(ភ្នំពេញ)៖ ថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ជាពេលវេលាដ៏ឧត្តុងឧត្តមដែលទារកមួយរូបបានប្រសូតក្នុងគ្រួសារកសិករមួយ រស់នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក។
ក្រោយសម្រាលរួចទារកខាងលើមានសុខភាពល្អ និងមានសាច់ឈាមទ្រលុក ទ្រលន់ គួរឲ្យខ្នាញ់ ជាហេតុនាំឲ្យលោកឪពុក និងអ្នកម្ដាយ ដាក់ឈ្មោះតាមបែបជនបទដល់កូនជាទីស្រលាញ់នោះថា «ណាល់»។ ឈ្មោះនេះក៏ដើម្បីជួនឈ្មោះរបស់លោកឪពុក ដែលមាននាមថា នាង និងបងប្រុសមានឈ្មោះថា ណេងផងដែរ។ ទារកដែលកំពុងពិពណ៌នានេះ គឺជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ ជាគម្រប់ខួប៦៧ ឈានចូល៦៨ឆ្នាំ របស់ប្រមុខដឹកនាំកម្ពុជារូបនេះ។
មិត្តអ្នកអាន និងទស្សនាប្រហែលជាងឿងឆ្ងល់ថា ឈ្មោះកំណើតរបស់សម្តេចនាយករដ្ឋមន្ត្រី «ណាល់» ហេតុអ្វីបានជាបច្ចុប្បន្នថ្នាក់ដឹកនាំកម្ពុជារូបនេះ មានឈ្មោះ «សែន» ទៅវិញ។ ឈ្មោះនេះ ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងពេលចូលបម្រើការងារជាកងទ័ពនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ ដោយបានប្តូរពី «ណាល់» ទៅជា «សំរេច» ហើយនៅឆ្នាំ១៩៧៤ បានប្តូរទៅជា «សែន» ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួនពីខ្មាំងសត្រូវ។
ទោះបីប្រសូតចេញពីត្រកូលកសិករ តែសម្ដេចតេជោ ហ៊ុន សែន ជាកុលបុត្រខ្មែរមួយរូបហ៊ានយកជីវិតធ្វើជាថ្នូរ និងបានស្វែងរកកិច្ចអន្តរាគមន៍ពីវៀតណាម ដើម្បីស្រោចស្រង់អាយុវជីវិតប្រជាពលរដ្ឋខ្មែរ បញ្ចប់សង្គ្រាមសម្លាប់ជាតិសាសន៍ឯង។ របបកម្ពុជាប្រជាធិបតេយ្យ ដែលពលរដ្ឋខ្មែរហៅរត់មាត់ថា របបប៉ុល ពតនោះ បានសម្លាប់រង្គាលជីវិតប្រជាពលរដ្ឋជាង ២លាននាក់។ ជារបបពោរពេញដោយភាពស្រេកឃ្លាន ធ្វើការលើសកម្លាំង និងការបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង សូម្បីតែសិទ្ធិក្នុងការជ្រើសរើសគូជីវិត ក៏អង្គការជារៀបចំឲ្យដែរ កុំថាឡើយទ្រព្យសម្បត្តិ ដែលពេលនោះមានត្រឹមតែចានមួយ ស្លាព្រាមួយ ចបមួយ បង្គីមួយ និងសម្លៀកបំពាក់ឈុតខ្មៅ ព្រមជាមួយក្រមាតែប៉ុណ្ណោះ។
រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាគុកឥតជញ្ជាំង ដែលពលរដ្ឋខ្មែរគ្មានសង្ឃឹមក្នុងការទទួលបានសេរីភាពឡើងវិញឡើយ ជាពិសេសសូម្បីតែក្ដីសង្ឃឹមនៃការរស់នៅមានជីវិត ក៏គ្មានសង្ឃឹមដែរ។
