(ភ្នំពេញ)៖ វិស័យសំណង់នៅប្រទេសកម្ពុជា​នាពេល​បច្ចុប្បន្ន ចាប់ផ្ដើមមានការរីកចម្រើន និងរីកដុះដាលជាខ្លាំង ដោយសារ​មូលហេតុ​នៃកំណើនវិ​និយោគិន និងកំណើន​ប្រជាជន​មានការ​កើន​ឡើង ដូច្នេះតម្រូវការរបស់មនុស្សក៏កើនឡើងកាន់តែច្រើនដូចគ្នា ដែលក្នុងនោះយើងសង្កេតឃើញថា មានសំណង់លំនៅដ្ឋាន ឬអគារផ្សេងៗ​ត្រូវបា​ននឹ​ងកំពុងសាងស​ង់​យ៉ាងហូរហែ​ដើម្បី​បំពេញ​តាមសេច​ក្ដីត្រូវការ​ស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេស។

ទន្ទឹមនឹងនេះ ដើម្បីធានាថាការសាងសង់ និងសំណង់ទាំងនោះ ត្រូវបានធ្វើឡើងដោយ​ស្របទៅតា​មបទដ្ឋានគតិយុត្ត ព្រមទាំង​មិនបង្ក​នូវបញ្ហា ឬគ្រោះថ្នា​ក់ណាមួយជាយ​ថាហេតុ អ្នកដែល​មាន​បំណង​ច​ង់​សាង​សង់នូវសំណង់ថ្មី ត្រូវទទួលបាន​លិខិតអនុញ្ញា​តសាងសង់ជាមុនសិន ហើយ​លក្ខខណ្ឌ​នៃការស្នើសុំលិខិត​នេះទៀតសោតក៏ត្រូវបានបញ្ញត្ត​យ៉ាងជាក់​លាក់ដោ​យច្បាប់នៃព្រះរាជាណាចក្រ​កម្ពុជាផងដែរ។​

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ អំពី​នីតិវិធីនៃការស្នើសុំ​លិខិតអនុញ្ញាត​ខាងលើ កម្មវិធី​យល់​ដឹង​ផ្នែក​ច្បាប់​របស់​អង្គភាព​ព័ត៌មាន Fresh News សហការ​ជាមួយ ក្រុម​មេធា​វីកម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូម​លើក​យកប្រធានបទស្ដីពី «ការស្នើ​សុំលិ​ខិត​អនុញ្ញាត​សាងសង់» មកបកស្រាយ និង​ចែក​រំ​លែក ជូន​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​ទាំងអស់​ដូច​ត​ទៅ៖​

យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពី​លិខិត​អនុញ្ញាត​សាងសង់ របស់​រាជរដ្ឋាភិបាល​នៃព្រះរាជាណា​ចក្រកម្ពុជា ចុះថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ១៩៩៧ សំណង់​ដែលតម្រូវ​ឱ្យមា​នលិខិតអនុញ្ញាត​សាង​សង់ជាមុនគឺ រាល់ការសាងសង់ថ្មី ឬសាង​សង់ឡើ​ងវិញលើអគារដែលមានស្រាប់ (ក្នុងករណីដែលការសាងស​ង់ឡើងវិញ​នោះប្ដូរទ្រង់ទ្រាយ ឬទិដ្ឋភាព​នៃសំណង់) នៅក្នុង​ទីក្រុង និងទី​ប្រជុំជន។

