(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានញ្ជូនខ្លួនឈ្មោះ សេក សុខជា មកកាន់សាលាដំបូងរាជធានីឋភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ក្នុងដំណើររឿង បុគ្គលរូបនេះ បានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋថា ខ្លួនបានស្គាល់អ្នកធំនៅតាមបណ្តាក្រសួង-មន្ទីរ ហើយលួងលោមឲ្យក្រុមជនរងគ្រោះជឿទុកចិត្ត ទើបពួកគាត់បានប្រគល់លុយឲ្យជាបន្ដបន្ទាប់ទាំងអស់ ប្រមាណ៣៧៨,៥០០ដុល្លារ។
ដើមចមនៃការឃាត់ខ្លួនជនសង្ស័យឈ្មោះ សេក សុខជា សមត្ថកិច្ចក្រសួងមហាផ្ទៃបញ្ជាក់ថា រូបគេបានយកឈ្មោះថ្នាក់ដឹកនាំ ទៅដើរបោកប្រាស់គេប្រជាពលរដ្ឋ ដើម្បីរត់ការចូលបម្រើការនៅតាមក្រសួងមួយចំនួន យកអស់ប្រាក់ប្រមាណ ៣៧ម៉ឺនដុល្លារអាមេរិក។ ហើយត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបាន កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ។
នេះបើយោងតាម លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។ លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ដែលដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សេក សុខជា បានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋថា ខ្លួនស្គាល់អ្នកធំនៅតាមក្រសួង ហើយលួងលោមឲ្យជនរងគ្រោះទុកចិត្ត ទើបជនរងគ្រោះបានប្រគល់លុយ ឲ្យជាបន្ដបន្ទាប់ ប្រមាណ៣៧៨,៥០០ដុល្លារ។
បន្ទាប់ពីបានទទួលលុយរួចមក ជនសង្ស័យឈ្មោះ សេក សុខជា មិនបានរត់ការអ្វីនោះទេ ហើយថែមទាំងភូតកុហកជនរងគ្រោះដើម្បីគេចវេស។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