ដោយមើលឃើញទារុណកម្ម ការឈឺចាប់ និងការនិរាសព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរ សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះគេហៅថា សមមិត្ត ហ៊ុន សែន នោះ បានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទាំងក្តីអាឡោះអាល័យចោលភរិយាជាទីស្រឡាញ់ គឺសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កំពុងពពោះកូនក្នុងផ្ទៃ ៥ខែ គឺលោក ហ៊ុន ម៉ាណែត។ ការចាកចេញក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ស្ទើរតែមិនមានសង្ឃឹមថា អាចគេចផុតពីអង្គការភ្នែកម្នាស់នៃរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ឬគ្រាប់មីនរាយនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមនោះឡើយ។
ក្រោយសម្ដេចតេជោ ធ្វើដំណើរចាកចេញពីដែនដីកំណើតជាមួយសមមិត្តចំនួន៤ផ្សេងទៀតនោះ សមមិត្ត ហ៊ុន សែន រួមជាមួយខ្មែរអ្នកតស៊ូដទៃទៀត ដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន បានបង្កើតអង្គការចលនាតស៊ូ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយធ្វើសកម្មភាពប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទីបំផុតកងកម្លាំងតស៊ូ ដែលមានការជួយគាំទ្រពីកងទ័ពវៀតណាមផងនោះ បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដោយជោគជ័យចូលកានកាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះថ្ងៃ៧ មករា ជាជោគជ័យប្រវត្តិសាស្ត្រ ជាពេលវេលាដ៏សែនរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ដែលជីវិតរបស់ពួកគេត្រូវបានស្រោចស្រង់ចេញពីរណ្តៅមរណា។
ទោះបីកម្ពុជាត្រូវបានស្រោចស្រង់ផុតពីរបបប្រល័យពូជសាសន៍ក៏ពិតមែន ប៉ុន្តែបញ្ហារាប់ម៉ឺនជំពូកមិនទាន់បញ្ចប់នៅឡើយ។ អ្វីដែលសម្ដេចតេជោ សែន ត្រូវធ្វើនោះ គឺការបង្រួបបង្រួមជាតិ បញ្ហាប្រជាពលរដ្ឋក្រីក្រមានជំងឺ ពិការភាពដោយសារសង្រា្គម និងគំនាបនយោបាយអន្តរជាតិជាដើម។ តែបញ្ហាដ៏ស្មុគស្មាញវិញស្រេះដូចអំបោះជំពាក់មុខនេះ ត្រូវបានមេដឹកនាំចេញពីត្រកូលកសិករប្រើបញ្ញាញាណពីកំណើតពោរពេញដោយភាពឈ្លាសវៃរបស់ខ្លួន ដោះស្រាយជាជំហានៗ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំរហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ តាមរយៈការអនុវត្តន៍នយោបាយ ឈ្នះ-ឈ្នះ។