ចំណែកឯសំណង់ជាលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ដែលស្ថិត​នៅទីជនបទ ឬតំបន់ឆ្ងាយ​ពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពី​តំបន់រមណីយដ្ឋាន​ទេសចរណ៍ តំបន់បេតិក​ភណ្ឌជាតិ ឬតំបន់រ​ក្សាទុកការពារវិ​ញនោះ គឺមិនតម្រូវឱ្យ​មានលិខិតអនុញ្ញាត​សាងសង់​នោះឡើយ។ លិខិត​អនុញ្ញាតសា​ងសង់ ត្រូវបានត​ម្រូវឱ្យស្នើសុំដោយម្ចាស់​គម្រោង ឬអ្ន​កតំណាង​ស្របច្បាប់រ​បស់ម្ចាស់​គម្រោង​។ ជាក់ស្ដែងនីតិវី​ធីនៃការស្នើ​សុំលិខិត​អនុញ្ញាត​សាងស​ង់នេះ មិនមាន​លក្ខណៈ​ស្មុ​គស្មាញ​ដែល​អាចបង្កជា​ ការលំ​បា​កដល់​បងប្អូន​ប្រជាព​លរដ្ឋ​នោះឡើយ។

មាត្រា៩ នៃ​អ​នុក្រឹត្យ ស្ដីពី​លិខិត​អ​នុញ្ញាត​សាងសង់ បានចែង​អំពី​ឯកសារ​ចាំបាច់​សម្រាប់​ការស្នើសុំ​ដូចខា​ងក្រោម៖

 

១៖ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ ប័ណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​ប្រើប្រាស់​អចលនវត្ថុ ឬលិខិត​កាន់កា​ប់ដីជាបណ្ដោះ​អាសន្ន
២៖ សលាកបត្រ​ដីឡូតិ៍ និងប្លង់​ទីតាំង​អគារ​នៅក្នុ​ង​ដីឡូតិ៍
៣៖ ប្លង់ និង​គម្រោង​ស្ថាបត្យកម្ម វិស្វកម្ម
៤៖ អត្តសញ្ញាណប័ណ្ណ​សម្គាល់ជា​ជនជាតិខ្មែរ​របស់អ្នក​ស្នើសុំ
៥៖ ពាក្យសុំលិខិតអនុញ្ញាត​សាងសង់​ដោយ​មា​នហត្ថលេខា​របស់ម្ចា​ស់ដី និងអ្នក​ធ្វើគម្រោង។ (សំណុំ​លិខិត​ពាក្យសុំ​លិខិត​អនុញ្ញាត​សាងសង់​ទាំងអស់​ត្រូវធ្វើ​ឡើង​ជាភាសាខ្មែរ ហើយ​​អត្ថបទ​​ជាភាសា​​អង់គ្លេស និងភាសា​បារាំងអា​ចផ្ដល់ភ្ជាប់​ជាមួយនឹ​ងលិខិត​នេះ​បាន)

គួរបញ្ជាក់ផងដែរថា អាជ្ញាធរដែលមាន​សមត្ថកិច្ចក្នុង​ការចេញលិខិត​អនុញ្ញា​តសាងសង់មាន​ចំនួន ០៣ ថ្នាក់។ ទី១ គឺថ្នា​ក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែល​មានផ្ទៃក្រឡា​កម្រាល​សំណង់​សរុបតូច​ជាង ឬស្មើ ៥០០​ ម៉ែត្រការ៉េ។ ទី២ គឺ​ថ្នាក់រា​ជធានី ខេ​ត្ត ចំពោះ​សំណង់​ដែលមានផ្ទៃ​ក្រឡាក​ម្រាលសំណង់ធំជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣០០០ ម៉ែត្រការ៉េ​។ រីឯទី៣ គឺ​គម្រោង​សាងសង់​ណាដែលមា​នផ្ទៃក្រឡាកម្រាលសំ​ណង់ធំ​ជាង ៣០០០ ម៉ែត្រកា​រ៉េ ត្រូវមកសុំការអនុញ្ញាត​សាងសង់​នៅក្រសួង​រៀបចំដែន​ដី នគរូបនី​យកម្ម និង​សំណង់​ផ្ទាល់​តែម្តង ។

