(ភ្នំពេញ)៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ​ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩ នឹងចូលមកដល់។

នៅថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមរយៈ Facebook របស់ខ្លួនថា នៅព្រឹកនេះ ប្រធាន​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រចាំ​រាជធានី​ខេត្ត​បាន​មក​ទទួលផ្ទៀងផ្ទាត់ និង​ដឹកជញ្ជូន​ហឹប​ប្រធាន​វិញ្ញាសា ទៅ​កាន់​បណ្ដា​រាជធានី​ខេត្ត​រៀង​ៗ​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រឡង​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៩។

សូមជម្រាបថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧ មណ្ឌលមាន៤៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧០២៤នាក់ ស្រី៦០៤២១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២៣៤១នាក់ ស្រី៣៥១៣៦ នាក់មាន២៩១៥ បន្ទប់៕