ការសម្រេចចិត្តជ្រើសរើសផ្លូវនយោបាយមួយដ៏ត្រឹមត្រូវក្នុងការបញ្ចប់វិបត្តិនយោបាយនៅកម្ពុជានេះ បានធ្វើឲ្យបណ្ឌិតផ្នែកប្រវត្តិសាស្រ្ត លោកបណ្ឌិត ឌៀប សុផល លើកឡើងថា៖ «សម្ដេច ជាតួអង្គអ្នកនយោបាយមួយ ជាអ្នកដឹកនាំមួយ ដែលមានលក្ខណៈតថនិយម អ្វីដែលសម្ដេចគិតថា ធ្វើបាន គឺធ្វើបាន ហើយអ្វីដែលសម្ដេចចង់ធ្វើ ដើម្បីប្រទេសជាតិ សម្ដេចបានបង្កជាមូលដ្ឋានមួយតាំងពីគ្នា៥នាក់ នៅពេលដែលភាសខ្លួនទៅវៀតណាម ដើម្បីរំដោះប្រទេសជាតិ តើឥលូវនេះ មានអ្នកគាំទ្រដើរនយោបាយជាមួយសម្ដេចប៉ុន្មាន? គឺរាប់លាននាក់! នេះហើយជាលក្ខណៈពិសេស»។
អ្នកប្រវត្តិវិទូរូបនេះបន្តថា «លក្ខណៈតថនិយម ប្រាកដនិយមនេះហើយ បានបោះជំហានមួយជំហានម្ដងៗ រហូតធ្វើឲ្យសម្ដេចក្លាយជាមេដឹកនាំកំពូល នៅក្នុងប្រទេសកម្ពុជា។ ហើយម្យ៉ាងវិញទៀត នៅក្នុងសៀវភៅ Memory របស់លោក លី ឃ្វាន់យូ អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី គាត់បានបញ្ជាក់ថា លក្ខណៈពិសេសរបស់សម្ដេច ហ៊ុន សែន គឺសម្ដេច ហ៊ុន សែន នៅពេលទទួលបានអំណាចហើយ ចេះថែរក្សាអំណាច ដើម្បីអនុវត្តនៃនយោបាយរបស់ខ្លួនឲ្យមានប្រសិទ្ធភាព។ ពិតណាស់មិនខ្វះទេអ្នកប្រឆាំងសម្ដេច ប៉ុន្តែសម្ដេច បានបង្ក្រាបអ្នកប្រឆាំងអនាធិបតេយ្យបានយ៉ាងជោគជ័យ»។
«ឧទាហរណ៍ឆ្នាំ២០១៣ មានបដិវត្តន៍ព័ណនៅទូទាំងពិភពលោក គ្មានកន្លែងណាបានជោគជ័យទេ ហើយជាការសាកល្បងចុងក្រោយរបស់ CNRP អំពីបដិវត្តន៍ព័ណនេះ។ តែទីបំផុតសម្ដេចបានប្រើនយោបាយបង្ក្រាបនូវបដិវត្តន៍ពណ៌នេះបានយ៉ាងជោគជ័យ ដំណើរនយោបាយកំណែទម្រង់សង្គម ដើម្បីអភិវឌ្ឍន៍នៅតែបោះជំហានទៅមុខទៀត។ នេះគឺជាលក្ខណៈពិសេសមួយ បើសិនជាយើងមានគំនិតកសាង តែបើអត់មានគំនិតការពារក៏មិនបានជោគជ័យដែរ»។ លោក ឌៀប សុផល បញ្ជាក់បន្ថែម។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានសភាសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ក្នុងអាយុ ៣៣ឆ្នាំ ក្រោយបំពេញការងារជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរយៈពេល៦ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលនោះ ដោយសម្តេចទទួលបានសំឡេងគាំទ្រ១០០ភាគរយ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ និងគ្មានសន្លឹកមោឃៈនោះឡើយ។
ជាមួយការឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីរបស់កម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ត្រូវប្រឈមនឹងការដោះស្រាយ បន្ទុកដ៏ធំមួយរបស់ជាតិ និងប្រជាជន គឺគ្រោះខ្វះខាតស្បៀង ដ្បិតមុនពេលឡើងកាត់តំណែងមួយឆ្នាំ ពោលនៅឆ្នាំ១៩៨៤ កម្ពុជាជួបគ្រោះទឹកជំនន់ផង និងគ្រោះរាំងស្ងួតផង។ សម្តេចតេជោ បានចាត់ទុកបញ្ហានេះ គឺជាការសាកល្បងដ៏ធំសម្រាប់សមត្ថភាពដឹកនាំរបស់សម្តេច។ នៅពេលនោះ សម្តេចបានប្រកាសនៅមុខសមាជិករដ្ឋសភាទាំងអស់ថា «មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ»។ ពាក្យពេចន៍ប្តេជ្ញាចិត្តរបស់សម្តេចតេជោ មួយឃ្លានេះ ត្រូវបានប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។
