(ភ្នំពេញ) ៖ ក្រុមហ៊ុន ស៊ីងបាយអូថេក ខេមបូឌា ដែលទទួលបានការសហការជាមួយក្រសួងកសិកម្ម ដើម្បីដាំដើមឈើបំរើអោយផ្នែកឧស្សាហកម្មនៅតំបន់ដីព្រៃរបស់រដ្ឋ ទំហ៊ំ៣៤០០៧ហិកតា ស្ថិតនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបឹងចារ មានទីតាំងស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងមមាញឹកក្នុងការផលិតកូនឈើគ្រប់ប្រភេទដើម្បីយកទៅដាំបង្កើតជាគម្របព្រៃឈើឡើងវិញផង និង សំរាប់បំរើអោយផ្នែកឧស្សាហកម្មផលិតក្ដាកុងផ្លាកេ និងគ្រឿងសង្ហារឹមដែលបច្ចុប្បន្នកំពុងត្រូវបាននាំពីបរទេសយកមកផ្គត់ផ្គង់។

លោក សាន្ត សុខហ៊ាង មេការក្រុមហ៊ុនស៊ីងបាយអូថេក បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅស្ថានីយស្ដារព្រៃឈើឡើងវិញបឹងចារ បានអោយដឹងថា ក្រុមហ៊ុនទទួលបានការសហការពីក្រសួងកសិកម្មនៅឆ្នាំ២០១១ ហើយឆ្នាំ២០១២ ក្រុមហ៊ុនចាប់ផ្ដើមធ្វើការឈូសឆាយ និងបង្កាត់ពូជ ដើម្បីដាំកូនឈើឡើងវិញ គិតមកដល់ពេលនេះ គឺបានជិត១ម៉ឺនហិកតាហើយដោយកូនឈើដាំបាន៣-៤ឆ្នាំ មានប្រមាណ៤០០០ហិកតា ហើយនៅឆ្នាំ២០១៩នេះ ក្រុមហ៊ុនគ្រោងនឹងដាំអោយបាន៩៣០ហិកតា ដោយបច្ចុប្បន្នដាំបានខ្ទង់៦០០ហិកតាហើយ នឹងធ្វើការដាំជួសនៅលើទីតាំងដែលដាំកន្លងមក ហើយត្រូវភ្លើងឆេះអស់ប្រមាណ២០០០ហិកតាទៀត។

លោក ហ៊ាង បានអោយដឹងបន្ថែមថា កូនឈើដែលក្រុមហ៊ុនរបស់លោកដាំភាគច្រើន គឺដើមអាកាស្យា ដើមប្រេង ខ្យល់សំរាប់យកទៅផ្គត់ផ្គង់អោយរោងចក្រផលិតក្ដាកុងផ្លាកេ និងគ្រឿងសង្ហារឹមដែលបច្ចុប្បន្នក្រុមហ៊ុន មាន រោងចក្រផលិតក្ដាកុងផ្លាកេ និងគ្រឿងសង្ហារឹម៣ទីតាំងធំៗ ដែលកំពុងខ្វះវត្ថុធាតុដើមផលិត ហើយត្រូវនាំចូលពីក្រៅប្រទេស។ ក្រៅពីដាំដើមឈើបំរើអោយវិស័យឧស្សាហកម្ម ក្រុមហ៊ុនក៏ដាំដើមឈើប្រណីត ឈើលេខ១ និងឈើលេខ២ផងដែរ ដើម្បីរក្សាគម្របព្រៃឈើឡើងវិញ ដូចជាដើមគ្រញូង ដើមម៉ៃសាក់ និងដើមឈើប្រណីតជាច្រើនទៀត។ ចំណែកពូជកូនឈើដែលក្រុមហ៊ុនលោកយកមកដាំ គឺបណ្ដុះខ្លួនឯងតែម្ដងដោយក្រុមហ៊ុនមានស្ថានីយបណ្ដុះកូនឈើតាមស្តង់ដារ នៅក្នុងទីរួមខេត្តកំពង់ធំ មានអ្នកជំនាញមកពីប្រទេសចិនទៀតផង។ ដោយឡែករោងចក្រផលិតក្ដាកុងផ្លាកេដ៏ធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាមបច្ចុប្បន្ន ដោយសារក្រុមហ៊ុនខ្វះដើមអាកាស្យា ដើមប្រេងខ្យល់ និងដើមឈើក្រៅលំដាប់ថ្នាក់ក្នុងការផលិតក្រុមហ៊ុនក៏បានប្រមូលទិញដើមគយកមកធ្វើវត្ថុធាតុដើមផ្សំ ដើម្បីផលិតហើយក៏ចលនាអោយប្រជាពលរដ្ឋដាំដើមគសម្រាប់លក់អោយក្រុមហ៊ុនផងដែរ ព្រោះវាផ្ដល់ផល ចំណេញខាងផ្នែកសេដ្ឋកិច្ចខ្លាំង ដើមគងាយដាំឆាប់ធំ និងមិនពិបាកថែទាំ។

ក្រុមហ៊ុនស៊ីងបាយអូថេក ដែលបង្កើតឡើងដោយពាណិជ្ជករក្នុងស្រុក និងក្រុមហ៊ុនរបស់រដ្ឋាភិបាលកូរ៉េ និងក្រុមហ៊ុនចិនបានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែខ្វះដីសំរាប់ដាំកូនឈើផ្គត់ផ្គង់ផ្នែកឧស្សាហកម្ម ព្រោះដីក្រុមហ៊ុន ដែលទទួលបានមានតែជាង៣ម៉ឺនហិកតា កាត់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសហគមន៏នានា គឺនៅសល់តែជាង១ម៉ឺនហិកតាប៉ុណ្ណោះ ខណៈក្រុមហ៊ុនត្រូវការផ្ទៃដីខ្ទង់១០ម៉ឺនហិកតាទើបដាំផ្គត់ផ្គង់រោងចក្ររបស់ក្រុមហ៊ុនទាន់។

លោក សាន្ត សុខហ៊ាង បានអះអាងថា ក្រុមហ៊ុនស៊ីងបាយអូថេក ក្រៅពីរកស៊ីដាំដើមឈើឧស្សាហកម្ម និងផលិតក្ដាកុងផ្លាកេ និងគ្រឿងសង្ហារឹមក្រុមហ៊ុនក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៏ជាមួយរាជរដ្ឋាភិបាលដូចជាកសាង ផ្លូវខ្វាត់ខ្វែងនៅក្នុងតំបន់ និងកសាងផ្លូវមេថ្មីមួយខ្សែដែលតភ្ជាប់ពីស្រុកកំពង់សៀម ម្ដុំភ្នំស្រីភ្នំប្រុសឆ្ពស់ទៅកាន់ស្រុកសំបូរ ខេត្តក្រចេះ មានចម្ងាយជាង១០០គីឡូម៉ែត្រ ហើយគ្រោងនឹងកសាងបន្តទៅភ្ជាប់នឹងផ្លូវជាតិលេខ៩ ខេត្តស្ទឹងត្រែងជាបន្តទៀត ហើយបច្ចុប្បន្នក្រុមហ៊ុនកម្មករខ្មែរបំរេីការជាង២០០០នាក់ ហេីយនាពេលអនាគត ក្រុមហ៊ុនត្រូវការបុគ្គលិក កម្មកររហូតដល់ទៅ១០មុឺននាក់ឯណោះ។៕