(ភ្នំពេញ)៖ ភ្លៀងមួយមេដ៏ធំនៅយប់ថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បង្កជាទឹកជំនន់លិចលង់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅទីក្រុងព្រះសីហនុ ដែលជាទីក្រុងប៉ូលសេដ្ឋកិច្ចលំដាប់ទី២បន្ទាប់ពីរាជធានីភ្នំពេញ។ ផ្ទះសម្បែង ទ្រព្បសម្បត្តិប្រជាពលរដ្ឋ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងជាច្រើនរងការខូចខាត និងត្រូវបំផ្លេចបំផ្លាញយ៉ាងដំណំ។

ការជន់លិចក្រុងព្រះសីហនុ បានក្លាយទៅជាសម្ពាធថ្មីមួយទៀតសម្រាប់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ដ៏ច្រើនសន្ធាប់ដែលភាគច្រើនជាការវិនិយោគរបស់អ្នកវិនិយោគចិននោះ។ មិនត្រឹមតែប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុប៉ុណ្ណោះទេ ដែលបានសម្តែងការថ្នាំងថ្នាក់ដោយសារតែការរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ សូម្បីក្រុមអង្គការសង្គមស៊ីវិលមាននិន្នាការប្រឆាំងគម្រោងអភិវឌ្ឍន៍ចិននៅកម្ពុជា ក៏បានចាប់យកធ្វើជាចំណាប់បញ្ហាវាយប្រហារលើកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងចិន ក្រោមគម្រោងខ្សែក្រវាត់ និងផ្លូវផងដែរ។

សំណួរជាច្រើនត្រូវបានផុសឡើងជាបន្តបន្ទាប់ថា តើជំនន់ទឹកភ្លៀងនេះបណ្តាលមកពីមូលហេតុអ្វី? កំហុសមកពីការចូលមកវិនិយោគរបស់អ្នកវិនិយោគចិន? បណ្តាលមកពីកម្រិតទឹកភ្លៀងខ្ពស់? បណ្តាលមកពីការលុបបឹងព្រែកទប់ ឬបណ្តាលមកពីប្រព័ន្ធហូររំដោះទឹកភ្លៀងត្រូវបានគេរំលោភយក?

កំណើនសំណង់ ការលុបបឹងព្រែកទប់ធ្វើឱ្យបាត់បង់ផ្ទៃរងទឹកភ្លៀង និងកម្រិតទឹកភ្លៀងខ្លាំងជាមូលហេតុមួយនាំឱ្យមានការជន់លិចនេះ។ ប៉ុន្តែបញ្ហាធំមួយដែលគេរកឃើញថា នាំឱ្យមានការជន់លិចខ្លាំងបែបនេះ គឺប្រព័ន្ធបង្ហូររំដោះទឹកភ្លៀងដូចជាប្រឡាយ និងអូរត្រូវបានរាំងខ្ទប់ដោយសារការចាក់ដីរំលោភយក ដើម្បីធ្វើជាសំណង់លំនៅឋាន និងសំណង់ផ្សេងៗទៀត។

មន្ត្រីជំនាញបានលួចបង្ហើបឱ្យដឹងថា ប្រឡាយ និងអូរ ដែលជាប្រព័ន្ធសម្រាប់ហូររំដោះទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុ ត្រូវបានគេរំលោភយកដោយចាក់ដីធ្វើជាសំណង់លំនៅឋាន អគារពាណិជ្ជកម្ម និងសណ្ឋាគារជាដើមរហូតដល់ទៅប្រមាណ ៥០ភាគរយ។ ក្នុងនោះប្រឡាយ និងអូរកន្លែងខ្លះដែលមានទទឹងរហូតដល់ទៅ១០ម៉ែត្រ ត្រូវបានគេចាក់ដីលុបយកទៅធ្វើសំណង់អស់រហូតដល់ទៅ ៨ម៉ែត្រទៅហើយ។

ដូច្នេះតើអ្វីទៅជាវិធានការដែលត្រូវអនុវត្តន៍ជាចាំបាច់ ដើម្បីរំដោះការជន់លិចដោយសារទឹកភ្លៀងនៅក្រុងព្រះសីហនុ?

