(សៀមរាប)៖ តាមការធ្វើបទបង្ហាញរបស់លោកសាស្រ្ដាចារ្យ អាំង ជូលាន អ្នកជំនាញនរវិទូ ដោយយោងលើភស្ដុតាងប្រវត្តិសាស្រ្ដ អក្សរសាស្រ្តនិងនរវិទ្យា បានឱ្យដឹងថា ជនជាតិដើមភាគតិច មានប្រវត្តិទាក់ទងជ្រាលជ្រៅជាមួយរាជការខ្មែរ នាសម័យបុរាណ។

លោកបានលើកឡើងនៅក្នុងបទបាឋកថាស្ដីពី «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា» ដែលរៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដា ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ និងមានអ្នកចូលរួមប្រមាណជាង៣០០អង្គ/នាក់។

បើគេយកភស្ដុតាងដូចលើកខាងលើមកនិយាយ ជនជាតិដើមភាគតិចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជការ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងសង្គមខ្មែរបុរាណផង។ ទំនាក់ទំនងទាំងនោះ អាចមើលឃើញក្នុងកិច្ចពិធីផ្សេងៗដែលរៀបចំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីកើតរហូតដល់ស្លាប់។

លោក អាំង ជូលាន បានពន្យល់ថា មិនថាសម័យបុរាណនិងបច្ចុប្បន្ន គេពិបាកកំណត់ចំនួនជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាបានណាស់ ព្រោះថាត្រូវការសិក្សាស្រាវជ្រាវឲ្យបានប្រាកដ ហើយជាការងាររបស់ភាសាវិទូតែម្ដង ព្រោះតែងមានភាសាមួយចំនួនបានបាត់បង់ជាបណ្តើរៗ។

មានជនជាតិភាគតិចមួយដែលលោក អាំង ជូលាន លើកមកនិយាយនិងហាក់មានទំនាក់ទំនងខ្លាំងទៅនឹងរាជការខ្មែរសម័យបុរាណ នោះគឺជនជាតិកួយ។ ជនជាតិនេះមានភាពលេចធ្លោជាងគេ ដោយសារសម័យបារាំងមានឯកសារនិយាយច្រើនពីជនជាតិមួយនេះ។ បារាំងបានលើកតម្កើងជនជាតិមួយនេះ ដោយមានជំនាញនិងទេពកោសល្យខាងវិជ្ជាស្លដែកដ៏ប៉ិនប្រសព្វ។

«បារាំងបានបន្សល់ទុកនូវឯកសារជាច្រើនពីសកម្មភាពជីកថ្មរ៉ែដែក ការស្លដែករបស់ជនជាតិកួយ»។ នេះជាការលើកឡើងរបស់លោក អាំង ជូលាន។ លោក អាំង ជូលាន បន្ថែមថា ជនជាតិភាគតិចកួយ ដែលល្បីល្បាញក្នុងការស្លដែកនោះ គឺកួយនៅកំពង់ស្វាយ ដែលស្ថិតនៅខេត្តកំពង់ធំសព្វថ្ងៃ រហូតមានចម្រៀងក្នុងពិធីមង្គលការដោយលើកសរសើរពីដាវកំពង់ស្វាយនេះដែរ។ លោកសាស្ដ្រាចារ្យបន្ថែម៖ «តាមការស្រាវជ្រាវពីបុរាណវិទូបារាំង ដែករបស់កួយមានគុណភាពល្អជាងដែកដែលបារាំងយកពីបរទេសទៅទៀត តែដោយសារដែកពីបរទេសគេផលិតជាលក្ខណៈ ឧស្សាហកម្មដូច្នេះគេលក់ក្នុងតម្លៃថោកជាង ហើយកួយធ្វើដោយដៃ យូរៗទៅក៏លែងមានអ្នកផលិត បាត់បង់ទៅរហូតដល់សង្រ្គាមលោកលើកទី២ អស់រលីង»

បើទោះបីជាមានភស្ដុតាងថាជនជាតិកួយពូកែខាងស្លដែកក៏ពិតមែន តែលោកសាស្រ្ដាចារ្យ អាំង ជូលាន បញ្ជាក់ថា មិនមែនជនជាតិខ្មែរមិនចេះនោះទេ។ បើមិនចេះតើធ្វើដូចម្ដេចទើបសង់អង្គរវត្ត ដ៏អច្ឆរិយៈបែបនេះបាន? លោក អាំង ជូលាន គ្រាន់តែដាក់ការសង្ស័យផ្ទាល់ខ្លួនថា ជនជាតិកួយអាចមានចំណែកក្នុងរាជការខ្មែរសម័យបុរាណតាមចំណែកជាអាវុធ ចំណែកក្នុងទ័ពជាដើម។ យ៉ាងណាលោក អាំង ជូលាន បញ្ជាក់ថានេះជាប្រធានបទដែលអ្នកស្រាវជ្រាវត្រូវសិក្សាបន្តទៀត ដើម្បីឱ្យច្បាស់១០០ភាគរយ៕