(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរិះគន់ខ្លាំងទៅកាន់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដោយហៅថា «អ្នកយកព័ត៌មានចងមុង» ចំពោះការផ្សាយបំភ្លៃថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកពេលអង្គប្រជុំគណៈរដ្ឋមន្ត្រី ដែលគ្រោងធ្វើនៅព្រឹកថ្ងៃសុក្រនេះ ដោយសារជូនចៅឡើងយន្តហោះ។
លោក ខៀវ កាញារីទ្ធ បានប្រតិកម្មថា សម្តេចតេជោ ហ៊ុន សែន ជូនចៅឡើងយន្តហោះ ពេលល្ងាចថ្ងៃសុក្រ ឯគណៈរដ្ឋមន្ត្រីប្រជុំព្រឹកថ្ងៃសុក្រសោះ បែរជាអ្នកយកព័ត៌មាននោះស្រែកថា គ្រាន់តែជូនចៅសោះ ក៏ត្រូវលើកអង្គប្រជុំគណៈរដ្ឋមន្ត្រីដែរ។
តាមរយៈ Facebook របស់ខ្លួន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ខៀវ កញ្ញារីទ្ធ ក៏បានឆ្លៀតបានឆ្លៀតហៅអ្នកយកព័ត៌មាន របស់វិទ្យុអាស៉ីសេរីថា ជាអ្នកយកព័ត៌មានក្នុងមុង។ លោកថ្លែងថា អ្នកយកព័ត៌មានក្នុងមុងដូចនេះ ត្រូវតែប្រឹងរកព័ត៌មាន បើគ្មានព័ត៌មានក៏ត្រូវតែតែងព័ត៌មានដែរ ខុសពីព័ត៌មានវិជ្ជាជីវៈ។
ប្រតិកម្មរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៉ីសេរី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ បានផ្សាយថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែកក្កដា បានជូនដំណើរចៅស្រីច្បង ត្រឡប់ទៅសិក្សានៅប្រទេសក្រៅវិញ ដោយសុខចិត្តលើកពេលកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ទៅពេលក្រោយទៀត។
លោក ខៀវ កញ្ញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេច ហ៊ុន សែន ជូនចៅឡើងយន្តហោះពេលល្ងាចថ្ងៃសុក្រ ក្នុងពេលដែលធម្មតាគណៈរដ្ឋមន្ត្រី ប្រជុំថ្ងៃសុក្រព្រឹកសោះ បែរជាអ្នកកាសែតយកព័ត៌មានពីក្នុងមុងស្រែកថា គ្រាន់តែជូនចៅត្រូវលើក អង្គប្រជុំគណៈរដ្ឋមន្ត្រី»។
លោកបន្តថា «ចេះស្រែកអញ្ចឹងទៅកើត? ហើយចេះតែមានអ្នកជឿទៅទៀត? ម្យ៉ាងទៀត មិនមែនឱ្យតែរាល់ថ្ងៃសុក្រ គណៈរដ្ឋមន្ត្រីត្រូវតែមកប្រជុំនោះដែរ បើសិនជាគ្មានគម្រោងការងារ ត្រូវសុំការឯកភាពរបស់រដ្ឋាភិបាលទាំងមូល។ អ្នកកាសែតក្នុងមុងត្រូវតែប្រឹងរកព័ត៌មាន បើគ្មានព័ត៌មានក៏ត្រូវតែតែងព័ត៌មានដែរ ខុសពីអ្នកកាសែតវិជ្ជាជីវៈ»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហោះនៅលើ Facebook របស់សម្តេច អំពីការឆ្លៀតពេលជូនដំណើរចៅស្រីច្បងរបស់សម្តេច ត្រឡប់ទៅសិក្សានៅក្រៅប្រទេសវិញ។ សម្តេចតេជោ បានបញ្ជាក់ថា ការជូនដំណើរដោយផ្ទាល់នេះ ដោយសារតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាជីដូន និងលោកស្រី ហ៊ុន ម៉ាណា ត្រូវជាម្តាយបង្កើតជាប់រវល់ការងារ ទើបសម្តេចមកជូនដំណើរដោយផ្ទាល់៕