(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ។
គួរជម្រាបថា ផ្អែកតាមស្មារតីនៃការឯកភាព រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលតួកគី នាពេលកន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ លោក ស៊ូឡឺម៉ាន សូលូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកពាក់ព័ន្ធនឹងបម្រែបម្រួលជាសកលក្នុងបរិបទ នៃវិស័យសន្តិសុខអន្តរជាតិ ជាពិសេសបានផ្តោតការយកចិត្តទុកដាក់លើសណ្ឋាន និងទម្រង់ថ្មីៗ នៃបទល្មើសដែលអាចបង្កផលប៉ះពាល់ និងហានិភ័យដល់សន្តិភាព ស្ថិរភាព
សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។
បន្ទាប់ពីកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងជិតស្និទ្ធ ប្រកបដោយលទ្ធផលជាផ្លែផ្កា ភាគីទាំងពីរបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ សន្តិសុខ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី»។
កិច្ចព្រមព្រៀងនេះដើរតួនាទីជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការបង្កើតនូវក្របខ័ណ្ឌរួម សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ ដោយផ្តោតលើឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធខុសច្បាប់ បទល្មើសបច្ចេកវិទ្យា បទល្មើសសម្អាតប្រាក់ ការរត់ពន្ធទំនិញខុសច្បាប់ ការរត់ពន្ធទេសន្តរប្រវេសន៍ខុសច្បាប់ ព្រមទាំងការផ្លាស់ប្តូរ ទស្សនកិច្ច ដកពិសោធន៍ការងារ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពនៅក្នុងជួរកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា។
ក្រៅពីចំណុចពិភាក្សា និងកិច្ចការសំខាន់ៗ ដែលស្ថិតក្នុងវិសាលភាពនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ភាគីទាំងពីរ ក៏បានឯកភាពកំណត់យកកិច្ចសហប្រតិបត្តិការលើការងារ ចំនួន០៤បន្ថែមទៀត រួមមាន៖
*ទី១៖ ការផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅតាមទីប្រជុំជន
*ទី២៖ ការផ្លាស់ប្តូរបទពិសោធន៍លើការពង្រឹង និងពង្រីកភាពជាដៃគូរវាងរដ្ឋាភិបាល ជាមួយសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ
*ទី៣៖ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលព្រំដែនទឹក
*ទី៤៖ ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ សមភាគីតួកគី សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់អង្គភាពមួយចំនួនចំណុះក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី រួមមាន នាយកដ្ឋានប្រឆាំងការរត់ពន្ធ និងឧក្រិដ្ឋកម្ម មានអង្គការចាត់តាំង, មជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាព ត្រួតពិនិត្យបទល្មើស នាយកដ្ឋានគាំទ្រ និងផែនការចរាចរណ៍ និងអង្គភាពកម្លាំងប្រតិបត្តិការពិសេស។
ជាទីបញ្ចប់ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញលោក ស៊ូឡុម៉ាន សុយលូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប ហើយលោកបានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបញ្ចប់ការបំពេញ ដំណើរទស្សនកិច្ចផ្លូវការ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋតួកគី និងកម្ពុជា៕