មកដល់បច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានកាន់ក្នុងតំណែងទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ រយៈពេលជិត ៣៥ឆ្នាំហើយ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលំដាប់ ដោយចាប់ផ្តើមចំណុច០។ សម្តេចតេជោ បានធ្វើឱ្យមានឯកភាពជាតិ ហើយជារយៈពេលដ៏វែងជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា ៥០០ឆ្នាំចុងក្រោយនេះ មិនមានថ្នាក់ដឹកនាំប្រទេសកម្ពុជារូបណាអាចធ្វើបានដូចសម្ដេចឡើយ។
លោកបណ្ឌិត ឌៀប សុផល បញ្ជាក់យ៉ាងដូច្នេះថា៖ «ហេតុដូច្នេះហើយបានជាខ្ញុំគិតថា អ្វីដែលជាលក្ខណៈពិសេសក្នុងការដឹកនាំរបស់សម្ដេច ហ៊ុន សែន គឺធ្វើឲ្យប្រទេសចេញផុតពីសង្គ្រាម ធ្វើឲ្យប្រទេសដែលក្រីក្រ ដែលមានកម្រិតចំណូលមធ្យម ហើយកំពុងអភិវឌ្ឍន៍ទៅមុខបន្តទៀត។ ហើយស្ថេរភាពនេះ គឺជាមូលដ្ឋានដ៏សំខាន់នៃនយោបាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែមានភាពវៃឆ្លាតក្នុងការដោះស្រាយ រំដោះប្រទេសចេញផុតពីសង្គ្រាមតែមួយមុខឡើយ។ សូម្បីតែនយោបាយអន្តរជាតិ ក៏សម្ដេចមានភាពរហ័សរហួន និងមានភាពបត់បែន ក្នុងការដោះស្រាយ ហើយបានធ្វើឲ្យកម្ពុជា កាន់តែមានភាពរីកចម្រើន តាមរយៈនយោបាយចម្រុះពណ៌ ហើយនេះគឺជាការសម្រេចចិត្តដ៏ត្រឹមសម្រាប់អនាគតប្រទេសជាតិ។ នេះជាការយល់ឃើញរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា។
«សម្ដេចបានចាប់ផ្ដើមធ្វើឲ្យកម្ពុជា ទៅជាសកលភាវូបនីយ៍កម្ម ប្រែក្លាយកម្ពុជាលែងជាភូមិមួយជនបទមួយ ប្រែក្លាយកម្ពុជាទៅជាភូមិមួយពិភពលោកមួយ ដែលត្រូវប្រើប្រាស់នយោបាយចម្រុះពណ៌។ នយោបាយការបរទេសចម្រុះពណ៌នេះហើយ ដែលយើងអាចស្រូបយកអ្នកវិនិយោគ ដោយមិនមានគិតពីនិន្នាការណា ដែលមានតាំងពីខាងកុម្មុយនីស្តក៏មកវិនិយោគ ខាងសេរីក៏មកវិនិយោគ តាំងពីប្រទេសមិនចូលបក្សសម្ព័ន្ធក៏មកវិនិយោគ។ ដូច្នេះវិនិយោគរបស់កម្ពុជាក៏ចាប់ផ្ដើមកើន...។ ធ្វើយ៉ាងណាឲ្យមានហេដ្ឋារចនាសម្ព័ន្ធ កាន់តែល្អ ហើយយើងកុំទាន់អាលប្រៀបធៀបជាមួយថៃ ឬវៀតណាម ព្រោះប្រទេសគេមិនដែលមានសង្រ្គាមទេ ឯវៀតណាមបញ្ចប់សង្រ្គាមតាំងពីឆ្នាំតាំងពីឆ្នាំ១៩៧៥ ខណៈដែលកម្ពុជាបញ្ចប់សង្រ្គាមនៅក្នុងឆ្នាំ១៩៩៧៩ក៏ពិតមែន ប៉ុន្តែកម្ពុជាបន្តសង្រ្គាមរហូតមកដល់ឆ្នាំ១៩៩៨ទើបយើងបានបញ្ចប់សង្រ្គាមទាំងស្រុង ហើយរយៈពេលដ៏ខ្លីបែបនេះ យើងអាចកសាងប្រទេសបែបនេះ គឺដោយសារការទាក់ទាញអ្នកវិនិយោគ នៃការប្រើប្រាស់នយោបាយចម្រុះព័ណនេះឯង»។
