(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត» នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ថា មានការងារធំៗចំនួន៣ ដែលក្រសួងយុត្តិធម៌ សម្រេចបាននៅក្នុងឆ្នាំទី១ នៃអាណត្តិទី៦នេះ។
អ្នកនាំពាក្យរូបនេះ បានអះអាងថា ក្រសួងយុត្តិធម៌ សម្រេចបានការងារសំខាន់ៗចំនួន៣ ក្នុងឆ្នាំទី១ អាណត្តិទី៦ រួមមាន៖
* ការងារទី១៖ ទាក់ទងនឹងការរៀបចំរចនាសម្ព័ន្ធ និងអង្គការចាត់តាំងតុលាការ ក្រសួងក៏បានសម្រេចការងារ៣គឺ៖ ១៖ បង្កើតអង្គភាពរដ្ឋបាលតុលាការ៖ មកដល់ពេលនេះ ក្រសួងបានបង្កើតអង្គភាពថ្មីមួយ ដែលមិនដែលមានក្នុងប្រវត្តិសាស្ត្រ នៃប្រព័ន្ធយុត្តិធម៌ និងប្រព័ន្ធតុលាការកម្ពុជា ដែលត្រូវបានគេហៅថា អង្គភាពរដ្ឋបាលតុលាការ។ ក្រសួងបានបង្កើត អង្គភាពរដ្ឋបាលតុលាការនេះ នៅតាមរាជធានីខេត្ត និងគ្រប់ជាន់ថ្នាក់។ ២៖ សាងសង់ឧទ្ធរណ៍តំបន់៖ នៅកម្ពុជាសព្វថ្ងៃ មានសាលាឧទ្ធរណ៍តែមួយទេ គឺសាលាឧទ្ធរណ៍ភ្នំពេញ ដែលដោះស្រាយគ្រប់សំណុំរឿង ត្រូវបានបញ្ជូនពីគ្រប់រាជធានីខេត្ត។
១ឆ្នាំនេះ ក្រសួងបានសាងសង់ឧទ្ធរណ៍តំបន់ បាន៣ខេត្ត គឺត្បូងឃ្មុំ បាត់ដំបង និងព្រះសីហនុ។ ៣៖ ការដាក់ឱ្យដំណើរការតុលាការជំនាញ៖ តាមច្បាប់កម្ពុជាតុលាការជំនាញ មាន៤គឺ តុលាការព្រហ្មទណ្ឌ តុលាការរដ្ឋប្បវេណី តុលាការពាណិជ្ជកម្ម តុលាការការងារ។ ពេលនេះក្រសួងដាក់ឱ្យដំណើរការ តុលាការជំនាញតែ២ទេ គឺតុលាការព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ហើយ២ទៀត គឺក្រសួងបានរៀបចំក្របខណ្ឌគតិយុត្ត និងធនធានមនុស្ស ដើម្បីដាក់ឱ្យដំណើរការ បានពេញលេញនៅឆ្នាំ២០២០។
* ការងារទី២៖ ការរៀបចំធនធានមនុស្ស៖ ការរៀបចំធនធានមនុស្ស តាមរយៈការជ្រើសរើសបណ្តុះបណ្តាល ចៅក្រម ព្រះរាជអាជ្ញា។ មកដល់ពេលនេះ ក្រសួងបានបណ្តុះបណ្តាល ៩វគ្គមកហើយ ដែលមានចៅក្រម ព្រះរាជអាជ្ញាសរុប កំពុងបំពេញការងារមានចំនួន ជិត៥០០រូបនៅទូទាំងប្រទេស។
* ការងារទី៣៖ ដែលសំខាន់ គឺការងារជំនួយផ្នែកច្បាប់៖ ការងារជំនួយផ្នែកច្បាប់នេះ រួមមានការងារអប់រំ ផ្សព្វផ្សាយជំនួយផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ ការងារផ្តល់ប្រឹក្សាផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ កាងារសម្របសម្រួលវិវាទ ក្រៅប្រព័ន្ធតុលាការ និងការងារផ្តល់មេធាវី ទៅដល់ជនក្រីក្រ ដែលពុំមានលទ្ធភាព ពេលដែលមានសំណុំរឿងនៅតុលាការ។ មេធាវីស្ម័គ្រ របស់សម្តេចតេជោ ក៏រាប់ថាជាការងារជំនួយផ្នែកច្បាប់ ដ៏សំខាន់មួយផងដែរ។
