(ភ្នំពេញ)៖ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានសរសេរវាយតម្លៃអំពីការបោះឆ្នោតនៅកម្ពុជា រយៈពេល១ឆ្នាំមកនេះ ដោយមិនត្រឹមត្រូវនោះ ប្រជាពលរដ្ឋខ្មែរ អ្នកលេង Facebook ជាច្រើន បាននាំគ្នាចូលទៅរិះគន់ស្ថានទូតអាមេរិក នៅលើទំព័រ Facebook។
ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួន ដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពី១ឆ្នាំមុននោះគឺ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ ប្រជាពលរដ្ឋកម្ពុជាទេ។ ស្ថានទូតនេះ បានយកឱកាសនេះ លើកឡើងអំពី អតីតគណបក្សប្រឆាំង ដែលត្រូវរំលាយចោលដោយតុលាការ ពាក់ព័ន្ធនឹងករណីក្បត់ជាតិ ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា។
អ្នកប្រើប្រាស់ Facebook ឈ្មោះ សុផានិត្យ ស្រលាញ់សន្តិភាព បានសរសេរថា៖ «មិនសេរី មិនយុត្តិធម៌ ចុះពេលខ្មែរក្រហមកាន់អំណាច លោកអាមេរិកនៅឯណា? ហើយចុះពេលដឹងថាខ្មែរក្រហមសំលាប់ពលរដ្ឋខ្មែរ មិចក៏អាមេរិចគាំទ្រខ្មែរក្រហមអោយអង្គុយនៅកៅអី អង្គការសហប្រជាជាតិ?
ដោយឡែកឈ្មោះ រាជាលី ធីតាពៅ បានសរសេរថា៖ «ទាល់តែអ្នកឈ្នះព្រមចាញ់់ ហើយឲ្យបក្សប្រឆាំងឈ្នះម្តង ទើបលោកទូតឯងថា ការបោះឆ្នោតហ្នឹងសេរី និងយុត្តិធម៌ បើមិនចឹងទេពួកឃ្លានអំណាច សម រង្សុី ឡាំប៉ារាល់អាណត្តិដូចដែលឃើញចឹង ប្រទេសមហាអំណាចជាច្រើនគាំទ្រលទ្ធផលនេះ ខុសគេតែពួកអាមេរិកនេះឯង ឪវាបង្រៀនកូនឲ្យប្រឆាំងបែបចោរម្សៀតចឹង បានកូនចៅវាចោរម្សៀតចឹងដែរ។ សិទ្ធិបញ្ចេញមតិដែលគេផ្តល់ឲ្យ តែពួកប្រឆាំងវាប្រើដើម្បីជេរប្រមាថ ញុះញង់ ចោទលាបពណ៌លើអ្នកដទៃ លោកគួរបើកភ្នែកមើលហើយណែនាំពួកវាផង កុំឲ្យជាប់គុកច្រើនពេក»។
ជាមួយគ្នានេះ អ្នកលេងហ្វេសបុក ឈ្មោះ Ah Ka បានបញ្ចេញអារម្មណ៍ថា «ស្អប់ស្ថានទូតនេះមិនដែលមើលកម្ពុជាក្នុងផ្លូវល្អសោះ។ វាពិតជាមហាពិបាកខ្លាំងណាស់ទៅឬដែលអាមេរិកធ្វើជាមិត្តល្អរបស់កម្ពុជា? ពិបាកខ្លាំងណាស់មែនទេ ??????????»។
សម្រាប់ Facebook ឈ្មោះ Peng Sokun បានសរសេរថា៖ «១ឆ្នាំ កន្លងផុតទៅហើយ ខ្ញុំសង្កេត ឃើញថាប្រទេសខ្ញុំ មានភាពស្ងប់ស្ងាត់ល្អ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍»។
រីឯ Sor Hengnang ក៏បានអះអាងដែរថា «ក្រោយការបោះឆ្នោត កន្លងផុតទៅ១ឆ្នាំនេះ ខ្ញុំសង្កេតឃើញថាប្រទេសខ្ញុំ មានភាពស្ងប់ស្ងាត់ល្អ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ឥតឈប់ឈរ»។
Facebook ឈ្មោះ Chheng BunThan បានបន្ទរទៀតថា៖ «បាទ....លោកបងទូតអាមេរិកកាំង បើលោកបងឯងមិននិយាយបែបណឹងទើបចម្លែក ហើយក៏គេមិនថាលោកបងឯងគរមិនចេះនិយាយនោះដែរ។ កម្ពុជា បានធ្វើការបោះឆ្នោតដោយជោគជ័យ កាលពីឆ្នាំ២០១៨ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ការគ្មាននូវវត្តមានបក្សដែលជាកូនចៅរបស់លោកបង គឺជាភាពត្រឹមត្រូវបំផុតដែលកម្ពុជាបានកម្ចាត់ចោលនូវវិនាសកម្មរបស់ជាតិ និងប្រជាជនទាំងមូល។ សូមទូតអាមេរិក នៅឲ្យឆ្ងាយពីកិច្ចការផ្ទៃក្នុងនៃកម្ពុជា ហើយឲ្យយល់ពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងអាមេរិកផង លោកឯងហាក់បីដូចជាដើរហួសបន្ទាន់នៃអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យហើយ។ កម្ពុជាបានឆ្អែតទៅនឹងអតីតកាលជាច្រើនមកហើយ»។
អ្នកលេងហ្វេសបុក ម្នាក់ទៀតឈ្មោះ Chan Bo បានវាយប្រហារទៅកាន់ទូតអាមេរិក និងអតីតបក្សប្រឆាំងថា៖ បង្រៀនខ្មែរឱ្យខាំគ្នា និងចងអាឃាតគ្នា បើមិនរំលាយចោលទុកឱ្យឆេះប្រទេសជាថ្មីឫ ? ថ្លៃគ្រាប់បែកចាស់មិនទាន់ទូទាត់នៅឡើយទេណា អាទូត US ...!!!»។
សម្រាប់ Facebook ឈ្មោះ Kongsun Tuon ក៏បានសរសេររិះគន់ដែរថា៖ «ឆ្ងល់សត្វច្រមុះវែងនេះដល់ហើយ វានៅចងកម្មពារជាមួយខ្មែរដល់កាលទៀត។ អីក៏ត្រឹមត្រូវម្លេះលោកឪប្រជាធិបតេយ្យ ការគាំទ្រអោយមេបក្យប្រឆាំងប្លន់អំណាចស្រស់ៗនៅវេនេស៊ុយអេឡាហ្នឹងបានត្រឹមត្រូវប្រជាជាធិបតេយ្យមែន? ទល់តែគេវឹកវរចលាចលពេញប្រទេសហ្នឹងហី បានប្រជាធិបតេយ្យសេរីដែលលោកឯងចង់បាននោះ? លោកអើយ មិនបាច់ដើរតួមកត្រឹមត្រូវអីទៀតទេ មាយាទនិងកន្ទុយលោកឯងយុវជនខ្មែរស្គាល់ច្បាស់ណាស់ឥលូវនោះ។ ដើម្បីចង់តែបានកូនអុករបស់ខ្លួនបានអំណាច ដើម្បីយកកម្ពុជាជាឈ្នាន់ក្នុងមហិច្ឆតាវិលមកគ្រប់គ្រង់អាស៊ីវិញ ចេះតែដើរបង្ខូចគេចេះ បង្ខូចគេចុះក្រោមរូបភាពសិទ្ធមនុស្ស ប្រជាធិបតេយ្យ!»។
អ្នកប្រើប្រាស់ Facebook ដទៃទៀតបានសរសេរថា «ប្រទេសមហាអំណាចមួយទាំងមូលតែនិយាយដូចឆ្កែ កុំធ្វើឡូយពេកអាមហាអំណាចដៃប្រលាក់ឈាម ចុះរឿងដែលលោកកឹមសុខាថាប្រទេសលោកឯងនៅពីក្រោយរឿងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះពួកឯងគិតយ៉ាណាដែរអាជើងកាង។