បើទោះជាបច្ចុប្បន្នកម្ពុជា កំពុងនៅចន្លោះកណ្ដាលរវាងចិន និងអាមេរិក តាមការមើលឃើញរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច សម្ដេច ហ៊ុន សែន នឹងមិនធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដូចឆ្នាំ១៩៧០ឡើយ។ អ្វីដែលសម្ដេចតេជោ កំពុងតែធ្វើនេះ គឺមិនបានងាកចេញពីប្រទេសណាមួយនោះទេ តែធ្វើយ៉ាងណាដើម្បីឲ្យប្រទេសទទួលបានផលប្រយោជន៍ពីចំណងមិត្តភាព និងធ្វើឲ្យប្រជាពលរដ្ឋមានកំណើនសេដ្ឋកិច្ចតែប៉ុណ្ណោះ។
«សម្ដេចលោកដើរសព្វថ្ងៃនេះមិនមានមាគ៌ាណាមួយទេ គឺចំណុច៣សំខាន់ គឺទី១៖ ចាប់ដៃនយោបាយពិភពលោកដើម្បីបង្កើតទីផ្សារ និងទាញយកអ្នកវិនិយោគ មករស់នៅកម្ពុជា បានន័យថាស្វាគមន៍អ្នកដែលមាននយោបាយមានទិសដៅដូចគ្នា ដើម្បីការអភិវឌ្ឍសង្គមដែលមានសន្តិភាព និងការរីកចម្រើនលើវិស័យសេដ្ឋកិច្ច, ទី២៖ នយោបាយការបរទេសរបស់លោក គឺលោកមិនដែលយកប្រទេសណាធ្វើជាសត្រូវទេ លោកយកប្រទេសធ្វើជាមិត្តទាំងអស់ទាំងមហាអំណាច និងទូទៅ គ្រាន់តែថាកន្លែងខ្លះបើគេវាយយើង ម្ដងមិនអីទេ តែបើពីរយើងត្រូវតែតបត ហើយ៣ដងយើងត្រូវតែបង្ហាញថា កម្ពុជាមិនមែនជាប្រទេសមួយដែល ស្ងប់ស្ងាត់មិនឆ្លើយតបនោះទេ។ ចំណុចទី៣៖ ដែលសំខាន់ គឺលោកធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជា ទាំងអស់បានទទួលនូវកំណើនសេដ្ឋកិច្ចដូចៗគ្នា»។
ក្រៅពីការធ្វើនយោបាយការបរទេសប្រកដោយភាពបត់បែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៦នេះ ក៏កំពុងបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការជំរុញប្រព័ន្ធយុត្តិធម៌សង្គម និងលុបបំបាត់ភាពអសកម្មទាំងឡាយជាមួយការអនុវត្តន៍អភិក្រមទី៥ ដែលតម្រូវឲ្យមានការកាត់សាច់ស្អុយចេញ ដែលមានន័យថា ជម្រុះចោលមន្ត្រីណាដែលមិនបម្រើប្រជាពលរដ្ឋ ឬប្រព្រឹត្តអំពើពុករលួយជាដើម។ ចំណុចនេះបានធ្វើឲ្យមន្រ្តីរាជ ក៏ដូចជាប្រជាពលរដ្ឋមានការពេញចិត្តយ៉ាងខ្លាំង និងគាំទ្រឲ្យមានអនុវត្តន៍អភិក្រមនេះបន្តទៀត ដើម្បីឲ្យកិច្ចការងាររបស់មន្រ្តីគ្រប់ជាន់ថ្នាក់កាន់តែមានប្រសិទ្ធភាព។
