(តាកែវ)៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ អាហារដ្ឋាន និងភោជនីយដ្ឋាននានា សូមកុំដំឡើងថ្លៃនៅក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីធ្វើយ៉ាងណា កាត់បន្ថយការចំណាយរបស់ក្មួយៗសិស្សានុសិស្ស ដែលមកប្រឡង។

យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តតាកែវស្ដីពី ការណែនាំម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន កុំតម្លើងថ្លៃបន្ទប់ និងអាហារនៅក្នុងឱកាសប្រឡងបាក់ឌុប ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយលោក អ៊ូច ភា បានឲ្យដឹងថា ដើម្បីចូលរួមធានាការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិខាងមុខ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងភាពយុត្តិធម៌ និងប្រព្រឹត្តទៅដោយភាពរលូន ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព រដ្ឋបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍ខេត្ត អាជ្ញាធក្រុងដូនកែវ អាជ្ញាធស្រុកត្រាំកក់ និងស្រុកទ្រាំង ត្រូវសហការចុះណែនាំដល់សណ្ឋាគារ ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន កុំឲ្យតម្លើងថ្លៃបន្ទប់ និងអាហារចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។

រដ្ឋបាលខេត្តតាកែវ ក៏បានណែនាំដល់អាជ្ញាធ ត្រូវចុះទៅណែនាំ និងធ្វើកិច្ចសន្យាឲ្យផ្អាកដំណើរការ ចំពោះអាជីវកម្មថតចំលង ដែលនៅជិតមណ្ឌលប្រឡង រយៈពេល២ថ្ងៃ នៃការប្រឡង និងបានណែនាំដល់មន្ទីរសុខាភិបាល អាជ្ញាធមានសមត្ថកិច្ច ត្រូវត្រៀមគ្រូពេទ្យ ថ្នាំសង្កូវ រថយន្តសង្រ្គោះបន្ទាន់ និងត្រៀមកំលាំងការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ នៅថ្ងៃប្រឡងឲ្យបានល្អប្រសើរ ជាពិសេសអាជ្ញាធ ត្រូវរៀបចំកន្លែងផ្ញើកង់ម៉ូតូ រថយន្តរបស់សិស្ស ដោយមិនយកកម្រៃ និងធានារបៀបរៀបរយ និងសុវត្ថិភាពផងដែរ។

ដោយឡែកនៅក្នុងកិច្ចប្រជុំគណៈបញ្ចាការឯកភាពខេត្តនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៩នេះ លោក អ៊ូច ភា ក៏បានធ្វើការណែនាំ ដល់មន្ទីរអង្គភាពជុំវិញខេត្ត បង្កភាពងាយស្រួល ដោយផ្តល់កន្លែងស្នាក់នៅក្នុងអង្គភាពរបស់ខ្លួនដល់ប្អូនៗ ដែលមកប្រលង ដើម្បីឲ្យក្មួយកាត់បន្ថយការចំណាយលើការស្នាក់នៅ។

នៅក្នុងឱកាសនោះលោកអភិបាលខេត្តតាកែវ ក៏បានប្រកាសយកសាលប្រជុំថ្មី របស់សាលាខេត្តតាកែវ សម្រាប់ឲ្យប្អូនសិស្សានុសិស្សមួយចំនួន ដែលមកប្រឡងស្នាក់នៅផងដែរ។

គួបញ្ជាក់ថា សម្រាប់ខេត្តតាកែវ មានបេក្ខជនប្រឡងចំនួន ១១០០៨នាក់ មានការកើនឡើងបន្តិចបន្តួច ជាងឆ្នាំ២០១៨ មានមណ្ឌលប្រឡង ១៧មណ្ឌល នៅក្នុងស្រុកក្រុងចំនួន៣ គឺក្រុងដូនកែវ ស្រុកត្រាំកក់ និងស្រុកទ្រាំង និងមានបន្ទប់ប្រឡងចំនួន៤៤៣៕