«លោកថា ពុំមានសេរីភាព និងយុត្តិធម៌ ហើយមិនបានតំណាងអោយឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា...! ចុះខ្ញុំក្នុងនាមខ្លួនខ្ញុំផ្ទាល់ដែលបានទៅបោះឆ្នោត តើខ្ញុំអាចឆ្លើយដោយផ្ទាល់ថា ខ្ញុំមានសេរីភាព និងយុត្តិធម៌ ហើយខ្ញុំគឺបានប្រើឆន្ទៈរបស់ខ្ញុំដើម្បីរើសមេដឹកនាំដែលខ្ញុំពេញចិត្ត ហើយនោះគឺមេដឹកនាំ គណ:បក្សប្រជាជនកម្ពុជា តើលោកទទួលយកបានទេ ព្រោះខ្ញុំក៏ជាពលរដ្ឋកម្ពុជាដែលមានសិទ្ធស្របច្បាប់ក្នុងការជ្រើសរើសមេដឹកនាំពោលគឺសិទ្ធទៅ បោះឆ្នោត....ដូច្នេះខ្ញុំសូមនិយាយថា សូមកុំនិយាយជំនួសខ្ញុំដែលជាពលរដ្ឋកម្ពុជា សូមនិយាយក្នុងនាមពលរដ្ឋអាមេរិចកាំងទៅសំរាប់លោក»។
«នេះគឺជាសារដែលមានចរិតឆ្កួតលីលា បំរើមហិចតាខ្មៅកខ្វក់របស់ខ្លួនឯង(អាមេរិក) យ៉ាងអាត្មានិយម។ ប្រជាពលរដ្ឋខ្មែរមិនត្រូវការការញុះញង់បែបនេះទេ។ ខ្ញុំមិនប្រឆាំងប្រជាជនអាមេរិកទេ តែបើទូតអាមេរិកនៅកម្ពុជានៅតែធ្វើបែបនេះ ខ្ញុំជាពលរដ្ឋម្នាក់ និងជាម្ចាស់ឆ្នោតម្នាក់ សូមប្រឆាំងដាច់ខាត។ វាជាសារមិនតំណាងឲ្យអ្នកភាគច្រើន តែទំនងបម្រើក្រុម១ក្តាប់តូច។ នេះឬជាប្រជាធិបតេយ្យបែបអាមេរិកកាំង? តើនេះឬជាគំរូប្រជាធិបតេយ្យដែល អាមេរិកបង្រៀនខ្មែរ? តើអាមេរិកមានចេតនាជួយកម្ពុជាពិតទេ? បើអាមេរិកចង់កម្ពុជាពិត សូមដាក់ក្រុមហ៊ុន Ford, Apple, Microsoft, intel មកកម្ពុជាមក ប្រជាជនកម្ពុជា រង់ចាំដោយសប្បាយរីករាយបំផុត កុំនាំតែការញុះញង់ ហើយនិយាយថា ស្រលាញ់កម្ពុជា តែទង្វើប្រកបដោយ វាចរិតខ្មៅងងឹតពីក្រោយអ៉ីចឹង។ សូមថ្កោលទោសសារនេះរបស់ទួតអាមេរិក»។ នេះបើតាមអ្នកប្រើប្រាស់ Facebook Comment នៅលើ page របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជាបានរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែង និងមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៣ភាគរយ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ ដោយទទួលបាន ១២៥អាសនៈ នៅទូទាំងប្រទេស។
បណ្តាសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវិល ស្ថាប័ននានា រួមទាំងគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោតនេះ បានទទួលយកលទ្ធផលបោះឆ្នោត និងចាត់ទុកថា ការបោះឆ្នោតនេះ បានធ្វើឡើងប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌៕