(ភ្នំពេញ)៖ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាជាលើកទី២ កោះហៅទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យចូលបំភ្លឺអំពីករណីញុះញង់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមបណ្តឹងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ដីកាកោះហៅលើកទី២ របស់តុលាការក្រុងភ្នំពេញ បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានសមត្ថកិច្ច យកទៅបិទនៅផ្ទះរបស់ លោក សម រង្ស៉ី នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ។
ពាក់ព័ន្ធនឹងករណីញុះញង់នេះ កាលពីពេលកន្លងទៅ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ ទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់ចោលស្រុក ឱ្យចូលបំភ្លឺនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្តងរួចទៅហើយ ប៉ុន្តែទណ្ឌិតរូបនេះ ពុំបានចូលបំភ្លឺតាមការកោះហៅរបស់ តុលាការឡើយ។
សូមបញ្ជាក់ថា ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងពាក្យបណ្តឹងនេះ សម្តេចក្រឡាហោម ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី។
ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានមួលបង្កាច់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការដាក់ពាក្យប្តឹង លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ទៅតុលាការនាថ្មីៗនេះ គឺជាបណ្តឹងលើកដំបូងរបស់សម្តេច ក្នុង១ឆាកជីវិតនេះ។
សម្តេចបានបញ្ជាក់ថា ការដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៉ីនេះ គឺជាការដាស់តឿនស្មារតីដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មាន ដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន៕