ក្នុងឱកាសនោះដែរ លោក ជិន ម៉ាលីន បាននិយាយពីបញ្ហាសិទ្ធិមនុស្ស ដោយបានពន្យល់ពីបែបបទ នៃការវាយតម្លៃសិទ្ធិមនុស្ស ក្នុងប្រទេសមួយ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំចូលរួមដោយខ្លីពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យ នីតិរដ្ឋ ក៏ដូចជាសិទ្ធិមនុស្ស ក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងការលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌ របស់ប្រជាពលរដ្ឋ។ បើយើងនិយាយពីបញ្ហាសិទ្ធិមនុស្ស យើងឃើញថាកម្ពុជារីកចម្រើន គួរឱ្យកត់សម្គាល់ជាទិដ្ឋភាពរួម ពីព្រោះបើយើងវាយតម្លៃពីសិទ្ធិមនុស្ស មិនមែនមើលតែផ្នែកណាមួយនោះទេ»។
លោកបន្តថា «គេមិនវាយតម្លៃមើល តាមតែក្រុមមាននិន្នាការប្រឆាំង ឬក្រុមមានការស្អប់ខ្ពើមរាជរដ្ឋាភិបាល គេមើលតែមួយជ្រុង ដោយភ្ជាប់បញ្ហានយោបាយ។ ប៉ុន្តែសម្រាប់អ្នកបច្ចេកទេស អ្នកសិក្សាស្រាវជ្រាវ ពីបញ្ហាសិទ្ធិមនុស្សនេះ គឺគេវាយតម្លៃគ្រប់ទិដ្ឋភាព»។
បើនិយាយពីសិទ្ធិមនុស្ស លោក ជិន ម៉ាលីន ថ្លែងថា មានរឿងច្រើនណាស់ មិនមែនតែរឿងបញ្ចេញមតិ បាតុកម្មនោះទេ។ ដើម្បីវាយតម្លៃសិទ្ធិមនុស្ស នៃប្រទេសមួយ មានការរីកចម្រើន ឬអត់ គឺត្រូវមើលគ្រប់ទិដ្ឋភាព រួមមាន៖ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពលរដ្ឋ នយោបាយ សិទ្ធិរបស់ក្រុមពិសេសជាក់លាក់ ដូចជា សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនជាតិដើម ជនជាតិភាគតិច សិទ្ធិជនពិការ រួមទាំងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។
លោកថ្លែងបញ្ជាក់បន្តថា «ក្នុងនាមជាអ្នកបច្ចេកទេស ការវាយតម្លៃគេត្រូវមើលរួម ហើយយើងសង្កេតឃើញថា ជារួមសិទ្ធិទាំងអស់នេះត្រូវបាន ការការពារ ការលើកតម្កើន និងមានការរីកចម្រើន តាមរយៈសូចនាករមួយចំនួន។ យើងអាចវាយតម្លៃ សិទ្ធិសង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ ពលរដ្ឋ នយោបាយ ជនជាក់លាក់ ដែលមានការរីកចម្រើន តាមរយៈកំណើននៃការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច កំណើននៃភាពមានការងារធ្វើ ការកាត់បន្ថយអត្រានៃភាពក្រីក្រ ស្ថានភាព ស្ថិរភាព សន្តិសុខសង្គម។ ស្ថានភាពទាំងអស់នេះហើយ គឺបង្ហាញថា ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ មានភាពប្រសើរឡើង ហើយស្ថានភាពសិទ្ធិប្រជាពលរដ្ឋ មានភាពប្រសើរឡើងផងដែរ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងបន្ថែមថា នៅប្រទេសកម្ពុជា បើគេមើលទៅលើសិទ្ធិនយោបាយវិញ ទាក់ទងនឹងការជួបជុំ ការបញ្ចេញមតិ ការធ្វើបាតុកម្ម ការសម្តែងមតិជាដើម ក៏គេសង្កេតឃើញថា មានការការពារ និងលើកតម្កើន ក៏ប៉ុន្តែហេតុអ្វីគេឃើញថា មានចំណាត់ការច្បាប់ ទៅលើជនមួយក្រុមតូច អនុវត្តន៍សិទ្ធិទាំងអស់នេះ។ ការអនុវត្តច្បាប់លើពួកគេ ដោយសារតែពួកគេ អនុវត្តន៍ក្នុងផ្លូវខុស ដែលបំពានច្បាប់។
លោក ជិន ម៉ាលីន បញ្ជាក់បន្តទៀតថា «យើងមើលជារួមប្រជាពលរដ្ឋ យើងជាច្រើនកំពុងតែរីកចម្រើន កំពុងតែសប្បាយរីករាយ ជាមួយនឹងសិទ្ធិនយោបាយទាំងអស់នេះ រួមមានការប្រើបណ្តាញសង្គម ការបញ្ចេមតិតាមបណ្តាញសង្គម ការជួបជុំគ្នា ការប្រារព្ធពិធីជួបជុំគ្នាជាដើម អត់មានបញ្ហា ដោយសេរី ចុះហេតុអីបានជាមួយក្រុមតូច ធ្វើសកម្មភាពអស់នេះមានបញ្ហា? ដោយសារសកម្មភាពអស់នោះ មិនមែនជាសកម្មភាពអនុវត្តន៍ សិទ្ធិតាមផ្លូវច្បាប់នោះទេ ក៏ប៉ុន្តែជាការជួបជុំ និងបង្កសកម្មភាព បង្កប់នូវចេតនាទុច្ចរិតនៅពីក្រោយ ដែលជាការបំពានរដ្ឋធម្មនុញ្ញ ច្បាប់កំពូលរបស់កម្ពុជា»។
«ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋអធិបតេយ្យ ត្រូវតែអនុវត្តន៍ច្បាប់ ដើម្បីទប់ស្កាត់អំពើទាំងឡាយណា ដែលជាបទល្មើស ហើយបង្កភាពចលាចលក្នុងសង្គម ហើយការអនុវត្តច្បាប់ទាំងអស់នេះ មិនមែនជាការរំលោភបំពាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ គឺជាវិធានការចាំបាច់តែមួយគត់ ក្នុងការទប់ស្កាត់ និងថែរក្សានូវសន្តិភាព សណ្តាប់ធ្នាប់សង្គម»។ នេះជាការអះអាង ពីមន្ត្រីជាន់ខ្ពស់ក្រសួងយុតិ្តធម៌។
បើតាមលោក ជិន ម៉ាលីន ពាក់ព័ន្ធនឹងសិទ្ធិទទួលបានយុត្តិធម៌វិញ ប្រជាពលរដ្ឋទទួលបាន ការលើកតម្កើនសិទ្ធិយុត្តិធម៌ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ ជាគោលការណ៍ទិសដៅ នៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា គឺទទួលបានសិទ្ធិលើកស្ទួយយុត្តិធម៌ របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយការលើកតម្កើន សិទ្ធិទទួលបានយុត្តិធម៌នេះ គឺតាមរយៈការបង្កើននូវ សេវាយន្តការយុត្តិធម៌។
លោកថ្លែងថា ជាគោលការណ៍ សេវាយន្តការយុត្តិធម៌មានពីរ។ លោកថា ទី១៖ សេវាត្រូវបានផ្តល់ដោយតុលាការ តាមរយៈដំណើរការសំណុំរឿង និងទី២៖ តួអង្គដែលត្រូវផ្តល់ឱ្យ ក្រៅប្រព័ន្ធតុលាការ តាមរយៈការផ្តល់ជំនួផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