(បាត់ដំបង)៖ បុរសម្នាក់បានបាត់ខ្លួន៣យប់ ៤ថ្ងៃ ដោយគាបជើងជាប់ថ្មក្នុងរូងភ្នំ ក្រោយឡើងកើបអាចម៌ប្រចៀវ ហើយរអិលជើងធ្លាក់ តាំងពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ហើយក្រុមគ្រួសារប្រទះឃើញ នៅថ្ងៃទី០៧ ខែសីហានេះ។ ប៉ុន្ដែបុរសខាងលើ រហូតមកដល់ពេលនេះ មិនទាន់អាចចេញពីរូងថ្មបាននោះទេ ពោលសមត្ថកិច្ចកំពុងជួយសង្គ្រោះ។
លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ម្ដាយជនរងគ្រោះ បានមកប្ដឹងសមត្ថកិច្ចថា គាត់បានបាត់កូនឈ្មោះ បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបា នស្រុកសំពៅលូន ខេត្តបាត់ដំបង រយៈពេល៤ថ្ងៃមកហើយ។ បើតាមម្តាយជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ កូនគាត់បានចេញបាត់ពីផ្ទះ ហើយមិនឃើញវិលត្រលប់មកវិញទេ ហើយឆោឡោដើររក ទើបប្រទះឃើញជាប់ក្នុងរូងភ្នំ នៅចំណុចភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។
បើតាមលោកអធិការ នៅន្លែងកើតហេតុជនរងគ្រោះអាចនិយាយបានធម្មតា មិនទាន់សន្លប់បាត់ស្មារតីនោះទេ ហើយបានប្រាប់ថា ខ្លួនឡើងមកកើបអាចម៌ប្រចៀវ ភ្លាមនោះក៏បានជ្រុះពិល ហើយខ្លួនក៏បានដើររកពិល ក៏រអិលធ្លាក់ជាប់ក្នុងជម្លៀតថ្មតែម្ដង។
ពាក់ព័ន្ធករណីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ពេលនេះ លោកបានស្នើដល់ក្រុមសង្គ្រោះអង្គភាព៧១១ របស់កងពលតូចលេខ៧០ ដើម្បីទៅជួយសង្គ្រោះបុរសរងគ្រោះខាងលើ។ គិតត្រឹមម៉ោងជិត២រសៀលថ្ងៃនេះ ក្រុម៧១១ កំពុងរៀបចំឡើងយន្ដហោះដើម្បីចេញទៅទីតាំងកើតហេតុ។
ដោយឡែក សម្រាប់ការជួយសង្គ្រោះនៅកន្លែងកើតហេតុវិញ ត្រូវបានទេសរដ្ឋមន្ដ្រី គន់ គីម អះអាងថា សមត្ថកិច្ចដែលមានទាំងកម្លាំងភូមិភាគ និងកម្លាំងនគរបាល បានសង្គ្រោះជនរងគ្រោះជិតរួចចេញមកខាងក្រៅហើយ ប៉ុន្ដែមិនទាន់បានទាំងស្រុងនៅឡើយទេ៕