(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជួបប្រជុំជាលើកទី២ ជាមួយបងប្អូនអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីដាក់បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជា នាសប្តាហ៍នេះ។

តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាលមាន ២ប្រភេទរួមមាន៖ តូបទោល និងតូបភ្លោះ ដែលគណៈកម្មការបានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំ ដោយមានទំហំតូបគំរូឯកភាពគ្នាតាមបទដ្ឋានបច្ចេកទេសគតិយុត្តិ។

លោក គួច ចំរើន បានថ្លែងទៅកាន់ក្រុមអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលថា តាមការឯកភាពរបស់គណៈកម្មការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីឱ្យបងប្អូន យកទៅសាងសង់តាមគំរូថ្មីមានរចនាបទ សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវ ដូច្នេះពេលបញ្ចប់កិច្ចប្រជុំនេះ បងប្អូនអាចរកជាងសាងសង់ដោយខ្លួនឯងបាន ហើយមន្ត្រីជំនាញរបស់យើងនៅរង់ចាំជួយសម្របសម្រួល ដើម្បីឱ្យការសាង សង់ប្រព្រឹត្តទៅដោយរលូន។

លោកបានបន្តថា «ការសាងសង់នៅពេលនេះ មានលក្ខណៈសមស្របព្រោះជារដូវភ្លៀង មិនសូវមានភ្ញៀវទេសចរ ហើយនៅរដូវប្រាំងខាងមុខ ភ្ញៀវទេសចរនឹងមកលេងកម្សាន្ត នៅខេត្តព្រះសីហនុច្រើន ដូច្នេះបងប្អូនត្រូវជម្រុញការសាងសង់ឱ្យបានលឿន ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលរដ្ឋបាលខេត្ត និងយកតំបន់ឆ្នេរអូរឈើទាលនេះ ជាកន្លែងបុណ្យឆ្លងឆ្នាំសកល ទន្ទឹមនិងដំណើរការសាងសង់តូប ត្រូវចូលរួមផលប៉ះពាល់អនាម័យបរិស្ថាន។ ថ្វីត្បិតយើងបានតូបគំរូល្អ យើងក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឱ្យតំបន់ឆ្នេរអូរឈើទាល ក្លាយជាតំបន់ទេសចរណ៍ដ៍ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ»