្តានចិត្តចូលរួមជួយរំលែកនូវការលំបាករបស់គ្រួសារយុទ្ធជនទាំងពីររូប អាចចូលរួមតាមគណនេយ្យ ABA: 000281016, Wing: 01753214។ Tel: 012 252522៕