បើយោងតាម​អនុក្រឹត្យ​ខាងលើ​នេះដដែល រយៈ​ពេល​សម្រាប់ពិនិត្យសំ​ណុំ​លិខិតអ​នុញ្ញាត​សាងសង់ ត្រូវបា​នកំណ​ត់ត្រឹម ៤៥ ថ្ងៃធ្វើការ។ រយៈពេលនេះ គិតចា​ពីថ្ងៃដែលរាល់​លិខិ​តស្នាម ភ្ជាប់ជា​មួយនឹ​ង​ពាក្យ​សុំលិ​ខិត អនុញ្ញាត​សាងស​ង់បាន​បំពេញស​ព្វគ្រប់។ នៅចុង​រយៈពេល​កំណត់នេះ អ្ន​ក​ស្នើសុំនឹង​ទទួលបាន​ដំណឹង​អំពី​សេចក្ដីស​ម្រេច​ជាលាយ​លក្ខអក្សរ ស្ដីពី​ការអនុ​ញ្ញាត ការមិន​អនុញ្ញាត ឬកា​រអនុញ្ញាត​ដែរ តែស្នើ​សុំ​ឱ្យកែ​សម្រួល​បន្ថែម។

យោងទៅតាមប្រកាស​អន្តរ​ក្រសួង​រវាង ​ក្រសួងសេ​ដ្ឋកិច្ច និងហិ​រញ្ញវត្ថុ និង​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់លេខ ០៣៣ ស.ហ.វ. ប្រ.ក ថ្ងៃទី១២ ខែមករា ២០០៦ ការបង់​ថ្លៃក្នុងការស្នើ​សុំគឺ​គិតទៅ​លើទំហំផ្ទៃក្រឡា និងប្រភេទ​គម្រោង​សាងស​ង់នោះ ។

ឧទាហរណ៍៖ សម្រាប់​គម្រោង​សំណង់លំនៅដ្ឋាន ដែលមា​នផ្ទៃក្រឡាសា​ងសង់​ទំហំ ៥០០ ម៉ែត្រការ៉េ តម្លៃសោ​ហ៊ុយ​សេវា​គឺប្រែប្រួលទៅ​តាម​ប្រភេទផ្ទះ​ដូចជា ភូមិគ្រឹះត្រូ​វបង់សេ​វាចន្លោះពី ៦សែន​រៀល ដល់១,៨​លានរៀល។ សម្រាប់​ផ្ទះល្វែង​ថ្លៃសេវា​ចន្លោះ​ពី ៤សែ​នរៀល ដល់១,២លានរៀល និង​សម្រាប់ផ្ទះ​ថ្មក្រោមឈើ​លើមា​ន​តម្លៃចន្លោះពី ១៤​ម៉ឺនរៀល ទៅ ២២ម៉ឺ​នរៀល។

ស្របគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​គួរគប្បី​ស្វែងយល់ និងអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅតា​មនីតិវិ​ធីខាងលើ​ ដោយ​ហេតុថា​ រាល់​សំណង់​ដែលបាន ចាប់ផ្ដើម​ដោយមិន​មានលិខិ​តអនុញ្ញាត សាងសង់ពីអាជ្ញាធរ​មាន​សមត្ថកិច្ច នឹងត្រូ​វចាត់ទុក​ជាបទល្មើស ហើយការដ្ឋាន​សាងសង់នឹ​ងត្រូវបា​នប​ញ្ឈប់ជាបន្ទាន់។

លើសពីនេះ បុគ្គលដែលបានប្រព្រឹត្តល្មើសនឹងបទបញ្ជារ​បស់មន្ត្រី​មាន​សមត្ថកិច្ច នឹងត្រូ​វជាប់ចោទ ហើយឧបករណ៍​ទាំងអស់​នៅក្នុងការដ្ឋាននឹងត្រូ​វបានរឹ​បអូស និងអា​ចរងការពិន័យអន្តរ​ការណ៍​ថែមទៀតផង។ (យោង​តាម​មាត្រា​២៤ នៃអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពី​លិខិត​អនុញ្ញាត​សាងសង់ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និង​យោងតាម ប្រកាស​អន្តរក្រ​សួងស្ដីពី នីតិវិធី​និង​បែបបទនៃ​ការធ្វើអធិការ​កិច្ច​សំណង់លេខៈ ១១៨ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩)៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