ការជន់លិចក្រុងព្រះសីហនុ ជាចំណោទបញ្ហាថ្មីមួយទៀត ក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត ដែលទាមទារឱ្យអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាទាំងមូលតែម្តងត្រូវរិះរកវិធីសាស្ត្រ និងយន្តការដ៏មានប្រសិទ្ធភាពដើម្បីដោះស្រាយ។ ការរំដោះយកប្រឡាយទឹក និងអូរត្រឡប់វិញ គឺជារឿងត្រូវតែអនុវត្តន៍ជាចាំបាច់បំផុត។

សំណង់ទាំងឡាយរួមទាំងលំនៅឋានរបស់ប្រជាពលរដ្ឋ និងសំណង់អគារតូចធំផ្សេងៗចាក់ដីសង់រំលោភលើប្រឡាយ និងអូរ ត្រូវតែរុះរើដោយគ្មានការអនុគ្រោះនោះឡើយ។ បន្ទាប់មកការស្តារប្រឡាយឡើងវិញឱ្យកាន់តែជ្រៅ និងពង្រីកឱ្យកាន់តែធំ ជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមដងប្រឡាយ និងអូរឱ្យបានត្រឹមត្រូវ ក៏ជារឿងត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ។

រឿងមួយទៀតនោះ ការរៀបចំឱ្យមានកន្លែងសម្រាប់ផ្ទៃរងទឹកភ្លៀងនៅក្នុងខេត្តព្រះសីហនុ ក៏ជារឿងសំខាន់ និងចាំបាច់ណាស់ផងដែរ។ គេមិនអាចទុកឱ្យទឹកភ្លៀងហូរចាក់ចូលសមុទ្រភ្លាមៗនោះឡើយ ព្រោះវានឹងបង្កឱ្យទឹកសមុទ្រឆាប់ល្អកកករជាក់ជាមិនខាន។

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីការជន់លិចយ៉ាងធ្ងន់ធ្ងរហើយនោះ គេបានឃើញឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញជាច្រើនរូបទៀត បានចុះពិនិត្យទីតាំងក្នុងក្រុងរិះរកវិធីដោះស្រាយបញ្ហាជន់លិចនេះ។ សកម្មភាពបានបង្ហាញពីស្មារតី និងឆន្ទៈរួមគ្នារបស់មន្ត្រីថ្នាក់ជាតិ និងមូលដ្ឋានក្នុងការស្តារស្ថានការក្រុងព្រះសីហនុពីការជន់លិច។

គ្រឿងចក្រប្រមាណ២១គ្រឿង ដែលជារបស់ក្រសួងធនធានទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន និងជារបស់ក្រុមហ៊ុនធ្វើផ្លូវរបស់ចិន ត្រូវបានបញ្ជូនទៅកាន់ក្រុងព្រះសីហនុផងដែរ ដើម្បីចេញប្រតិបត្តិការស្តារប្រឡាយ និងអូរ សម្រាប់បើកផ្លូវរំដោះទឹក។

ផែនការរំដោះក្រុងព្រះសីហនុពីការជន់លិចដោយទឹកភ្លៀងមិនអាចសម្រេចទៅបានឡើយ ប្រសិនបើប្រជាពលរដ្ឋជាម្ចាស់លំនៅដ្ឋាន និងម្ចាស់សំណង់ផ្សេងៗដែលសង់រំលោភយកប្រឡាយ និងអូរ មិនចូលរួមទេនោះ។ ដូច្នេះការចូលរួមសហការពីម្ចាស់សំណង់ចាក់ដីសង់រំលោភយកប្រឡាយ និងអូរ ជារឿងដ៏សំខាន់និងចាំបាច់មួយទៀត ដើម្បីឈានទៅសម្រេចផែនការស្រោចស្រង់ក្រុងព្រះសីហនុពីការជន់លិច៕

ដោយ៖ វ៉ាន់ សារាយ