(បាត់ដំបង)៖ អគារការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកជាយដែនចំនួន៤ រួមមាន រដ្ឋបាលស្រុកកំរៀង រដ្ឋបាលស្រុកសំពៅលូន រដ្ឋបាលស្រុករតនមណ្ឌល និងស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

បន្ទាប់ពីលោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានអានរបាយការណ៍ស្វាគមន៍ និងបានរំលឹកអំពីប្រវត្តិ នៃការបង្កើតការិយាល័យប្រជាពលរដ្ឋ ដែលបានបង្កើតសាកល្បងមុនគេ គឺនៅការិយាល័យច្រកចេញចូលតែមួយក្រុងបាត់ដំបង និងក្រុងសៀមរាប ដែលបានអនុវត្តតាមសេចក្តីសម្រេចលេខ៤៧ សសរ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៣ របស់ក្រសួងមហាផ្ទៃកន្លងមក។

លោក ងួន រតនៈ បានផ្តាំផ្ញើ និងណែនាឲ្យរដ្ឋបាលស្រុកគោលដៅទាំង៤ គឺស្រុកកំរៀង ស្រុកសំពៅលូន ស្រុករតនមណ្ឌល និងស្រុកបាណន់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗមួយចំនួន៥ចំណុចដូចជា៖

*ទី១៖ អនុវត្តឲ្យមានប្រសិទ្ធិភាព នូវយន្តការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ស្របតាមលិខិតបទដ្ឋានគតិយុត្តិ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីតារាងតម្លៃសេវា។

*ទី២៖ ផ្តល់សេវារដ្ឋបាល ត្រូវធានាឲ្យបាននូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ការឆ្លើយតប សមធម៌ និងការចូលរួមរបស់ប្រជាពលរដ្ឋ។

*ទី៣៖ ត្រូវបិទផ្សាយតារាងតម្លៃសេវាជាសាធារណៈ នៅតាមទីសាធារណៈផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងមើល។

*ទី៤៖ ត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាពង្រឹងរាល់ការផ្តល់សេវារដ្ឋបាលតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។

*ទី៥៖ ត្រូវដាក់វិន័យរដ្ឋបាលចំពោះមន្ត្រីរាជការ បុគ្គលិក ដែលបង្កភាពថ្នាំងថ្នាក់ ដោយសកម្មភាពមិនយកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាល។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ដែលបានដាក់ឲ្យដំណើរការកន្លងមកចំនួន០៥ក្រុង ស្រុក ព្រមទាំងសម្ពោធដាក់ឲ្យដំណើរការនាថ្ងៃនេះចំនួន០៤ស្រុក បន្ថែមទៀត។ នៅឆ្នាំ២០២០បន្ថែម នឹងចំនួន៥ស្រុកទៀត ដូចជា៖ ស្រុករុក្ខគិរី ស្រុកគាស់ ស្រុកសំឡូត ស្រុកភ្នំព្រឹក និងស្រុកឯកភ្នំ ដើម្បីធ្វើការប្រមូលផ្តុំនូវភាពងាយស្រួល និងការផ្តល់សេវារដ្ឋបាលមួយចំនួនជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងបានល្អប្រសើរ៕