(មណ្ឌលគិរី)៖ លោក សៀក មុន្នី អភិបាលស្រុកអូររាំង ដែលទើបប្រកាសតែងតាំងថ្មី ត្រូវបានមន្រ្តីរាជការស្រុកអូររាំងមួយចំនួន អះអាងថា អភិបាលស្រុករូបនេះ កំពុងឈូសឆាយផ្លូវក្នុងព្រៃមួយខ្សែ ទទឹងមិនក្រោម២០ម៉ែត្រ ឈូសកាត់ព្រៃឈើ និងដើមស្រល់រាប់យរយពាន់ម៉ែត្រ ដោយមិនបាច់មានការអនុញ្ញាត ពីក្រសួង ឬរដ្ឋបាលសាលាខេត្តមណ្ឌលគិរីនោះឡើយ។
សកម្មភាពឈូសឆាយនេះ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ បើតាមការលើកឡើងពីមន្រ្តីរាជការ និងសហគមន៍នៅក្នុងតំបន់នេះ បានឲ្យដឹងថា ការឈូសឆាយធ្វើផ្លូវកណ្តាលព្រៃឈើបែបនេះ អាចក្នុងបំណងឈូសឆាយទៅកន្លែងដីរបស់ពួកគេ លួចបោះបង្គោលរំលោភយកដីរដ្ឋមកធ្វើកម្មសិទ្ធិ។
នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ អ្នកបើកបរគ្រឿងចក្រឈូសឆាយអាប៊ុល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លោក សៀក មុន្នី អភិបាលស្រុក ជាបញ្ជាឲ្យឈូសឆាយដីព្រៃ និងឈូសឆាយដីព្រៃ ព្រមទាំងឈូសឆាយដើមស្រល់នេះ និងមានទីតាំងមួយចំនួនទៀតលោក សៀក មុន្នី ក៏បញ្ជាឲ្យឈូសឆាយដើមស្រល់កប់បំបាត់ភស្តុតាងផងដែរ។
ភ្លាមៗ លោកអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានកំពុងបញ្ជាឲ្យនាយខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី លោក អ៊ុ វណ្ណសុភៈ និងលោក ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្ត ដឹកនាំកំលាំង ចុះឃាត់ចាប់គ្រឿងចក្រកំពុងធ្វើសកម្មភាពនៅទីតាំងខាងលើ និងកោះហៅលោក សៀក មុន្នី អភិបាលស្រុកអូររាំង មកសួរនាំជុំវិញបញ្ហានេះ។
ដោយឡែកភ្នាក់ងារ Fresh News មិនអាចសុំការបកស្រាយពីលោកបានទេនៅល្ងាចម្សិលមិញ៕