(ភ្នំពេញ)៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់សាលាក្តីខ្មែរក្រហម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីសម្រេចបញ្ចប់កិច្ចដំណើរការនីតិវិធីលើបណ្តឹងសាទុក្ខពាក់ព័ន្ធនឹង នួន ជា ប៉ុន្តែបានទទួលពិនិត្យលើសំណើបន្ទាន់របស់ក្រុមមេធាវីការពារក្តី នួន ជា ពាក់ព័ន្ធនឹងក្នុងចំណោមនោះផលប៉ះពាល់នៃមរណភាពរបស់ នួន ជា ទៅលើសាលក្រម និងការដាក់ពិរុទ្ធភាពជាមូលដ្ឋាន។ នេះគឺជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ នៃសាលាក្តីខ្មែរក្រហម នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
លោកបានឱ្យដឹងថា៖ «អង្គជំនុំជម្រះតុលាការកំពូល បានប្រកាសថា មរណភាពរបស់ជនជាប់ចោទ នួន ជា មានអនុភាពរំលត់បណ្តឹងអាជ្ញាលើរូបគាត់ និងបញ្ចប់រាល់កិច្ចដំណើរការនីតិវិធីពាក់ព័ន្ធ នឹងរូបគាត់នៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល ហើយអង្គជំនុំជម្រះតុលាការកំពូលបន្តទទួលពិនិត្យ លើសំណើសុំបន្ទាន់របស់ក្រុមមេធាវីការពារក្តី នួន ជា»។
នួន ជា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។
អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយ។
ជនជាប់ចោទ នួន ជា បានដាក់សេចក្តីជូនដំណឹងអំពីបណ្តឹងសាទុក្ខរបស់ខ្លួនប្រឆាំងនឹងសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូងក្នុងសំណុំរឿង ០០២/0២ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩។
ជនជាប់ចោទ នួន ជា អាយុ៩៣ឆ្នាំ បានទទួលមរណភាព កាលនៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៩ ក្រុមមេធាវីការពារក្តី នួន ជា បានដាក់ សំណើបន្ទាន់ពាក់ព័ន្ធនឹងផលប៉ះពាល់លើកិច្ចដំណើរការនីតិវិធីបណ្តឹងនៃមរណភាពរបស់ នួន ជា នៅពេលចេញសាលដីកា។
ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា អនុលោមតាមមាត្រា ៧(១) នៃក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មរណភាពរបស់ជនល្មើសត្រូវរលត់បណ្តឹងអាជ្ញាប្រឆាំងនឹងជននោះ។ អនុលោមតាមវិធាន ២៣ស្ទួន (៦) នៃវិធានផ្ទៃក្នុងដំណើរការនីតិវិធីបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹង ជនជាប់ចោទនៅអវតក ត្រូវបញ្ចប់នីពេលមរណភាព របស់ជនជាប់ចោទ។ ហេតុដូច្នេះហើយបានជាអង្គជំនុំជម្រះតុលាការកំពូលយល់ឃើញថា តាមច្បាប់កម្ពុជា និងវិធានផ្ទៃក្នុងរបស់អវតក មរណភាពរបស់ នួន ជា មានអនុភាពរលត់បណ្តឹងអាជ្ញា និងបញ្ចប់បណ្តឹងរដ្ឋប្បវេណីចំពោះរូបគាត់នៅចំពោះមុខនៃអង្គជំនុំជម្រះ។
លោកប្រធានផ្នែកកិច្ចការសាធារណៈរូបនេះ បានពន្យល់បន្តថា ចាប់ពីពេលនេះ សំណុំរឿង នួន ជា ត្រូវបានបិទបញ្ចប់នៅចំពោះមុខតុលាការខ្មែរក្រហម ហើយចំពោះសំណើរបន្ទាន់របស់ក្រុមមេធាវី នួន ជា ពាក់ព័ន្ធនឹងផលប៉ះពាល់លើកិច្ចដំណើរការនីតិវិធីបណ្តឹងនៃមរណភាពរបស់ នួន ជា នៅពេលចេញសាលដីកា នឹងត្រូវអង្គជំនុំជម្រះតុលាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងសម្រេច នៅក្នុងពេលវេលាសមស្របខាងមុខ។
សូមបញ្ជាក់ថា នួន ជា កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ មានតួនាទីជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា សមាជិកគណៈ កម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ និងបានជំនុំជម្រះក្តីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