(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បានប្រារព្ធពិធីបិទការប្រកួត កីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ (BELTEI CHAMPIONS TROPHY 2019) ដែលមានក្រុមប្រកួត U-13 ចំនួន ១៩ក្រុម និងU-16 ចំនួន ១៧ក្រុម មកពីសាលា ប៊ែលធី ទាំង ១៩សាខា និងមានសិស្សានុសិស្ស ចូលរួមគាំទ្រ ចំនួនជាង ៥.០០០នាក់ នៅទីលានវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ និង ជាអគ្គនាយក ប៊ែលធីគ្រុប និងលោកស្រី ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រង នាយកសាខា បានអោយដឹងថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ (BELTEI CHAMPIONS TROPHY 2019)នេះ គឺជាកម្មវិធីសិក្សាបន្ថែមទី៨ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង៨ ដែលបានអនុវត្តកន្លងមក និងដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្សទាំងអស់ ឲ្យចេះស្រលាញ់កីឡា មានសាមគ្គឺភាព មិត្តភាពរវាងគ្នានិងគ្នា និងបង្កភាពសប្បាយ រីករាយ ព្រមទាំងបានបែងចែកជា៥ វគ្គ ក្នុងមាន៖
១៖ វគ្គទី១គឺជាវគ្គជំរុះក្នុងពូល (Group Stage) គឺជាការប្រកួតជំរុះគ្រប់សាខាទាំងអស់ដើម្បីយកក្រុមដែលឈ្នះក្នុងពូលនីមួយៗឡើងទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ
២៖ វគ្គទី២គឺជាវគ្គប្រកួត៨ក្រុម (Quarter Finals) គឺជាការប្រកួត ក្នុងពូលនីមួយៗដើម្បី ឡើងទៅប្រកួតក្នុងវគ្គ៤ក្រុម
៣៖ វគ្គទី៣ គឺជាវគ្គប្រកួត៤ក្រុម (Semi Finals) គឺជាការប្រកួតយកក្រុមឈ្នះ ដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ
៤៖ វគ្គទី៤គឺជា វគ្គប្រកួតយកលេខ៣ (Third Place)
៥៖ វគ្គទី៥គឺជាវគ្គប្រកួតផ្តាច់ព្រ័ត្រ (Grand Final) យកចំណាត់ថ្នាក់លេខ១ដើម្បីទទួលជ័យលាភីពានរង្វាន់

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានកោតសរសើរដល់ក្រុមកីឡាករ ដែលទទួលបានជ័យលាភីដែលចំនាយពេលវេលាប្រកួតអស់រយៈពេល៨ខែ ក្នុងការប្រកួតយ៉ាងស្វិតស្វាញនិង បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រ និងឆ្លៀតពេលទំនេររបស់ខ្លួន ទៅលេងកីឡា ព្រោះកីឡានាំមកនូវថាមពលរឹងមាំ នាំមកនូវសុខភាពល្អ ប្រាជ្ញាវាងវៃ និងសាមគ្គឺភាព រវាងគ្នា និងគ្នា និងជៀសឲ្យផុតពីគ្រឿងញៀន។

ជាមួយគ្នាដែរនោះលោកបណ្ឌិតក៏បានកោតសរសើរចំពោះ ក្រុមកីឡាករទាំង ១៩សាខា ដែលបានប្រកួតជាមួយគ្នាតាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកបដោយឆន្ទៈមោះមុត ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះជាលក្ខណៈគ្រួសារប៊ែលធី បើទោះបីឈ្នះ ឬចាញ់ ក៏នៅតែជាគ្រួសារប៊ែលធីដែរ។ បន្ទាប់មក លោកប្រធានគណៈអធិបតី បានបំពាក់មេដាយប្រគល់ពាន និងរង្វាន់ដល់កីឡាករជ័យលាភី U-13 និងU-16 ៕