(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ លោកប្រធានាធិបតី បានមកដល់កម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។
ភ្លាមៗបន្ទាប់ពី លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និង ភរិយា បានមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារស្វាគមន៍ដល់ដំណើរទស្សនកិច្ចលើកដំបូងនេះផងដែរ។ សម្តេចបានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «កម្ពុជារីករាយស្វាគមន៍ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និង លោកជំទាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។ តាមរយៈទស្សនកិច្ចនេះ គឺនឹងពង្រឹងបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត»។
បន្ទាប់ពីមកដល់ប្រទេសកម្ពុជា លោកប្រធានាធិបតីស្រីលង្កា បានសម្រាកនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ជាសណ្ឋាគារលំដាប់ផ្កាយប្រាំនៅកម្ពុជា ហើយនារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ លោកប្រធានាធិបតី និង សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញផូគីត្រា។
ក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា នៅដំណាក់កាលចុងក្រោយនេះ គឺមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។ សម្តេចបានថ្លែងថា កម្ពុជា និងស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង៦ទសវត្សមុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៥។
លុះម៉ោង៩៖៤៥នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក Maithripala Sirisena និងលោកស្រី ចាយ៉ាន់ធី ស៊ីរីសេនា ជាភរិយា បានទៅកាន់ព្រះបរមរាជវាំងកម្ពុជា ដើម្បីចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។
បន្ទាប់ពីបានចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំងហើយនោះ នៅវេលាម៉ោង១០៖៤០នាទី ព្រឹកថ្ងៃទី០៨ ខែសីហា លោក និងភរិយា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ព្រមទាំងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»ផងដែរ។
បន្ទាប់ពីបានអញ្ជើញចូលគាល់ព្រះមហាក្សត្រខ្មែរ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប សម្តេចនរោត្តម សីហនុ រួចហើយនោះ ប្រធានាធិបតីស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស្រ៉ីសេនា និងភរិយា បានឆ្លៀតចូលទៅដើរលេងកម្សាន្តនៅផ្សារទំនើបអេអន១។ កម្មវិធីដើរលេងកម្សាន្តនៅផ្សារអេអន១ ជាកម្មវិធីមួយឯកជនមួយមិនស្ថិតក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនៅកម្ពុជានោះឡើយ។
រហូតដល់ម៉ោង៣៖៤០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ទើបជំនួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា បានចាប់ផ្តើមជាផ្លូវការ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ដូចទៅនឹងការទទួលប្រមុខរដ្ឋដទៃទៀតដែរ។
នៅក្នុងជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកប្រធានាធិបតី Maithripala Sirisena បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកបានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះលោកក៏បានលើកឡើង ដោយធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ, វប្បធម៌, ទេសចរណ៍, ពាណិជ្ជកម្ម, អាកាសចរណ៍ស៊ីវិល និងពិសេសជំរុញឲ្យមានការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ឬពីប្រទេសកម្ពុជា ទៅប្រទេសស្រីលង្កាជាដើម។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី នៅវេលាម៉ោង៤៖២០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងលោក Maithripala Sirisena បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ ដែលក្នុងនោះរួមមាន៖
ទី១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ចុះហត្ថលេខាដោយ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និងលោក Vansantha Senanayake មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសស្រីលង្កា។
ទី២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡំបូ។ ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយប្រធានសភាពាណិជ្ជកម្មស្រីលង្កា។
ក្រោយបញ្ចប់ពិធីចុះហត្ថលេខា នៅយប់ថ្ងៃទី០៨ ខែសីហាដដែលនោះ លោកប្រធានាធិបតី បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយព្រះកុរណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះជាម្ចាស់ជីវិតតម្កល់លើត្បូង នៅព្រះបរមរាជវាំង។
រហូតដល់នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លោក Maithripala Sirisena និងភរិយា បានហោះចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជាប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរ នៅក្នុងទឹកដីខេត្តសៀមរាប។ ការទស្សនាកម្សាន្តលើទឹកដីអង្គររបស់ លោកប្រធានាធិបតីប្រទេសស្រីលង្កា អមដំណើរដោយសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង ហើយក៏នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។
បន្ទាប់ពីបានទស្សនាប្រាសាទល្បីៗរបស់ខ្មែរ ហើយមកដល់រាជធានីភ្នំពេញវិញ នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នោះ លោក Maithripala Sirisena និងភរិយា បានអញ្ជើញចូលរួមពិធីជប់លៀង ដែលរៀបចំដោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញផូគីត្រាវិញម្តង។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះដែរ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លោក Maithripala Sirisena បានអញ្ជើញទៅកាន់វត្តលង្កា ដើម្បីប្រគេនដើមពោធិព្រឹក្ស ដែលយកមកពីក្រុងអនុរាធបុរៈ ប្រទេសស្រីលង្កា ជូនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា។ បន្ទាប់ពីពិធីប្រគល់នេះ លោកប្រធានាធិបតី ក៏អញ្ជើញចូលរួមក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួលអំណោយដើមឈើប្រភេទនេះចំនួន១០ដើម ពីលោកប្រធានាធិបតីផងដែរ។
លោក Maithripala Sirisena និងភរិយា បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង០៤៖២០នាទី រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា អស់រយៈពេល៤ថ្ងៃ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បានចេញផ្សាយនូវសេចក្តីថ្លែការរួមនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា នៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៧-១០ ខែសីហា ឆ្នាំ២០១៩៕