(កណ្តាល)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែង នៅក្នុងបរិវេណវិទ្យាល័យសម្តេចសង្ឃរាជបួគ្រី ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ឆាន់និងទទួលទាន ដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ ២.៤០០ អង្គ/នាក់។

នៅក្នុងពិធីសម្ពោធ មានការចូលរួមជាអធិបតីពីលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ដេវីដ វ៉ីងហ្គល់វើដ នាយកប្រតិបត្តិ នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។ លោក ដេវីដ វ៉ីងហ្គល់វើដ បានថ្លែងថា «គម្រោងប៉មចម្រោះទឹកស្អាតនេះ នឹងមិនបញ្ចប់ត្រឹមនេះទេ ក្រុមហ៊ុននឹងបន្តគាំទ្រអង្គការ Planet Water ក្នុងការធ្វើទំហែទាំរយៈពេល៥ឆ្នាំក្រោយការដំឡើងនេះ ដែលនឹងផ្តោតទៅលើការត្រួតពិនិត្យ តាមដានគុណភាពទឹក ព្រមទាំងការអនុវត្តកម្មវិធីអប់រំអំពីសុខភាពអនាម័យ និងការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សា គាំពារប៉មចម្រោះទឹកនេះ»។

លោក ដេវីដ វ៉ីងហ្គល់វើដ បានបន្តទៀតថា «ក្រុមហ៊ុន កូកា-កូឡា មានមោទនភាព ដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក»។ លោកបានគូសបញ្ជាក់បន្តទៀតថា «ក្រុមហ៊ុនថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កិច្ចសហការគាំទ្រយ៉ាងពេញទំហឹង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានធ្វើការយ៉ាងជិតស្និទ្ធរៀបចំគម្រោងនេះ លេចជារូបរាងឡើង»

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន កូកា-កូឡា ដែលបានដំឡើងប៉មចម្រោះទឹកស្អាតនេះឡើងជូនដល់ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យសម្តេចសង្ឃរាជបួគ្រី ប្រើប្រាស់ ដែលបង្ហាញពីការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន។ លោកបានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកការផ្គត់ផ្គង់ទឹកស្អាតជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំងបួនរបស់រាជរដ្ឋាភិបាល ដែលក្នុងន័យនេះ លោកវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ មេត្តាជួយថែរក្សាប៉មទឹកនេះទាំងអស់គ្នា និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីឆ្លើយតបទៅនឹងការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាល័យ និងរាជរដ្ឋាភិបាល។

សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២៣ ដែលបានតម្លើងដោយក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័នដៃគូនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ដែលមានការតម្លើងប៉មចម្រោះទឹកស្អាត នៅតាមបណ្ដាសហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទាន។

ក្រុមហ៊ុនកូកា-កូឡាបានឱ្យដឹងថា ប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្តបន្ទាប់ៗទៀត ក្នុងគោលដៅជួយតំបន់ទីដាច់ស្រយាល ដែលកំពុងជួបបញ្ហាកង្វះទឹកស្អាតប្រើប្រាស់។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា បានឱ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន ២២ ដែលក្រុមហ៊ុនបានតម្លើងតាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន ៤៥លានលីត្រ សម្រាប់ប្រជាជនប្រមាណជាង ៤០,០០០នាក់ នៃ២៣សហគមន៍នៅទូទាំងកម្ពុជា៕