(កំពង់ឆ្នាំង)៖ ត្បិតតែករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស បានធ្លាក់ចុះជាងមួយខែមកនេះ ក្រសួងសុខាភិបាល ក៏នៅតែមិនបន្ថយដៃឡើយ ដោយបន្ដសកម្មភាពយ៉ាងសកម្ម ក្នុងការចុះមកបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺគ្រុនឈាមជាបន្ដបន្ទាប់។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា និង លោកសាស្រ្តាចារ្យឯកទេសជំងឺកុមារ បានចូលរួមបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺគ្រុនឈាមនៅខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត ប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ជំងឺគ្រុនឈាមនៅខេត្តកំពង់ឆ្នាំង មានចំនួន ៩៩០ករណី បានទទួលការថែទាំព្យាបាល ដោយពុំមានករណីស្លាប់នោះទេ ។

ជាងនេះទៅទៀត បន្ទាប់ពីមានការជំរុញ និងលើកទឹកចិត្តពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុបន្ថែមទៀត មន្រ្តីនៃមន្ទីរសុខាភិបាលខេត្ត បានបន្ដចុះអន្ដរាគមន៍ បង្ការជំងឺគ្រុនឈាមជាប់ជានិច្ចដូចជា៖ ការអប់រំចល័ត ដោយប្រើប្រាស់ប្រដាប់បំពងសំលេង ការអប់រំផ្ទាល់ជាមួយប្រជាពលរដ្ឋ ការចូលរួមចលនាសំអាតលំនៅឋាន និងសាលារៀន ។

លោកវេជ្ជបណ្ឌិត ថ្លែងបន្តថា «លើសពីនោះ យើងបានដាក់ថ្នាំអាបេត និងការបាញ់ថ្នាំសំលាប់មូសនៅតបន់មានហនិភ័យខ្ពស់ ធ្វើឱ្យជំងឺគ្រុនឈាមថយចុះ ចាប់សប្តាហ៍ទី២៩ ជាបន្តបន្ទាប់រហូតដល់សប្តាហ៍ទី៣២ ហើយបើធៀបពីសប្តាហ៍ទី២៨ មកដល់សប្តាហ៍ទី៣២ ដែលត្រូវសប្ដាហ៍ទី២នៃខែសីហានេះ មានការថយចុះ៣៨% ថយពីចំនួន១៥៦ករណី មកត្រឹម៥៩ករណី»

លោកបន្ថែមថា លទ្ធផលសម្រាប់កម្មវិធីគ្រុនឈាម ខែកក្កដា ឆ្នាំ២០១៩ គឺយើងបានចុះអនុវត្តការងារមួយចំនួនដូចជា៖

១៖ អប់រំផ្សព្វផ្សាយចល័ត ស្ដីពីគ្រោះថ្នាក់នៃជំងឺគ្រុនឈាម និងវិធានការទប់ស្កាត់បានចំនួន ២៥៣លើក លើ៥៦០ភូមិ ស្មើនឹង៦៥ ឃុំ/សង្កាត់

២៖ អប់រំផ្សព្វផ្សាយដោយផ្ទាល់ ស្ដីពីគ្រោះថ្នាក់នៃជំងឺគ្រុនឈាម និងវិធានការទប់ស្កាត់បានចំនួន០៨លើក ដោយមានការចែកមុងចំនួន ១,៣០០មុង ដល់អ្នកចូលរួមផ្សព្វផ្សាយអំពី វិធានការកាពារនៃជំងឺគ្រុនឈាម ។

៣៖ ការដាក់ថ្នាំអាបែតនៅតាមផ្ទះប្រជាពលរដ្ឋចំនួន ៦១,៥១៩ខ្នងផ្ទះ ស្មើនឹង ២២៤,៥៣០ ពាង/អាង ២៣៣ភូមិ ស្មើនឹង៥៨ឃុំ/សង្កាត់ ។

៤៖ ប្រើថ្នាំអាបេតអស់ចំនួន ៧,៨៤០គីឡូក្រាម

៥៖ ចុះបាញ់ថ្នាំមូស នៅតំបន់ដែលប្រឈមហានិភ័យខ្ពស់ចំនួន០៧លើក៕