(ភ្នំពេញ)៖ រយៈពេល៥ខែ នៅក្នុងឆ្នាំ២០១៩នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់១.៧០០លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកជប៉ុនបាននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ៤៤០លានដុល្លារ។
នេះបើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលអនុញ្ញាតឱ្យ លោក ហ៉ីដេហ៉ីសា អូរីណូអូឈិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការកើនឡើងនៃការនាំចេញកម្ពុជា ទៅកាន់ប្រទេសជប៉ុននេះ គឺជាជោគជ័យដ៏ធំ នៅក្នុងបេសកកម្មការទូតរបស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះ លោក ហ៉ីដេហ៉ីសា ដែលនឹងចាកចេញពីកម្ពុជានៅ២សប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ បានសម្តែងនូវសេចក្ដីសោមនស្ស រីករាយយ៉ាងខ្លាំងដែលបានក្លាយជាអគ្គរដ្ឋទូតនៅកម្ពុជា។ អំឡុងបេសកកម្មការទូត៣ឆ្នាំនេះ លោកសង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងន័យនេះ លោកបានសូមគោរពសំដែង នូវការគោរពនិងកោតសរសើរ ដល់វីរភាពនៃការដឹកនាំរបស់សម្ដេចតេជោផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ហ៉ីដេហ៉ីសា ចំពោះកិច្ចប្រឹងប្រែងរបស់លោក ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ នារយៈពេលកន្លងមកនេះ។
សម្ដេចបានមានប្រសាសន៍ថា ជាការពិតការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ បានកើនឡើងយ៉ាងខ្លាំងនោះ គឺទទួលបានអំពីការប្រឹងប្រែងរបស់លោកអគ្គរាជទូតជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកយ៉ាងធំ នៅក្នុងបញ្ហានេះ។ ជាក់ស្ដែង ជាលទ្ធផលនៃការវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៨, ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៤៤០លានដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជា មានចំនួន ៤៤០លានដុល្លារស្រេចទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដោយឡែកនៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញទៅប្រទេសជប៉ុន ចំនួនតែមានទំហំទឹកប្រាក់ ប្រមាណ ១.៦០០លានដុល្លាអាមេរិក។ ក្នុងន័យនេះ សម្ដេចតេជោ បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះ ឯកអគ្គរាជទូត ហើយក៏បានជូនពរ ឯកអគ្គរាជទូត ក្នុងបេសកកម្មថ្មីរបស់លោក ទៅកាន់ប្រទេសហូឡង់ បានទទួលជោគជ័យបន្តទៀត៕