(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា នៅដំណាក់កាលចុងក្រោយនេះ គឺមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសដែល សម្តេច និង លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា បានអញ្ជើញជាអធិបតីភាពរួមគ្នា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា និងស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង៦ទសវត្សមុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៥។
សម្តេចតេជោ បានថ្លែងបន្តថា «យើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៦ ហើយទំនាក់ទំនងប្រទេសទាំងពីរមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ»។
សម្តេចតេជោ បានថ្លែងថា កាលពីឆ្នាំ១៩៧៩ នៅពេលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងការបរទេស សម្តេចបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងកូឡំបូ ដែលនោះជាទស្សនកិច្ចលើកដំបូងរបស់សម្តេចនៅប្រទេសស្រីលង្កា។
សម្តេចបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្រីលង្កានាពេលនេះ បានបង្ហាញពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យការទូត ពាណិជ្ជកម្ម និងទេសចរណ៍។
បច្ចុប្បន្ននេះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងស្រីលង្កា នៅមានចំនួនតិចតួចនៅឡើយ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររយៈពេល៦ ឆ្នាំ២០១៨កន្លងទៅ មានជិត២លានដុល្លារ។ ក្នុងនោះកម្ពុជានាំចូលពីស្រីលង្កាជាង ១លានដុល្លារ ហើយនាំចេញទៅស្រីលង្កាវិញមានជាង ៦១ម៉ឺនដុល្លារអាមេរិក។
កម្ពុជាទទួលបានអ្នកទេសចរពីស្រីលង្កាកាលពីឆ្នាំ២០១៨ជិត ៤ពាន់នាក់។ ស្រីលង្កាធ្លាប់បានជួយផ្តល់ជំនួយមួយចំនួនដល់កម្ពុជាសម្រាប់វិស័យអប់រំ ហើយកម្ពុជាធ្លាប់បានផ្តល់ជំនួយសរុបប្រមាណ ២០ម៉ឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់កាលពីឆ្នាំ២០១៦ និង២០១៧៕