(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរ-អង្គភាពនានា ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ ជុំវិញស្រុកស្វាយជ្រំ យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយជ្រំ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ជាច្រើនរូប ចុះជួយស្រូវផលិតពូជលក់ របស់សហគមន៍កសិកម្មអង្គសាលា ស្ថិតនៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសហគមន៍នេះ ទូទាំងខេត្តមាន៣៦សហគមន៍ កំពុងស្ទូងផលិតពូជលក់លើផ្ទៃដី១០០ហិកតា។

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឲ្យដឹងថា គោលបំណងនៃការចុះជួយស្ទួងស្រូវស្ទូង របស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការនៅថ្ងៃនេះ គឺជាសញ្ញាបង្ហាញប្រាប់ថា រដូវបង្ករបង្កើនផលស្រូវ រដូវវស្សាឆ្នាំ២០១៩ ចាប់ផ្ដើមហើយ និងជំរុញឲ្យបងប្អូនប្រជាកសិករនៅទូទាំងខេត្ត រួសរាន់សាបព្រោះដកស្ទូង ស្រូវឲ្យបានទាន់ពេលវេលា ជាពិសេសដើម្បីជួយកាត់បន្ថយនូវការលំបាក និងការចំណាយផ្សេងៗ របស់ប្រជាកសិករ។

ភ្ជាប់ជាមួយនឹងការ ចុះជួយស្ទូងស្រូវជូនប្រជាពលរដ្ឋនេះដែរ លោកអភិបាលខេត្ត បានបើកម៉ាស៊ីនស្ទូងស្រូវ ដែលជាផលិតផលរបស់ប្រទេសជប៉ុន និងបានចែកពូជដំណាំរួមផ្សំដែលងាយដាំដុះ ធន់នឹងអាកាសធាតុ និងទទួលបានទិន្នផលខ្ពស់ ក្នុងរយៈពេលខ្លីជូនដល់ប្រជាសហគមន៍ នាពេលនោះផងដែរ៕