លោកបណ្ឌិត គិន ភា បានបញ្ជាក់យ៉ាងដូច្នេះ៖ «អភិក្រមទី៥ គឺជាកំណែទម្រង់ស៊ីជម្រៅមួយរបស់រាជរដ្ឋាភិបាល ជាដំណើរដ៏ត្រឹមត្រូវមួយ ប្រសិនជាយើងមិនមានការវះកាត់ទេ មន្រ្តីពុករលួយទាំងអស់នោះ នឹងធ្វើឲ្យខូចរដ្ឋាភិបាលទាំងមូល ឬអាចនិយាយមួយបែបថា អាចម៌កណ្ដុល ឬអាចម៌កន្លាតមួយដុំ ធ្វើឲ្យខូចស៊ុបមួយឆ្នាំងបាន ដូច្នេះមន្រ្តីខិលខូចក៏ដូចជាអាចម៌កណ្ដុល ឬអាចម៌កន្លាតមួយដុំនោះដែរ។ ខ្ញុំជឿថាប្រជាពលរដ្ឋ ក៏គាំទ្រចំពោះជំហាន ជាបន្តបន្ទាប់ដែលរាជរដ្ឋាភិបាល បានធ្វើចំពោះមន្រ្តីខិលខូចទាំងអស់នោះ ព្រោះអ្នកទាំងអស់ហ្នឹង មិនត្រឹមតែមិននាំមកនូវការអភិវឌ្ឍជាតិនោះទេ តែថែមទាំងជាកត្តារាំងស្ទះការអភិវឌ្ឍដល់ការវិនិយោគផ្សេងៗទៀតពីបរទេស ពីព្រោះគាត់បានធ្វើឲ្យរដ្ឋបាលសាធារណៈ នៅកម្ពុជាគេមិនទុកចិត្ត ដែលជាហេតុផលដែលសម្ដេចត្រូវធ្វើការវះកាត់ បើមិនវះកាត់ទេវាអាចក្លាយជាជំងឺមហារីក ហើយនាំឲ្យសារពាង្គកាយទាំងមូលមានបញ្ហា»។
ក្រៅអំពីភាពចាំបាច់ក្នុងការអនុវត្តន៍អភិក្រមទី៥ របស់សម្ដេចក្នុងការកសាងប្រទេសជាតិ នោះមន្ត្រីរាជការមួយរូបទៀត គឺលោក បណ្ឌិត ស៊ឺន សម ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញអំពីតម្លៃនៃសន្តិភាពនៅក្នុងរយៈពេលវែងនៃការដឹកនាំរបស់សម្ដេច។ លោកថ្លែងបែបនេះ ព្រោះតាំងពីបញ្ចប់សម័យអង្គរមកប្រវត្តិសាស្រ្តកម្ពុជាមិនមានសម័យកាលណា ដែលមានសន្តិភាពរយៈពេលវែងបែបនេះឡើយ។
បណ្ឌិត ស៊ឺន សម បញ្ជាក់យ៉ាងដូច្នេះ៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ដែលជាមន្រ្តីរាជការមួយរូប សម្រាប់ការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីក្នុងរយៈពេលជាង ៣០ឆ្នាំមក ខ្ញុំគិតថាគឺជាសម័យកាលមួយ ដែលមានសន្តិភាពយូរអង្វែងបំផុតសម្រាប់ប្រទេសកម្ពុជាក្រោយពេលភាពរុងរឿងនៃអាចក្រអង្គរត្រូវបានបញ្ចប់ទៅ។
ព្រោះបើតាមប្រវត្តិសាស្រ្តនៃប្រទេសយើងឆ្លងកាត់សង្រ្គាមផ្ទៃក្នុង សង្រ្គាមជាមួយប្រទេសជិតខាងរហូត ហើយបើគិតពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្នបើទោះជាប្រទេសកម្ពុជាមានភាពក្រីក្រ ឬនៅមានបញ្ហាខ្លះ ប៉ុន្តែនេះគឺជារយៈការមួយដែលមានសន្តិភាព ដែលប្រជាជនអាចធ្វើអ្វីក៏បាន និងអាចធ្វើដំណើរបានគ្រប់ទីកន្លែង ហើយប្រទេសកម្ពុជាក៏មានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាច្រើនលើឆាកអន្តរជាតិ។ ក្នុងការដឹកនាំរបស់សម្ដេច ខ្ញុំមិននិយាយក្នុងនាមមន្ត្រីរដ្ឋាភិបាលទេ ជាក់ស្ដែងទោះបីជាយើងមានបញ្ហាខ្លះនៅក្នុងប្រទេសដែលមិនទាន់អាចដោះស្រាយបាន ប៉ុន្តែជាតំណាក់កាលមួយក្រោមការដឹកនាំរបស់សម្ដេចនាយកនោះ គឺកម្ពុជាកំពុងតែមានភាពស្មើមុខស្មើមាត់ ហើយយើងកំពុងធ្វើដំណើរមួយជំហានម្ដងៗឆ្ពោះទៅរកការអភិវឌ្ឍប្រទេសនាពេលអនាគត»។
នៅក្នុងការដឹកនាំប្រទេសរបស់សម្ដេចតេជោ រយៈពេលចុងក្រោយនេះ អ្វីដែលពលរដ្ឋកំពុងតែចាប់អារម្មណ៍ខ្លាំង គឺការរៀបចំបន្ទាត់ព្រំដែន ទាំងការសាងសង់ផ្លូវ អគ្គិសនី និងការបោះបង្គោលព្រំដែន។ កន្លងមកប្រទេសកម្ពុជាមិនទាន់ថ្នាក់ដឹកនាំរូបណា បានធ្វើបែបនេះឡើយ។ នេះបើតាមការលើកឡើងរបស់លោក ភី វាសនា មន្ត្រីបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា។
«ចំពោះខ្ញុំបាទក្នុងនាមមន្ត្រីរាជការមួយរូប មើលឃើញថាក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីរយៈពេលជាង៣០ឆ្នាំមកនេះ គឺប្រទេសជាតិយើងមានការអភិវឌ្ឍបានច្រើន ដូចជាទី១៖ គឺលោកបានជួយឲ្យប្រទេសកម្ពុជាមានឯករាជ្យភាព អធិបតេយ្យភាព និងបរណភាពទឹកដីដែលមិនអាចកាត់ថ្លៃបាន។ ទី២៖ លោកបានជួយឲ្យប្រទេសកម្ពុជាយើង មានសន្តិភាព និងស្ថេរភាព នយោបាយបានល្អ ជាពិសេស គឺមានទំនាក់ទំនងល្អជាមួយបណ្ដារប្រទេសជិតខាង តាមបន្ទាត់ព្រំដែន ដោយយើងបានចរចា បញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកទៅលើច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជាតិអន្តរជាតិ និងឯកសារពាក់ព័ន្ធនានា ដែលធ្វើឲ្យបន្ទាត់ព្រំដែនមានសន្តិភាព និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនមានការអភិវឌ្ឍនិងមានការងារធ្វើ»។
យ៉ាងណាមិញក្រៅពីមន្រ្តីរាជការនិស្សិតមួយរូបក៏បានបង្ហាញពីចំណាប់អាមរម្មណ៍លើការដឹកនាំរបស់សម្ដេចតេជោផងដែរ។ លោក ឆាយ មីត បានចាប់អារម្មណ៍ថា ការរក្សាលំនឹងនយោបាយរបស់សម្ដេច ខណៈដែលប្រទេសដទៃទៀតនៅជុំវិញពិភពលោក បាននិងកំពុងជួបវិបត្តិនយោបាយនោះ។
លោក ឆាយ មីត ថ្លែងបែបនេះ៖ «អ្វីដែលខ្ញុំពេញចិត្ត គឺគាត់បានធ្វើឲ្យមានលំនឹងនយោបាយ ខណៈដែលប្រទេសផ្សេងទៀតមិនមានស្ថេរភាពទេ។ ហើយការដែលធ្វើឲ្យមានលំនឹងននយោបាយក៏បានជួយឲ្យអ្នកវិនិយោគមានទំនុកចិត្ត ហើយហ៊ានមកវិនិយោគនៅកម្ពុជា ដែលធ្វើឲ្យប្រទេសរបស់យើងមានការរីកចម្រើន»។
ជារួមក្នុងរយៈពេលជិត៣៥ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនាប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងនាំមកនូវការបង្រួបបង្រួមជាតិ សុខសន្តិភាព រក្សានូវស្ថេរភាពក្នុងប្រទេស ដើម្បីផ្តល់ជាឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ កម្ពុជា ដែលត្រូវបានគេចាត់ទុកជាប្រទេសល់ពីគំនរផេះផង់នៃភ្លើងសង្គ្រាមជាច្រើនឆ្នាំនោះ ក្លាយជាប្រទេសមានការរីកចម្រើនស្ទើរគ្រប់វិស័យ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ប្រមាណ ៧ភាគរយជាប់គ្នាក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។
កំណើនសេដ្ឋកិច្ចបាននេះ បានរុញច្រានប្រទេសប្រទេសកម្ពុជាដែលជាប្រទេសក្រីក្រឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ជាមួយការដាក់ចេញនូវការប្តេជ្ញាចិត្តធ្វើឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ផលបានពីកំណើនសេដ្ឋកិច្ចនេះ ធ្វើឱ្យកម្ពុជាកាត់បន្ថយអត្រាភាពក្រីក្រជាបន្តបន្ទាប់ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរផងដែរ។ មកដល់ពេលបច្ចុប្បន្នភាពក្រីក្រនៅកម្ពុជាស្ថិតក្នុងអត្រាប្រមាណ ១៣ភាគរយប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋម្នាក់មានចំណូលប្រចាំឆ្នាំជាមធ្យមជាង ១៤០០ដុល្លារសហរដ្ឋអាមេរិក។
ពលរដ្ឋកម្ពុជា បានសម្តែងការរីករាយ និងពេញចិត្តចំពោះសមិទ្ធផលដែលទទួលបានពីការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ក៏ប៉ុន្តែពលរដ្ឋកម្ពុជាក៏នៅឃើញសម្តេចជំរុញការអភិវឌ្ឍន៍កាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសការអនុវត្តន៍អភិក្រមទី៥ ដើម្បីកាត់បន្ថយអំពើពុករលួយដែលជាហេតុនាំឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសទៀត។
ស្នាដៃបង្រួបបង្រួមជាតិ បិទបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវការអភិវឌ្ឍន៍របស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែពលរដ្ឋកម្ពុជានោះទេ ដែលបានស្ញប់ស្ញែងនោះ។ ស្នាដៃរបស់សម្តេចត្រូវបានទទួលស្គាល់នៅក្នុងឆាកអន្តរជាតិផងដែរ សាកលវិទ្យាល័យល្បីៗជាច្រើននៅលើពិភពលោក បានផ្តល់សញ្ញាបត្រកិត្តិយសជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទទួលស្គាល់ស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ចាប់ពីអំឡុងឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្រកិត្តិយស និងមេដាយកិត្តិយសពីបណ្តាសាកលវិទ្យាល័យនានា សរុបប្រមាណ១៩។ សាកលវិទ្យាល័យដែលផ្តល់សញ្ញាបត្រកិត្តិយស និងមេសាយកិត្តិយសទទួលស្គាល់ដៃដឹកនាំរបស់សម្តេចមានដូចជានៅប្រទេសអាមេរិក សហភាពអឺរ៉ុប ចិន កូរ៉េខាងត្បូង និងថៃជាដើម៕